សហជីព​សុំ​ធ្វើ​វិសោធនកម្ម​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព

សហជីព​ក្នុង​ប្រទេស​កម្ពុជា សុំ​លុប និង​កែ​តម្រូវ​មាត្រា​មួយ​ចំនួន​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព ដែល​ព្រាង​ដោយ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។

0:00 / 0:00

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែ​កក្កដា​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព ត្រូវ​បាន​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ផ្ញើ​មក​ឲ្យ​គ្រប់​សហជីព​នានា​ពិនិត្យ​ច្បាប់​នេះ មាន​រយៈ​ពេល​ខ្លី​ពេក។ ក្រសួង​តម្រូវ​ឲ្យ​សហជីព​សុំ​កែ​តម្រូវ​នានា​ក្នុង​ច្បាប់​នេះ​មិន​ឲ្យ​ហួស​ថ្ងៃ​ទី​៣០ ខែ​កក្កដា​ទេ។ លោក​បាន​ចោទ​ថា ក្រសួង​ការងារ​ហាក់​ចាប់​បង្ខំ​ឲ្យ​សហជីព​កម្មករ​ទាំង​អស់ ត្រូវ​ទទួល​យក​សេចក្ដី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព​នេះ។

លោក​បន្ត​ថា ក្នុង​ជំពូក​ទី​៣ និង​មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ ហាក់​កៀប​សង្កត់​តែ​មក​លើ​សហជីព​ដែល​ធ្វើការ​បម្រើ​កម្មករ​ពិត​ប្រាកដ។ ប៉ុន្តែ​សេចក្ដី​ព្រាង​ច្បាប់​នោះ​បែរ​ជា​ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ​ទៅ​ថៅកែ និង​ក្រសួង​របស់​រដ្ឋ​ទើប​អាច​បង្កើត​សហជីព​បាន​​ងាយ​ស្រួល។

លោក អាត់ ធន់ មាន​ប្រសាសន៍​ដូច្នេះ ៖ «ដើម្បី​បង្កើត​សហជីព​បាន កម្មករ​ត្រូវ​មាន​គ្នា​យ៉ាង​តិច ២០​នាក់ ហើយ​ត្រូវ​បាន​បង់​លុយ​តាម​រយៈ​ក្រុមហ៊ុន។ អ៊ីចឹង​មាន​ន័យ​ថា ក្រុមហ៊ុន​ដែល​កម្មករ​នៅ​ហ្នឹង គឺ​វា​ពិត​ជា​មាន​ការ​លូក​លាន់​នៅ​ក្នុង​សហជីព​ហើយ។ គាត់​បង្កើត​ម៉េច​បាន បើ​ក្រុមហ៊ុន​គាត់​មិន​ចង់​ឲ្យ​បង្កើត គាត់​ម៉េច​ចេញ​អា​កាត​លុយ​នោះ​ឲ្យ»

លោក អាត់ ធន់ មិន​បាន​ប្រាប់​ពី​មាត្រា​ក្នុង​ជំពូក​ណា​ខ្លះ​ដែល​សហភាព​ការងារ​កម្ពុជា សុំ​លុប និង​កែ​តម្រូវ​នោះ​ទេ។

ចំណែក​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា លោក ជា មុនី ថ្លែង​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ច្បាប់​ស្តី​ពី​សហជីព នៅ​ពេល​អនុម័ត​រួច​សហជីព​នានា​អាច​នឹង​បិទ​ទាំង​អស់ ក្រៅ​ពី​រដ្ឋាភិបាល និង​ថៅកែ​ជា​អ្នក​បង្កើត​សហជីព។

លោក ជា មុនី មាន​ប្រសាសន៍​ថា ៖ «ច្បាប់​នេះ​ភាគ​ច្រើន​មិន​តម្រូវ​ឲ្យ​មាន​ចលនា​សហជីព​ខ្លាំងក្លា​ទេ។ ជា​ទូទៅ​គឺ​តម្រូវ​ទៅ​លើ​និយោជក​ច្រើន​ជាង ហើយ​ច្បាប់​នេះ​ទៀត​សោត ខាង​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា គឺ​មិន​ស្វាគមន៍​ទេ នៅ​មាត្រា​មួយ​ចំនួន​ដែល​យើង​ឃើញ​ថា គឺ​កម្មករ​កម្មការិនី​នឹង​ត្រូវ​បាត់​បង់​ទៅ​នឹង​សហជីព​របស់​គាត់​ហើយ»

ប្រធាន​សភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​ថ្លែង​ថា មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព​នេះ បាន​រឹត​បន្តឹង​សេរីភាព​សហជីព និង​ថ្នាក់​ដឹង​នាំ​សហជីព​ផង​ដែរ។

លោក រ៉ុង ឈុន ថ្លែង​ដូច្នេះ ៖ «ពីព្រោះ​យើង​បាន​ទាមទារ​ឲ្យ​លុប​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់ ហើយ​និង​កែ​លម្អ​នូវ​ខ្លឹមសារ​ក្នុង​មាត្រា​ខ្លះ​ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ធានា​ដល់​សេរីភាព និង​ថ្នាក់​ដឹក​នាំ​សហជីព ​គ្រប់​លំដាប់​ថ្នាក់»

មន្ត្រី​សម្រប​សម្រួល​គម្រោង​ថ្នាក់​ជាតិ​ផ្នែក​គម្រោង​អប់រំ​សហជីព លោក យឹម សេរីវឌ្ឍនៈ បាន​ថ្លែង​ថា ខាង​សហជីព​ចង់​ឲ្យ​ច្បាប់​សហជីព​នោះ​គ្រប​ដណ្ដប់​ទៅ​លើ​ទាំង​កម្មករ ទាំង​ថៅកែ ឲ្យ​បាន​ស្រប​ទៅ​តាម​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​សច្ចាប័ន​រួច​ហើយ គឺ​អនុសញ្ញា​លេខ​៨៧ និង​លេខ​៩៨។ ទី​២ គឺ​ឲ្យ​មាន​ការ​ផ្តល់​អំណាច​ទៅ​លើ​សហជីព​ដែល​មាន​ភាព​ជា​តំណាង​បំផុត​ឲ្យ​មាន​សិទ្ធិ​ចរចា​ជាមួយ​ថៅកែ ហើយ​ថៅកែ​ត្រូវ​តែ​ស្មោះត្រង់​ចូល​មក​ចរចា​ជាមួយ​តំណាង​បំផុត​នោះ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ការងារ​ក្តី ការ​សុំ​ដំឡើង​ប្រាក់​ខែ​ក្តី និង​សុខុមាលភាព​កម្មករ​ក្តី។ ទី​៣ បើ​មាន​សមាជិក​ចាប់​ពី ៦​នាក់​ឡើង​ទៅ គេ​អាច​សុំ​បង្កើត​សហជីព​បាន​ដើម្បី​ចរចា​រក​ផល​ប្រយោជន៍​ផ្សេងៗ ជាមួយ​និយោជក ឬ​ថៅកែ។ ទី​៤ ការ​កំណត់​ទោស​ទណ្ឌ ត្រូវ​កំណត់​ទោស​តាម​បុគ្គល មិន​ត្រូវ​ដាក់​កំហុស​ទៅ​លើ​អង្គការ​វិជ្ជាជីវៈ​នោះ​ទេ។ លោក​បន្ត​ថា ការ​សុំ​កែ​តម្រូវ និង​លុប​មាត្រា​ខ្លះ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នោះ ត្រូវ​បាន​ដាក់​ជូន​ទៅ​ក្រុម​ការងារ​របស់​ក្រសួង​នោះ​ហើយ កាល​ពី​ថ្ងៃ​២៦ ខែ​កក្កដា ឆ្នាំ​២០១០។

សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព​មាន ១៧​ជំពូក និង ៩១​មាត្រា៕