ប្រជាពលរដ្ឋនៅក្នុងឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានស្រូវចំនួន២ហិកតារងការស្កក ដោយគ្រោះរាំងស្ងួតនៅចុងរដូវឆ្នាំនេះ បានថែ្លងថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ៖ «ស្រូវឆ្នាំនេះអន់ជាងឆ្នាំទៅឆ្ងាយណាស់ ឆ្នាំទៅខ្ញុំបាន១០០ថាំង»។
សុខ សេរី ៖ ចុះឆ្នាំនេះ? ពលរដ្ឋ ៖ ឆ្នាំនេះមិនបានទេ ព្រោះស្រូវអន់ណាស់។ សុខ សេរី ៖ អាចបានប៉ុន្មានមើលទៅ? ពលរដ្ឋ ៖ បានតែ៥០ថាំងអីមើលទៅ ខូចអស់៥០%ទៅហើយ។ ឆ្នាំនេះទិញគេហូបទៀតហើយខ្ញុំ ស្រូវអត់កើត សំណាបហ្នឹងសាបចុងដៃ ទឹកភ្លៀងឆាប់អស់ ដល់អ៊ីចឹងទៅវាស្កក។
លោក ឈួន ឆាន ជាមេភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ស្រូវចំនួនប្រមាណ២០០ហិកតានៅក្នុងចំណោមស្រូវរបស់ប្រជាពលរដ្ឋជាង២០០០ហិកតាកំពុងតែរងការស្កក ហើយប្រជាពលរដ្ឋជាង១០០គ្រួសារជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេ។
លោក ឈួន ឆាន បានឲ្យដឹងថា ៖ «បូកសរុបរបាយការណ៍ គឺហៅជនរងគ្រោះដូចជាស្រូវស្កកអីហ្នឹង សរុបគ្រួសារទៅជាង១៣០គ្រួសារ»។
លោក ឈួន ឈីន ជាមេភូមិពោស្ទាង ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ស្រូវចំនួនជិត១០០ហិកតាកំពុងតែរងការស្កកនិងគ្រួសាររងគ្រោះមានចំនួនជាង៥០គ្រួសារ។
លោក ឈួន ឈីន បានអះអាងថា ៖ «គ្នារងគ្រោះនេះមិនមែនរងគ្រោះដោយសារខ្វះទឹកភ្លៀង រងគ្រោះដោយ ទី១ ទឹកជំនន់ ដល់ទឹកជំនន់ស្រកហើយ ត្រូវរងគ្រោះចុងក្រោយគឺស្ទើរទឹកភ្លៀងទៅវិញ»។
គេនៅមិនទាន់បានដឹងជាផ្លូវការនៅទ្បើយទេអំពីបរិមាណស្រូវរងការខូចខាតដោយសារគ្រោះរាំងស្ងួតនៅទូទាំងប្រទេសកម្ពុជា។
លោក ញឹម វណ្ណដា ជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ៖ «រឿងនេះរឿងកសិកម្មទេ ប៉ុន្តែខ្ញុំក៏អាចមានការពិគ្រោះយោបល់ខ្លះដែរថា បញ្ហាស្រូវឆ្នាំនេះវាល្អមែនទែន គឺថាដើមដៃក៏មានភ្លៀង កណ្ដាលក៏រាំងបន្តិចទៅ ប៉ុន្តែចុងដៃមានភ្លៀង។ ស្រូវឆ្នាំនេះល្អសឹងតែស្មើឆ្នាំទៅ ប៉ុន្តែអកុសលនៅត្រង់កន្លែងដែលមានបញ្ហាខ្យល់ព្យុះកេតសាណាហ្នឹងមក វាជួបការលំបាក ហើយការរាំងស្ងួតហ្នឹងគឺស្កកស្រូវ។ ស្រូវស្កកហ្នឹងវាមានតិចតួចដែរទេ មិនជាច្រើនទេ ហើយក្រសួងធនធានទឹកក៏បានធ្វើអន្តរាគមន៍ ក្រសួងកសិកម្មក៏បានធ្វើអន្តរាគមន៍ដែរ»។
មន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅមុនពេលដែលមានគ្រោះរាំងស្ងួតនិងខ្យល់ព្យុះខាងលើនេះ បានរំពឹងទុកថា នឹងអាចប្រមូលផលស្រូវបានចំនួនប្រមាណ៦លានតោននៅទូទាំងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០០៩នេះ៕
