មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ថា ក្រសួងមហាផ្ទៃកំពុងពិនិត្យ និងកែប្រែចំណុចមួយចំនួននៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការ សមាគមមិនមែនរដ្ឋាភិបាល បន្ទាប់ពីមានការស្នើសុំពីអង្គការសង្គមស៊ីវិលជាច្រើននៅពេលកន្លងមក។
លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានទទួលសេចក្ដីព្រាងច្បាប់នេះពីទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីសប្ដាហ៍មុន។ លោកបញ្ជាក់ថា ចំណុចសំខាន់ដែលគណៈកម្មការនឹងពិនិត្យមើលឡើងវិញមានពីរសំខាន់ ទី១ បញ្ហាចុះឈ្មោះរបស់សមាគមអង្គការមិនមែនរដ្ឋាភិបាល ទី២ ការធ្វើរបាយការណ៍ប្រចាំឆ្នាំ ដែលបញ្ហាទាំងពីរនេះមានការស្នើសុំធ្វើឲ្យកែប្រែពីអង្គការសមាគមជាច្រើនបានដាក់លិខិតស្នើសុំទៅក្រសួងមហាផ្ទៃ។
លោក ខៀវ សុភ័គ បញ្ជាក់ថា ៖ «មានចំណុចមួយគាត់លើកឡើងថា មិនបាច់សហការជាមួយរដ្ឋាភិបាលទេ ប៉ុន្តែចំណុចនេះមិនអាចទទួលយកបានទេ ពីព្រោះថា បើសិនជាអង្គការមិនមែនរដ្ឋាភិបាលមិនសហការជាមួយរដ្ឋាភិបាល ពិសេសអង្គការបរទេស តើគេចូលប្រទេសកម្ពុជា ដោយរបៀបម៉េច?»។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោកសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងធ្វើការកែប្រែខ្លឹមសារនៅក្នុងសេចក្ដីព្រាងច្បាប់នេះបន្ថែមទៀត ដូចជានីតិវិធីនៃការចុះឈ្មោះ រដ្ឋាភិបាលគួរតែទុកជម្រើសនៃការចុះបញ្ជីនេះឲ្យអង្គការ សមាគម មានន័យថា បើគេចង់ចុះបញ្ជីក៏បាន មិនចង់ចុះបញ្ជីក៏បាន ហើយបើកាលណាដាក់កំណត់ថា អង្គការសមាគមទាំងអស់ត្រូវតែចុះបញ្ជីដូចនៅក្នុងសេចក្ដីព្រាងច្បាប់នេះ វាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សមាគមក្រៅប្រព័ន្ធនៅតាមជនបទ។
មន្ត្រីទំនាក់ទំនងនៃអង្គការអុកស្វាម (Oxam) អាមេរិក លោក ស៊ាង សុលក្ខណ៍ មានប្រសាសន៍ថា ការកែប្រែឡើងវិញលើចំណុចការចុះបញ្ជី និងការធ្វើរបាយការណ៍នេះ ជាចំណុចវិជ្ជមានមួយ ប្រសិនបើក្រសួងធ្វើទៅតាមការស្នើសុំរបស់អង្គការសង្គមស៊ីវិល ពីព្រោះថា ការងាររបស់អង្គការសង្គមស៊ីវិលនៅពេលបច្ចុប្បន្ន គឺជាផ្នែកមួយនៃការជួយអភិវឌ្ឍន៍ប្រទេសជាតិ។
លោក ស៊ាង សុលក្ខណ៍ បន្ថែមថា ៖ «ឃើញថា មតិយោបល់មួយចំនួនរបស់អង្គការសង្គមស៊ីវិលខាងរដ្ឋាភិបាល លោកបានយកដាក់បញ្ចូលមួយចំនួនហើយ ប៉ុន្តែនៅមានមួយចំនួនទៀតនោះលោកមិនទាន់យកដាក់នៅឡើយ»។
សេចក្ដីព្រាងច្បាប់លើកទី៣ កាលពីខែកក្កដា កន្លងទៅ ក្រសួងមហាផ្ទៃ បានធ្វើការកែប្រែចំណុចមួយចំនួន ដូចជា ក្រសួងពិនិត្យមើលលើសំណុំលិខិតសុំចុះឈ្មោះរយៈពេល ៩០ថ្ងៃ គេបន្ថយមកនៅ ៣៥ថ្ងៃវិញ និងចំណុចមួយចំនួនទៀត។ ទោះបីជាយ៉ាងនេះក្ដី ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងថា រដ្ឋាភិបាលគួរតែធ្វើការកែប្រែខ្លឹមសារច្បាប់នេះបន្ថែមទៀត ដូចជាការធ្វើរបាយការណ៍លក្ខន្តិកៈបង្កើតសមាគម អង្គការ ការកំណត់ពន្ធអាករក្នុងការចុះបញ្ជីជាដើម។
សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា បានចេញលិខិតមួយច្បាប់កាលពីថ្ងៃទី៩ កញ្ញា សាទរចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីសមាគមអង្គការមិនមែនរដ្ឋាភិបាល ដែលក្រសួងមហាផ្ទៃ កំពុងពិនិត្យកែសម្រួល និងពិចារណាឡើងវិញនោះ ជាការឆ្លុះបញ្ចាំងនូវសុឆន្ទៈរបស់រដ្ឋាភិបាលក្នុងការប្រកាន់យកការសម្របសម្រួលជាមួយស្ថាប័នអង្គការមិនមែនរដ្ឋាភិបាលដើម្បីធ្វើការជាមួយគ្នា។
សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលរៀបចំដោយរដ្ឋាភិបាលមាន ១១ជំពូក និង ៥៨មាត្រា។ សេចក្ដីព្រាងច្បាប់នេះបានកំណត់ថា ការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវរៀបចំលក្ខន្តិកៈរបស់ខ្លួន មានទីស្នាក់ការកណ្ដាលនៅក្នុងប្រទេសកម្ពុជា និងមានការកំណត់ថ្លៃអាករចុះបញ្ជីជាដើម៕