ប្រវត្តិ​ទំនាក់ទំនង​រវាង​សត្វ​នាគ​និង​ពលរដ្ឋ​ខ្មែរ

នាគ​គឺជា​ឈ្មោះ​សត្វ​ពស់​ធំ​ម្យ៉ាង​ដែល​តំណាង​ឲ្យ​ឆ្នាំ​កំណើត​របស់​មនុស្ស​ដែល​គេ​ហៅថា ឆ្នាំរោង។
ដោយ​ វោហារ ជាតិ
2012-04-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រូប​នាគ ៣០៥
កុមារា​កុមារី​ជ្រក​ម្លប់​រូប​តំណាង​នាគរាជ នៅ​វត្ត​ច្បារអំពៅ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​​ទី​១១ ខែ​មេសា ឆ្នាំ​២០១២។
RFA/Vohar Cheath

ឆ្នាំ​រោង​ជា​ឆ្នាំ​មួយ​ក្នុង​ចំណោម​ឆ្នាំ​សត្វ​តំណាង​ទាំង​១២។ ក៏ប៉ុន្តែ​ចម្លែក​ត្រង់​ថា គេ​មិន​ដែល​ឃើញ​មាន​សត្វ​នាគ​មែន​ទែន​រស់​នៅ​ក្នុង​ជីវិត​មនុស្ស​ជាក់ស្ដែង ដូចជា​សត្វ​ផ្សេងៗ​ទៀត​ដែល​តំណាង​ឲ្យ​ឆ្នាំ​មនុស្ស​ចំនួន ១១​នោះ​ឡើយ គឺ​គេ​គ្រាន់តែ​ឃើញ​មាន​រូប​នាគ ដែលគេ​សង់​ជា​និមិត្តរូប​នៅ​តាម​ប្រាសាទ​បុរាណ​នានា តាម​ទី​សាធារណៈ​សំខាន់ៗ​តែប៉ុណ្ណោះ។

នៅ​ពេល​ដែល​សួរ​ថា តើ​នៅ​ក្នុង​លោក​នេះ​មាន​សត្វ​នាគ​មែន ឬ​យ៉ាង​ណា? ក្រុម​អ្នក​បុរាណវិទ្យា​បាន​ផ្ដល់​ចម្លើយ​ស្ទាក់ស្ទើរ​ថា ប្រហែល​ជា​មាន ឬ​ក៏​ប្រហែល​ជា​អត់។

មាន​ការ​អះអាង​តៗ​គ្នា​ថា មាន​មនុស្ស​ខ្លះ​ធ្លាប់​បាន​ឃើញ​សត្វ​នាគ ជា​អាទិ៍ លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ បាន​អះអាង​ថា លោក​ធ្លាប់​ឃើញ​សំណាក​ឆ្អឹង​នាគ​នៅ​ប្រទេស​អាល្លឺម៉ង់ (Germany)។ ជាង​នេះ​ទៅ​ទៀត​នោះ លោក​បញ្ជាក់​ថា ខ្លួន​លោក​ផ្ទាល់​ក៏​ធ្លាប់​ឃើញ​នាគ​ដែរ កាល​ពី​កុមារភាព​នៅ​ស្រុក​កំណើត​របស់​លោក ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង។

លោក ជុច ភឿន៖ «រឿង​នេះ​ខ្ញុំ​បាន​ទៅ​ប្រទេស​អាល្លឺម៉ង់ គេ​បាន​តាំង​ក្នុង​សារមន្ទីរ​គេ គឺ​នាគ​សមុទ្រ​តែម្ដង ហើយ​គេ​មាន​ទាំង​ឆ្អឹង​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ជា​រូប​នាគ​មាន​ជាក់ស្ដែង​នៅ​ក្នុង​សមុទ្រ។ ខ្ញុំ​នៅ​ក្មេងៗ​ខ្ញុំ​ធ្លាប់​ឃើញ​ភ្នែក​តែម្ដង ហើយ​ប្រជាជន​ខ្មែរ​ហៅ​ថា ពស់​អ្នកតា។ ពស់​អ្នកតា​ហ្នឹង​មិន​វែង​ទេ ប្រវែង​មួយ​ម៉ែត្រ មួយ​ម៉ែត្រ​ជាង។ មាន​ភ្នែក​ធំ​មាន​ត្រចៀក​ពណ៌​ក្រហម​ឆេះ ដែល​ខ្ញុំ​ជឿ​ថា នឹង​ជា​នាគ ខ្ញុំ​ធ្លាប់​បាន​ឃើញ​កាល​នៅ​ខ្ញុំ​នៅ​ក្មេង»

ទោះ​យ៉ាងណា​ទាំង លោក ជុច ភឿន ទាំង​អ្នក​បុរាណវិទ្យា​ខ្មែរ​បាន​រំលឹក​ថា ក្រៅពី​នេះ ខ្មែរ​ក៏​មាន​រឿង​ព្រេង​ខ្លះ​ទៀត​ទាក់ទង​នឹង​នាគ​នេះ​ដែរ។ ដូចជា​រឿង​ជាតក ដែល​ពាក់ព័ន្ធ​រឿង​ដំណើរ​ជីវិត​ព្រះពុទ្ធ​ប្រវត្តិ និង​រឿងនិទាន «ព្រះថោង​នាងនាគ» ដែល​គេ​ជឿ​ថា ជា​បុព្វការី​ជន​របស់​ជនជាតិ​ខ្មែរ​សព្វថ្ងៃ​នេះ។

លោក​អនុបណ្ឌិត អ៊ឹម បុរិន្ទ ជំនួយការ​ធម្មការ និង​សាសនា នៃ​គណៈកម្មាធិការ​បុណ្យជាតិ និង​អន្តរជាតិ។ លោក​បាន​រំលឹក​ថា ប្រជាពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ​គឺ​មាន​អម្បូរ​ជា​សត្វ​នាគ ដោយ​លោក​យោង​លើ​រឿងព្រេង​និទាន​ខ្មែរ​មួយ​ឈ្មោះថា «ព្រះថោង​នាងនាគ» ដែល​កាលនោះ​នគរខ្មែរ​ស្ថិត​នៅ​ក្នុង​ឆ្នាំ​៥០ មុន​គ្រិស្តសករាជ មាន​ព្រះមហាក្សត្រ​ខ្មែរ​ដំបូងបង្អស់​រៀបការ​ជាមួយ​សត្វ​នាគ ហើយ​បាន​កើត​កូន​ពូន​ជា​ចៅ​ពូជផៅ​ខ្មែរ​មក​ទល់​សព្វថ្ងៃ​នេះ។

លោក អ៊ឹម បុរិន្ទ៖ «បើ​យើង​និយាយ​ពី​ព្រះថោង​នាងនាគ បានន័យ​ថា តាំង​ពី​បឋម​នៃ​ប្រទេស​ខ្មែរ​យើង បាន​ន័យ​ថា បឋម​ក្សត្រ​ខ្មែរ គឺ​ដូច​ឯកសារ​ខ្លះ​បាន​ប្រៀបធៀប​ព្រះនាង​លាវ​យី ដែល​ជា​ស្ដេច​បឋម​ក្សត្រ​របស់​យើង​ហ្នឹង គឺ​ទៅ​រឿង​ព្រះថោង​នាង​នាគ​ហ្នឹង​ដែរ។ យើង​ចង់​និយាយ​ថា ព្រះថោង​ជា​មនុស្ស​ទេ បាន​ជួប​នាង​នាគ ដែល​ប្រែក្រឡា​ជា​មនុស្ស​ហើយ​មក​លេង​ដី​គោក អ៊ីចឹង​ព្រះថោង​ក៏​ឃើញ​រួច​ក៏​ចាប់​ប្រតិព័ទ្ធ​ទៅ ក៏​ព្រមព្រៀង​ស្រឡាញ់​គ្នា ហើយ​បាន​ចុះទៅ​តាម​នាងនាគ​ឋាន​ភុជង្គនាគ នេះ​ជា​រឿង​ព្រេង​ទេ។ ក្រោយ​ពី​ជួប​គ្នា​ហើយ​ក៏​ស្ដេច​នាគ​ហ្នឹង​ព្រមព្រៀង រួច​ក៏​វិល​មក​នៅ​នគរ​ហ្នឹង​ទៅ»

ចំពោះ​លោក​ព្រឹទ្ធាចារ្យ ពេជ្រ ទុំក្រវិល ព្រឹទ្ធាចារ្យ​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ លោក ពេជ្រ ទុំក្រវិល ក៏​បាន​បញ្ជាក់​ថា លោក​មិន​ដឹង​ថា នាគ​មាន​ពិតមែន ឬ​គ្រាន់តែ​ជា​និមិត្តរូប ដែល​បុព្វបុរស​ខ្មែរ​បង្កើត​ឡើង​នោះ​ទេ។ ក៏ប៉ុន្តែ​លោក​ថា កូនខ្មែរ​ទំនង​ដូចជា​កើត​ពី​នាគ​ដូច​ដែល​រឿងនិទាន​ព្រេង​បុរាណ​មែន ព្រោះ​ថា​សព្វថ្ងៃ​នេះ នៅ​ក្នុង​ភាសាខ្មែរ​ក៏​ប្រើ​ពាក្យ​ថា «នាគ» នៅ​ពេល​គេ​ហៅ​មនុស្ស​ណា​ម្នាក់ ឬ​ក៏​នៅ​ពេល​គេ​រាប់​ចំនួន​មនុស្ស​ដោយ​ប្រើ​ពាក្យ​ថា «នាគ» ក្នុង​ន័យ​តំណាង​ឲ្យ​សត្វ​នាគ។

លោក ពេជ្រ ទុំក្រវិល៖ «ទាំង​គេ​ទាំង​ខ្ញុំ​ជឿ​ថា ពូជសាសន៍​គឺ​អម្បូរ​នាគ​នេះ​ឯង។ អ៊ីចឹង​ហើយ​បានជា​ទូទៅ​ខ្ញុំ​លើក​ជា​ឧទាហរណ៍​មួយ​ចុះ កាលណា​ខ្មែរ​រាប់​ចំនួន​មនុស្ស​ប្រើ​ពាក្យ​ថា មួយ​នាក់​ពីរ​នាក់ បាន​សេចក្ដី​ថា នាគ​មួយ​នាគ​ពីរ។ ពិត​មែន​កន្លែង​ខ្លះ​មាន​សំនៀង​ខុស​គ្នា​ខ្លះ ដូចជា​បងប្អូន​ខ្មែរ​នៅ​ខាង​ជើង​ភ្នំ​ដងរែក រហូត​មក​ដល់​បាត់ដំបង សៀមរាប គាត់​ច្រើន​និយាយ​ថា មួយ​នាគ​ពីរ​នាគ ហើយ​ខ្មែរ​នៅ​តំបន់​កណ្ដាល​ដូចជា ភ្នំពេញ កណ្ដាល កំពង់ឆ្នាំង ថា​មួយ​នាក់​ពីរ​នាក់ ហើយ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ថា សំនៀង​ខុសគ្នា​បន្តិច ម៉ាណាក ពីរណាក មាន​ខ្លះ​សង្កត់​ជាង​នេះ​ទៅទៀត គឺ​ម៉ាណាក់ ពីរណាក់ អ៊ីចឹង​តែ​ទាំងអស់​ហ្នឹង​គឺ​នៅ​ក្នុង​ន័យ​នាគ​មួយ​នាគ​ពីរ​នាគ​បី ដែល​រាប់​ចំនួន​មនុស្ស​របស់​ខ្មែរ​ហ្នឹង​ឯង»

ទោះ​យ៉ាងណា គេ​សង្កេត​ឃើញ​ថា និមិត្តរូប​នៃ​សត្វ​នាគ​សព្វថ្ងៃ​មាន​សណ្ឋាន​ខុស​គ្នា គឺ​នាគ​ខ្មែរ​មាន​រាង​ដូច​ពស់ រាង​ធំ​ហើយ​វែង មាន​ក្បាល​ដកពពារ។ ខុស​ពី​នាគ​ស្រុក​ចិន មាន​ជើង មាន​ក្រញាំ មាន​អណ្ដាត មាន​ព្រុយ​ពុក​មាត់​ជាដើម។

ក្រុម​អ្នក​បុរាណវិទ្យា​ខ្មែរ​បញ្ជាក់​ថា នាគ គឺ​សត្វ​មាន​អានុភាព​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ តែ​តំណាង​ឲ្យ​សេចក្ដី​ល្អ។ ព្រឹទ្ធាចារ្យ ពេជ្រ ទុំក្រវិល បញ្ជាក់​ថា នាគ ឬ​នាគរាជ បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ជីវភាព​រស់នៅ​ខ្មែរ​តាំងពី​បុរាណ​មកទល់​បច្ចុប្បន្ន ដូចជា​នាគ​ស្ថិត​នៅ​ផ្នែក​សិល្បៈ​របាំ និង​កំណាព្យ​ខ្មែរ។ ក្រៅពី​នេះ នាគ​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​យក​មក​សង់​ជា​សំណង់​ស្ថាបត្យកម្ម​បែប​រចនាបថ​របស់​ខ្មែរ តាម​ប្រាសាទ តាម​អាគារ​សាសនា តាម​ស្ពាន និង​នៅ​ព្រះរាជវាំង​ជាដើម។

លោក ជុច ភឿន មាន​ប្រសាសន៍​ថា ទាំង​នេះ ដោយសារ​បុព្វបុរស​ខ្មែរ​ចាត់​ទុក​នាគរាជ​ជា​ឆ្មាំ​មួយ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ ដូច​រូប​សត្វ​តោ​ដែរ ដែល​អាច​រក្សា​រតនសម្បត្តិ​បាន​យ៉ាង​ខ្លាំង​ពូកែ។ លោក​ថា ដូច្នេះ​ហើយ​ទើប​គេ​ឃើញ​សំណង់​វិមានឯករាជ្យ ដែល​សង់​នៅ​ទសវត្ស​ក្រោយៗ​មក​ហើយ បាន​សង់​ចម្លង​តាម​រចនាបថ​ប្រាសាទ​បន្ទាយស្រី ក្នុង​នោះ​មាន​ក្បាល​នាគ​ចំនួន ១០០​ក្បាល​ដែល​លោក​អះអាង​ដំណាង​ភាព​រុងរឿង។ ក្រៅពី​ជំនឿ​នាគ​លើ​សាសនា លោក ជុច ភឿន បាន​ទាញ​អារម្មណ៍​ថា បើ​គេ​គិត​រឿង​នាគ​មក​ខាង​វិទ្យាសាស្ត្រ​វិញ លោក​បាន​ប្រៀបធៀប​នាគ​ជា​តំណាង​ទឹក និង​ដី ដែល​បម្រើ​ឲ្យ​ផ្នែក​កសិកម្ម​របស់​មនុស្ស។

បច្ចុប្បន្ន​ការ​គោរព និង​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​លើ​នាគ ឬ​ឆ្នាំរោង​នៅតែ​មាន​ឥទ្ធិពល​ខ្លាំង​ដដែល។ ជាក់ស្ដែង​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​រោង​នេះ​គេ​សង្កេត​ឃើញ​មាន នៅ​តាម​វត្តអារាម តាម​ទី​សាធារណៈ ដូចជា​នៅ​សួនច្បារ​វត្តភ្នំ គេ​សង់​សំណង់​និមិត្ត​រូប​នាគ​មួយ​យ៉ាង​ធំ ដើម្បី​ជា​ការ​គោរព និង​ស្វាគមន៍​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ឆ្នាំរោង​នេះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

KOSAL

ពី PREY VENG

ខ្ញុំធ្លាប់បានលឺចាស់ៗនៅភ្នុំឧដ្តុង្គដំនាលប្រាប់ថា៖​ កាលពីសម័យមុនមានរូងនាគនៅភ្នំឧដ្តុង្គ នឹងម្ខាងទៀតនៅប្រទេសចិន។ ហើយសត្វនាគគឺជាសត្វដែលមានបារមី និងនាំលាភ នាំជោគនាំជ័យសេរីសួរស្តីដល់ប្រជារាស្ត្រគ្រប់រូប។ ដោយហេតុជនជាតិមានជំនឿលើសត្វនាគ ហើយខ្លាចសត្វនាគមិនមកស្រុកចិនវិញ ទើបចិនសង់ព្រះវិហារបិតរូងនាគនោះតែម្តងទៅ។
រឿងនេះខ្ញុំបានស្តាប់កាលពី12ឆ្នាំមុន។ ហើយគេថារូបសំណាក់ព្រះពុទ្ធបែរព្រេះភក្ត្រទៅទិសខាងលិច ហើយខ្ញុំក៍មិនដឹងថាបែរព្រះភក្រ្តទៅខាងណាដែរ។

Jul 07, 2013 02:12 AM

អ្នក​អាន​អនាមិក

លោកបណ្ឌឹត អ៊ឹម បុរិន សមជាអ្នកប្រាជ្ញខ្មែរយើងមែន ចេះ
ស្រាវជ្រាវដឹងថា៖ខ្មែរយើងមានអម្បូរជាសត្វនាគ ដោយ
លោកយោងទៅតាមរឿងព្រេងបុរាណថាស្ដេចខ្មែរដំបូង
រៀបការនឹងសត្វនាគកើតកូនតចៅខ្មែរមកទល់សព្វថ្ងៃ។
តើមានអ្នកវិទ្យាសាស្រ្ដណាអាចបង្កាត់មនុស្សជានិងសត្វ
បានទេលោក?រឿងដែលខ្ញុំឆ្ងល់ខ្លាំងគឺមនុស្សបើកាត់នឹង
នាគម្ដេចក៍គ្មានសណ្ថានឱ្យស្រដៀងនាគអីបន្ដិចសោះ?
ចំណែកសែរាជ្យវង្សវិញតើនៅមានអង្គណាដែលនៅមាន
ស្នាមស្រកានាគជាប់អង្គខ្លះទេ? សូមទានមេត្ដាជួយស្រាយ
បំភ្លឺ ជឿថារាស្រ្ដខ្មែរពិតជាចង់ដឹង សូមទេវតាឆ្នាំថ្មីប្រទាន
ប្រាជ្ញាដល់លោកអនុបណ្ឌឹត។

Apr 19, 2012 04:18 AM

អ្នក​អាន​អនាមិក

ខ្ញុំធ្លាប់បានអានទស្សនាវដ្តីមួយ ដែលទាក់ទងពីប្រទេសចិន គឺអះអាងថាមាននាគមែន។ ហេតុផលដោយសារតែ គេបានរកឃើញគ្រោងឆ្អឹងសត្វនាគមានសណ្ឋានជានាគរាជមែន ដែលគ្រោងឆ្អឹងនោះសល់ប្រហែលជាមុន១លានឆ្នាំមុនបើតាមការសិក្សារបស់អ្នកស្រាវជ្រាវ។ ប៉ុន្តែបើតាមមតិញុំគិតថាប្រហែលជាមានមែន តែឥឡូវវាផុតពូជអស់ហើយ បើមិនមាននាគ ក៏គ្មានជំនឿ និងរូបវាងដែរ​ ម្យ៉ាងទៀតដូចសត្វពោះ គេមិនហៅថាពោះដែរទៅ ចាំបាច់បែងចែកធ្វើអី។

Apr 19, 2012 12:37 AM