លោកស្រី អ៊ុយ សារ៉េត ជាសាក្សី បានមានប្រសាសន៍ថា កាលពីរសៀលថ្ងៃពុធ ទី៣ ខែកុម្ភៈ បុរសម្នាក់បានបើករថយន្តកាំម៉ាសសណ្តោងដល់ចំណុចផ្លូវកែងភ្លើងស្តុបចរាចរណ៍ ពីក្រុងសិរីសោភ័ណ ទៅស្រុកស្វាយចេក ស្រាប់តែមានប៉ូលិសចរាចរណ៍ ២នាក់បានឃាត់ឲ្យឈប់ ដោយចោទថា អ្នកបើកបរមិនគោរពភ្លើងស្តុបចរាចរណ៍។
លោកស្រីបញ្ជាក់ថា បន្ទាប់ពីរថយន្តឈប់ អ្នកបើកបរបានចុះមកក្រោមនិយាយ និងធ្វើកាយវិការគូសវាសលើដីពន្យល់ប្រាប់ប៉ូលិសថា នៅពេលគាត់បើករថយន្តបត់ចេញមក គឺភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង តែដោយសាររថយន្តសណ្តោងមានកន្ទុយវែងទើបឆ្លងមិនផុត ក៏ភ្លើងពណ៌ក្រហមលោតមកទាន់។
លោកស្រី អ៊ុយ សារ៉េត បានបញ្ជាក់ថា ៖ «ប៉ូលិសហ្នឹងខឹង វ៉ៃតៃកុងឡានហ្នឹងទៅ ចាប់ទះផាំងៗអ៊ីចឹងទៅ ចាប់បោកទៅនឹងទ្វារឡាន តែតៃកុងឡានគ្នាមិនបានតទេ គ្នារងតែរហូត។ ប្រជាជនរាប់រយនាក់ឈរមើល វ៉ៃចេះតែវ៉ៃទៅ មួយច្របាច់ក ពីរនោះក៏វ៉ៃ វ៉ៃរហូតដល់គ្នាសន្លប់ ហើយក៏អូសយកទៅដាក់ខាងលិចថ្នល់។ ប្រជាជនថា វ៉ៃម៉្លេះ វ៉ៃមើលតែចោរ! គេមិនមែនចោរទេ!»។
ក្រោយពីសន្លប់ ជនរងគ្រោះនិងរថយន្តត្រូវបានក្រុមប៉ូលិសចរាចរណ៍ដដែលដឹកយកទៅដាក់ការិយាល័យប៉ូលិសចរាចរណ៍ជើកគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ អ៊ុន សាវ៉ាត អាយុ ២៦ឆ្នាំ រស់នៅភូមិអូរល្ហុង ឃុំត្រពាំងបា្រសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបើករថយន្តចេញពីក្រុងប៉ោយប៉ែត ឆ្ពោះទៅស្រុកស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ។
លោក ឈឿន សុផុន ប្រធានការិយាល័យប៉ូលិសចរាចរណ៍ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ទទួលស្គាល់ថា ប៉ូលិសបានប្រើអំពើហិង្សាវាយដំ ដោយសារតែឈ្មោះ អ៊ុន សាវ៉ាត បានប្រើពាក្យមិនសមរម្យនិងបានវ៉ៃទៅលើប៉ូលិសមុន។
លោក ឈឿន សុផុន បានអះអាងថា ៖ «វាប៉ះទង្គិចគ្នាបន្តិចបន្តួច ប៉ុន្តែគ្នាមិនមែនទៅប្រើដំបង ប្រើកាំភ្លើង ប្រើអីទេ! ដៃដូចគ្នាហ្នឹង!»។
យ៉ាងនេះក្តី អ្នកភូមិជាសាក្សីបានអះអាងថា ក្រុមប៉ូលិសបានប្រើអំណាចហួសដែនសមត្ថកិច្ចរបស់ខ្លួន ៖ «ប្រជាជនដែលគេមើលឃើញហេតុការណ៍ គេថា បើចង់បានមេដៃ ចុះមក គេផ្តិតជូនទាំងអស់!»។
លោក អ៊ិន គង់ជិត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការ លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ៖ «វាជារឿងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមួយ មិនគួរអត់ឱនឲ្យបាន ព្រោះប៉ូលិសមិនត្រូវធ្វើការវាយតប់ បង្ករបួសស្នាមទៅលើជនរងគ្រោះទេ ហើយបើសិនជាយ៉ាងម៉េចក៏ដោយ ប៉ូលិសត្រូវកត់ត្រានូវអត្តសញ្ញាណ កត់ឈ្មោះ ឬក៏សាមីខ្លួនហ្នឹងចូលទៅដោះស្រាយនៅ(ប៉ុស្តិ៍)ប៉ូលិស»។
លោកបានជំរុញឲ្យជនរងគ្រោះដាក់ពាក្យប្តឹងប្រឆាំងនឹងក្រុមប៉ូលិស។ ចំណែកអង្គការលីកាដូនឹងធ្វើលិខិតអន្តរាគមន៍ទៅលោកព្រះរាជអាជ្ញាតុលាការខេត្តបន្ទាយមានជ័យ ដើម្បីបើកការស៊ើបអង្កេតករណីនេះ៕
