ការប្រើប្រាស់​គ្រឿង​ញៀន​ថយ​ចុះ​នៅ​ទី​ប្រជុំជន តែ​កើន​ឡើង​នៅ​តាម​ជនបទ

មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា អ្នក​ប្រើបា្រស់​គ្រឿងញៀន​មាន​ការថយ​ចុះ​បន្តិច​នៅ​តាម​ទី​ប្រជុំជន ប៉ុន្តែ​មាន​ការកើន​ឡើង​ចំពោះ​យុវជន​នៅ​តាម​ជនបទ ដោយសារ​តែ​មិន​មាន​ការត្រួត​ពិនិត្យ។

0:00 / 0:00

នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០០៧ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ស្តីពី​ទិន្ន័យ​គ្រឿង​ញៀន​ខុស​ច្បាប់ និង​ប្រព័ន្ធ​តាមដាន​ជា​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១២ សីហា អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក លួ រ៉ាមីន បាន​ថ្លែង​ថា ពួក​ឧក្រិដ្ឋជន​គ្រឿងញៀន​មិន​នៅ​ស្ងៀម​ទេ នៅ​ពេល​ដែល​មាន​ការត្រួត​ពិនិត្យ​នៅ​តាម​ទី​ប្រជុំជន ពួក​គេ​បាន​ទៅ​ធ្វើ​ចរាចរណ៍​នៅ​តាម​ជនបទ។

លោក លួ រ៉ាមីន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​បាន​កត់​សម្គាល់​ឃើញ​ថា តួលេខ​អ្នក​ប្រើ​បំពាន​គ្រឿង​ញៀន មាន​ការថយ​ចុះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៦។ នៅ​ក្នុង​ឆ្នាំ​២០០៦ យើង​មាន​តួលេខ អ្នក​ប្រើ​គ្រឿង​ញៀន គឺ ៦.៥០០​នាក់ ប៉ុន្តែ នៅ​ក្នុង​ឆ្នាំ​២០០៧, ២០០៨​នេះ យើង​ឃើញ​ថា បាន​ធ្លាក់​មក​នៅ ៥.៧៩៧​នាក់»

លោក លួ រ៉ាមីន ក៏​បាន​សម្ដែង​ការព្រួយ​បារម្ភ​ចំពោះ​ការរាលដាល​ខាង​លើ​នេះ ហើយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន ទាមទារ​ឲ្យ​មាន​ការចូលរួម​សហការ​ជួយ​ជ្រុមជ្រែង​ជាមួយ​នឹង​បណ្ដា​ដៃគូ​អភិវឌ្ឍន៍​នានា អ្នក​ផ្ដល់​សេវា​នានា ដើម្បី​កាត់​បន្ថយ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន។

លោក លួ រ៉ាមីន មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ​ថា ៖ «ហើយ​ឥឡូវ​នេះ យើង​ក៏​ឃើញ​ដែរ​ថា បរិមាណ​គ្រឿង​ញៀន ដែល​ឆ្លង​កាត់​កម្ពុជា នៅ​តែ​ជា​បញ្ហា​មួយ គួរ​ឲ្យ​កង្វល់ ហើយ​នៅតែ​មាន​លក្ខណៈ​ស្មុគស្មាញ។ ពីព្រោះ​ដូច​ខ្ញុំ​បាន​បញ្ជាក់ នៅ​ក្នុង​របាយការណ៍ ៦​ខែ​ដើម​ឆ្នាំ ២០០៨ យើង​ឃើញ​ថា ប្រតិបត្តិការ​ដែល​យើង​បង្រ្កាប​គ្រឿងញៀន មាន​ចំនួន​ច្រើន​ជាង​មុន»

នៅក្នុង​ពិធី​នេះ​ដែរ មន្រ្តី​អង្គការ UNODC លោក ឡា ភីឌ័រសុន មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក នឹង​បញ្ជូន​អ្នក​ជំនាញ ១៥​នាក់​មក​កម្ពុជា ដែល​មាន​ជំនាញ​ដូចជា​ផ្នែក​ច្បាប់ ផ្នែក​រៀបចំ​រចនាសម្ព័ន្ធ​ត្រួត​ពិនិត្យ​គ្រឿងញៀន ព្រមទាំង​ជំនាញ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត នៅ​ខែ​ខាង​មុខ​នេះ ដើម្បី​ជួយ​កាត់​បន្ថយ​អ្នក​ប្រើប្រាស់​គ្រឿងញៀន នៅ​ប្រទេស​កម្ពុជា។

ចំណែកឯ​នាយក​កម្មវិធី​នៃ​អង្គការ KHANA លោក ទិត ឃីមួយ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​នេះ​ដែរ​ថា រហូត​មក​ដល់​ថ្ងៃ​នេះ គម្រោង​អង្គការ​របស់​លោក​បាន​អប់រំ​អំពី​គ្រោះថ្នាក់​និង​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន និង​កាត់​បន្ថយ​នូវ​ការចម្លង​មេរោគ​អេដស៍ ដែល​មាន​ទំនាក់​ទំនង​នឹង​ការប្រើ​បំពាន​គ្រឿង​ញៀន ដែល​មាន​មនុស្ស​សរុប ប្រមាណ​ជិត ២​ម៉ឺន​នាក់។

លោក​បន្ត​ថា នៅ​ឆ្នាំ​ខាង​មុខ​នេះ លោក​នឹង​ធ្វើការ​ជាមួយ​នឹង​អង្គការ​ដៃគូ ដើម្បី​ពង្រីក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដល់​តំបន់​ជនបទ​ឲ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​ជួយ​កាត់បន្ថយ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន។

បើ​តាម​របាយការណ៍​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ឲ្យ​ដឹង​ថា បញ្ហា​ការប្រើប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជា នៅ​តែ​មាន​ការ​ពាក់ព័ន្ធ​នឹង​យុវជន ដែល​គេ​ដឹង​ថា ជា​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន មាន​អាយុ​ក្រោម ២៦​ឆ្នាំ។ មេតំហ្វេតាមីន មាន​ចំនួន ៨០% នៃ​គ្រឿង​ញៀន​ទាំងអស់។ ការប្រើប្រាស់​គ្រឿង​ញៀន ហាក់​ដូចជា​មាន​ការកើន​ឡើង ដោយសារ​តែ​ភាព​សម្បូរ​បែប​នៃ​គ្រឿង​ញៀន និង​ការខ្វះ​ការយល់​ដឹង​ក្នុង​ចំណោម​យុវជន៕