ទោះបីមន្ត្រីនគរបាលយុត្តិធម៌ មានសកម្មភាពមមាញឹកក្នុងការបង្ក្រាបដូច្នេះក៏ដោយ ប៉ុន្តែពួកគេមិនអាចចៀសផុតពីការស្ដីបន្ទោសពីសំណាក់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលបានឃ្លាំមើលបញ្ហាគ្រឿងញៀននេះដែរ។
ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១២ សមត្ថកិច្ចប៉ូលិសស្រុកថ្មពួក មានគ្នាជាច្រើននាក់ បានចុះចាប់ប្រជាពលរដ្ឋ ៦នាក់ នៅឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន។
មេឃុំថ្មពួក លោក ញា ម៉ក់ បានថ្លែងថា អ្នកភូមិទាំង ៦នាក់នោះ ត្រូវគេកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ ក្រោយមក សមត្ថកិច្ចបានដោះលែងមនុស្សតែ ៤នាក់មកវិញ នៅសល់ពីរនាក់ត្រូវបានតុលាការសម្រេចឃុំខ្លួន ដោយចោទថា ជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀន។ អ្នកភូមិ ៤នាក់ដែលផុតពីការឃុំខ្លួននោះ បានចំណាយលុយម្នាក់ៗអស់ពីរលានរៀល សរុបទាំងអស់ ៨លានរៀល។ ចំណែកឯអ្នកជាប់ឃុំពីរនាក់ ដោយសារពុំមានលុយបង់ឲ្យគេ។
លោក ញា ម៉ក់៖ «វាមិនដឹងរកឃើញអីផង ខ្ញុំមិនបានទៅសួររឿងរ៉ាវ ព្រោះអត់មានសកម្មភាពចុះជាប់ជាមួយ។ អារឿងបញ្ហាហ្នឹងនោះហើយ ចេះតែអស់ខ្លះហ្នឹងហើយ ម្នាក់ៗអស់ ២លានរៀល មិនដឹងគេយកទៅបង់ឲ្យខាងណាទេ។ ខ្ញុំក៏មិនដឹងដែរ គេយកពីដៃទៅ ខាងសមត្ថកិច្ចគេថាអាចបន្ធូរបន្ថយបាន។ អា ៤នាក់នោះវាមិនមែនធំដុំកំភួន វាអាចធានាយកចេញមកបាន»។
លោកវរសេនីយ៍ត្រី សូ វង្ស និងជាមេបញ្ជាការរងវីរសេនាតូច៥១២ នៃកងពលតូចលេខ៥១ ប្រចាំស្រុកព្រះនេត្រព្រះ លោកថ្លែងថា ក្នុងចំណោមអ្នកភូមិទាំង ៦នាក់នោះ មានកូនគាត់ម្នាក់។ លោកខកចិត្តយ៉ាងខ្លាំងចំពោះការចោទប្រកាន់ទៅលើកូនគាត់ថាជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀន។ កូនគាត់ឈ្មោះ ឈួន ឈិនឡុង ទើបមានអាយុតែ ១៦ឆ្នាំ ត្រូវគេឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យ។
លោកទទួលស្គាល់ថា កន្លងមកកូនគាត់ធ្លាប់ប្រើប្រាស់ថ្នាំញៀនពិតមែន ប៉ុន្តែពុំមែនជាអ្នកជួញដូរគ្រឿងញៀនដូចការចោទនោះទេ៖ «តូចចិត្តត្រង់ថា ៤នាក់រួចមកវិញ ហើយកូនខ្ញុំជាមិត្តភ័ក្ដិរបស់វា ៤នាក់ហ្នឹងឯង ជក់ដូចគ្នា ប៉ុន្តែមិនបានរួចមកវិញ។ គេទម្លាក់ទៅកូនខ្ញុំថា ជាឧក្រិដ្ឋជនជួញដូរ។ ខ្ញុំមិនពេញចិត្តត្រង់ចំណុចដែលថាជួញ និងដូរ ទៅឆែកឆេរកូនខ្ញុំអត់មានឃើញភស្តុតាងអ្វីទាំងអស់។ កូនខ្ញុំទើបងើបពីដេក អត់មានឃើញភស្តុតាងអ្វីទាំងអស់ ទៅបំផ្លើសក្រដាសស្នាមថា កូនខ្ញុំជួញដូរ ៣០គ្រាប់ ១០០គ្រាប់។ ខ្ញុំ កូនខ្ញុំមិនដែលមាន ៥ពាន់រៀលផង អយុត្តិធម៌ពេក មិនត្រឹមត្រូវទេនៅក្នុងក្រដាសស្នាមនោះ»។
នៅពន្ធនាគារខេត្តបន្ទាយមានជ័យ មនុស្សដែលកំពុងជាប់ឃុំនៅទីនោះ ភាគច្រើនជាប់ចោទពីបទចែកចាយ និងប្រើប្រាស់ថ្នាំញៀន។
លោក ស៊ុំ ច័ន្ទគា ជាអ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានកត់សម្គាល់ថា អ្នកទាំងនោះពុំមែនជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀនទេ តែជាអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ មេខ្លោងជួញដូរគ្រឿងញៀនធំៗ មិនត្រូវបានគេចាប់ខ្លួនយកទៅផ្ដន្ទាទោសនោះទេ។
លោក ស៊ុំ ច័ន្ទគា៖ «ចំណែកមេខ្លោងធំៗ យើងអត់បានចាប់នៅឡើយទេ។ អ៊ីចឹង យើងឃើញតែ មានការចាប់បន្តរហូតចាប់តែអ្នកប្រើប្រាស់ និងអ្នកចែកចាយ។ យើងទប់ស្កាត់យ៉ាងណា បើមេខ្លោង យើងមិនចាប់ផង។ អ្នកដែលជួញដូរធំមិនចាប់ផង ហើយមកចាប់អ្នកតូចតាច វាមិនអស់ទេបញ្ហាហ្នឹង នៅតែកើតឡើង នៅតែក្ដៅដដែលនៅក្នុងខេត្តបន្ទាយមានជ័យ»។
លោកបន្តថា ឧក្រិដ្ឋជនជួញដូរគ្រឿងញៀននៅតែបន្តធ្វើសកម្មភាពនៅក្នុងសង្គមកម្ពុជា។ នៅខេត្តបន្ទាយមានជ័យ និងបណ្ដាខេត្តក្រុងជាច្រើនទៀត គេសង្កេតឃើញប្រព័ន្ធផ្សព្វផ្សាយ មានទូរទស្សន៍ វិទ្យុ និងកាសែត បានផ្សព្វផ្សាយពីស្នាដៃរបស់មន្ត្រីនគរបាលយុត្តិធម៌ ចាប់បានអ្នកប្រើប្រាស់គ្រឿងញៀនស្ទើររាល់ថ្ងៃ។
លោកចោទសួរថា អ្នកប្រើប្រាស់ និងចែកចាយថ្នាំញៀនទាំងនោះ ទៅទិញ ឬយកថ្នាំញៀនមកពីកន្លែងណា? តើពួកគេចេះផលិតថ្នាំញៀនដោយខ្លួនឯងមែនឬ? លោកបន្តថា ចម្លើយសម្រាប់សំណួរនេះ មានតែសមត្ថកិច្ចនគរបាលយុត្តិធម៌ទេ ដែលអាចឆ្លើយបាន។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្សព្វផ្សាយរបាយការណ៍កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២ ថា ៩ខែក្នុងឆ្នាំ២០១២ អាជ្ញាធរបង្ក្រាបបានបទល្មើសគ្រឿងញៀន ៥២៤ករណី។ ចំណែកឯ ៩ខែដើមឆ្នាំ២០១១ បង្ក្រាបបាន ៥៥៥ករណី ថយចុះ ៣៨,៧១% និងឃាត់ខ្លួនជនសង្ស័យ ១.១០៤នាក់។
របាយការណ៍បន្តថា ជនសង្ស័យដែលបានឃាត់ខ្លួនទាំងនោះ មានជនជាតិខ្មែរ វៀតណាម ឡាវ ថៃ តៃវ៉ាន់ នីហ្សេរីយ៉ា កូរ៉េ អាមេរិក បារាំង ន័រវែស និងជនជាតិហ្វីលីពីន។ គេសង្កេតឃើញថា ចាប់ពីឆ្នាំ១៩៩៣ ប្រទេសកម្ពុជា បានញាំញីទៅដោយវិបត្តិនៃការប្រើប្រាស់គ្រឿងញៀនជាច្រើន នៅក្នុងសង្គម។
បទល្មើសជាច្រើន បានរីកលូតលាស់យ៉ាងឆាប់រហ័ស ក្នុងនោះមានដូចជាចោរប្លន់ អំពើចោរកម្ម ការកាប់សម្លាប់គ្នា ការចាប់រំលោភសេពសន្ថវៈ ក្រុមបងតូចបងធំ បង្កើនអំពើអសន្តិសុខ ការប្រើអំពើហិង្សាក្នុងគ្រួសារ។ ចំណុចអវិជ្ជមានទាំងនេះបានប៉ះពាល់វប្បធម៌ ប្រពៃណីជាតិខ្មែរ និងជាពិសេស ធ្វើឲ្យខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈការដែលរដ្ឋាភិបាលបង្កើតមណ្ឌលកែប្រែ បន្សាបអ្នកញៀនថ្នាំជាច្រើនកន្លែង តាមបណ្ដាខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
