សង្គម​ស៊ីវិល​សាទរ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ឧត្ដម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ

ការ​គ្រប់គ្រង​នយោបាយ​ការពារ​ជាតិ​កម្ពុជា បាន​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​ស្ថាប័ន​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​អស់​រយៈពេល​ជិត ២០ឆ្នាំ​មក​ហើយ។

0:00 / 0:00

កាល​ពី​ថ្ងៃ​ទី២៨ កញ្ញា ឆ្នាំ​២០១២ គណៈរដ្ឋមន្ត្រី​កម្ពុជា បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​កម្ពុជា ដើម្បី​ទទួល​ខុស​ត្រូវ​លើ​ការងារ​សំខាន់ៗ​ក្នុង​នយោបាយ​ការពារ​ជាតិ​របស់​កម្ពុជា។ ការ​អនុម័ត​នេះ ត្រូវ​បាន​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ចាត់​ទុក​ថា ជា​សញ្ញាណ​វិជ្ជមាន​មួយ​ក្នុង​វិស័យ​ការពារ​ជាតិ​នៅ​កម្ពុជា។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ នៅ​ថ្ងៃ​ទី២៩ កញ្ញា មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ ដោយ​សារ​តែ​ច្បាប់​នេះ​ជា​យន្តការ​សំខាន់ សម្រាប់​រៀបចំ​យុទ្ធសាស្ត្រ​នយោបាយ​ការពារ​ជាតិ​កម្ពុជា។ លោក​បន្ត​ថា នៅ​ក្នុង​រយៈ​ពេល​ដែល​កម្ពុជា មិន​ទាន់​មាន​ច្បាប់​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ កម្ពុជា​បាន​ជួប​ប្រទះ​នូវ​ការ​លំបាក​ជាច្រើន នៅ​ក្នុង​គោល​នយោបាយ​ការពារ​ជាតិ ដូចជា​ការ​រៀបចំ​យុទ្ធសាស្ត្រ​ការពារ​បូរណភាព​ទឹកដី និង​ការ​អនុវត្ត​តួនាទី សមត្ថកិច្ច របស់​កង​យោធពល​ខេមរភូមិន្ទ​ជាដើម។

លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា កងទ័ព​កម្ពុជា​នឹង​មាន​កិត្តិសព្ទ​ល្បី​ខ្ទរខ្ទារ​នៅ​លើ​សកលលោក ប្រសិន​បើ​ច្បាប់​ស្ដីពី​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ ត្រូវ​បាន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការ​ទទួល​ខុស​ត្រូវ៖ «ដល់​ទៅ​មាន​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​ហ្នឹង អាច​មាន​សំឡេង​តែ​មួយ ហើយ​នឹង​កន្លែង​គិតគូរ​តែ​មួយ ទាំង​ការ​ទូត និង​កិច្ច​ការពារ (ក្នុង​យោធា) ពេល​ហ្នឹង គឺ​អាច​ចាត់​តាំង​នៅ​សេនាធិការ​មួយ»

លោក ឡៅ ម៉ុងហៃ បន្ត​ថា កាល​ពី​រយៈពេល​ដែល​ថៃ លើក​ទ័ព​ឈ្លាន​ពាន​ចូល​ទឹកដី​កម្ពុជា កងទ័ព​កម្ពុជា នៅ​មិន​ទាន់​ត្រៀម​ខ្លួន​ការពារ​ជាតិ​បាន​រួច​រាល់​នៅ​ឡើយ ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ទប់ទល់។

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ស្ដីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី២៨ កញ្ញា ឆ្នាំ​២០១២ បង្ហាញ​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ ជា​ច្បាប់​រៀបចំ​អង្គការ​កំពូល ទាក់​ទង​ជាមួយ​នឹង​ស្ថាប័ន​ព្រះមហាក្សត្រ និង​ស្ថាប័ន​នីតិប្រតិបត្តិ ដើម្បី​ទទួល​ខុស​ត្រូវ​លើ​ការងារ​សំខាន់ៗ ក្នុង​ការ​ធានា​រដ្ឋធម្មនុញ្ញ ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ភាព បូរណភាព​ទឹកដី និង​ការ​ធានា​ការ​អនុវត្ត​តួនាទី ភារកិច្ច សមត្ថកិច្ច របស់​កង​យោធពល​ខេមរភូមិន្ទ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ច្បាប់​ថ្មី​នេះ​ហាក់​ដូច​ជា​យឺត​ពេល​បន្តិច​ហើយ។ លោក​បន្ត​ថា ច្បាប់​នេះ បើ​សិន​ជា​បង្កើត​មុន​កងទ័ព​ថៃ ចូល​ឈ្លាន​ពាន​តំបន់​ប្រាសាទ​ព្រះវិហារ ពិត​ជា​អាច​ឲ្យ​កម្ពុជា អនុវត្ត​នយោបាយ​ការពារ​ជាតិ​បាន​ប្រសើរ​ជាង​ពេល​កន្លង​ទៅ។ តែ​ទោះ​យ៉ាង​ណា លោក​រំពឹង​ថា ច្បាប់​ថ្មី​នេះ​នឹង​អាច​ផ្តល់​កិត្យានុភាព​សម្រាប់​កងទ័ព​កម្ពុជា ឲ្យ​សក្ដិសម​ជា​ប្រទេស​មាន​កង​កម្លាំង​ដ៏​ខ្លាំងក្លា​សម្រាប់​ការពារ​ជាតិ។

តាម​រយៈ​ការ​ប្រយុទ្ធ​ជាមួយ​ទ័ព​ថៃ នា​ពេល​កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទ័ព​ក្នុង​នាម​ឧត្តមសេនីយ៍​ផុត​លេខ អាច​មាន​សិទ្ធិ​បញ្ជា​កម្លាំង​គ្រប់​ប្រភេទ ដើម្បី​ការពារ​ជាតិ។

រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ចែង​ថា ព្រះមហាក្សត្រ​ជា​អគ្គមេបញ្ជាការ​កំពូល នៃ​កង​យោធពល​ខេមរភូមិន្ទ។ ចំពោះ​សមាសភាព​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ ក៏​មាន​ព្រះមហាក្សត្រ​ជា​ព្រះអធិបតី នាយក​រដ្ឋមន្ត្រី ជា​អនុប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​ជាតិ និង​មន្ត្រី​រដ្ឋាភិបាល ជា​សមាជិក។ ច្បាប់​ថ្មី​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​ដាក់​ឲ្យ​រដ្ឋសភា​អនុម័ត​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។