នាយក​រដ្ឋមន្ត្រី៖ ការប្រើប្រាស់​គ្រឿងញៀន​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ

2009-06-26

នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​អំពី​ការប្រើប្រាស់​គ្រឿងញៀន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

RFA Photo/Uon Chhin

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​ទៅ​កាន់​សិស្ស​និង​មហាជន​ក្នុង​ទិវា​អន្តរជាតិ​ប្រឆាំង​គ្រឿង​ញៀន កាលពី​ថ្ងៃ​២៦ មិថុនា ២០០៩។

ថ្លែង​ទៅ​កាន់​សិស្ស​និង​មហាជន​ច្រើន​ពាន់​នាក់​នៅ​ស្ដាត​អូឡាំពិក នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែ​មិថុនា ក្នុង​ទិវា​អន្តរជាតិ​ប្រឆាំង​គ្រឿង​ញៀន​ក្រោម​ប្រធានបទ "តើ​គ្រឿង​ញៀន​ត្រួតត្រា​ជីវិត​អ្នក​ឬ?" លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បន្ត​ថា នៅ​ប្រទេស​កម្ពុជា​គេ​រក​ឃើញ​យ៉ាង​ហោច​ណាស់​មាន​អ្នក​ប្រើ​គ្រឿង​ញៀន​ប្រមាណ​៤៦៣០០​នាក់។ លោក​ថា ក្នុង​ម្នាក់​បើ​ចាយ​៣​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ទៅ​លើ​ការប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​នោះ ក្នុង​មួយ​ឆ្នាំ​គេ​នឹង​ត្រូវ​ចំណាយ​អស់​៥០​លាន​ដុល្លារ។

លោក​នាយក​រដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា ៖ «ប្រសិន​បើ​តួលេខ​នេះ​ជា​តួលេខ​អាច​យក​ជា​ការ​បាន​ហើយ​អត្រា​អ្នក​ប្រើ​គ្រឿងញៀន​នៅតែ​បន្ត​កើន​ឡើង​នោះ​ជា​ការប្រឈម​ចំពោះ​គ្រោះថ្នាក់​និង​ការខាតបង់​ដ៏​ធ្ងន់ធ្ងរ​មួយ​សម្រាប់​សង្គម​កម្ពុជា»

លោក​ឧប​នាយក​រដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មិន​បាន​បង្ហើប​ឲ្យ​ដឹង​នូវ​ចំនួន​គ្រឿង​ញៀន​និង​ជន​ល្មើស​មាន​ប៉ុន្មាន​ដែល​បាន​បង្រ្កាប​ក្នុង​ឆ្នាំ​២០០៩​នេះ​ឡើយ។

លោក​គ្រាន់​តែ​ថា វិធី​បង្ក្រាប​គ្រឿង​ញៀន​បាន​សហការ​ជាមួយ​ប៉ូលិស​សហព័ន្ធ​អូស្រា្តលី ស្ថាប័ន DEA សហរដ្ឋ​អាមេរិក និង​ប្រទេស​ជិត​ខាង ពិសេស​ក្នុង​ប្រទេស​ផងដែរ បាន​បង្រ្កាប​បទល្មើស​ឆ្លង​កាត់​មក​កម្ពុជា។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ របាយការណ៍​មួយ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿង​ញៀន​ដែល​ចេញ​ផ្សាយ​នៅ​ខែ​មិថុនា ឆ្នាំ​នេះ បាន​ឲ្យ​ដឹង​ថា ឧក្រិដ្ឋជន​គ្រឿង​ញៀន​នៅតែ​បន្ត​នាំ​គ្រឿង​ញៀន​ឆ្លង​ដែន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ ជា​ពិសេស​ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន ហើយ​ថ្នាំ​ប្រភេទ​នេះ​ត្រូវ​បាន​ចែកចាយ​ឲ្យ​ប្រើប្រាស់​នៅ​តាម​កន្លែង​ជា​ច្រើន ទាំង​នៅ​តាម​ទី​សាធារណៈ តាម​លំនៅ​ឋាន ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ជាដើម។

របាយការណ៍​ដដែល​សរសេរ​ថា សមត្ថកិច្ច​បង្រ្កាប​បទល្មើស​បាន​ចំនួន​១៥​ករណី​និង​ចាប់​បាន​ជនល្មើស​៣៩​នាក់​បញ្ជូន​ទៅ​តុលាការ។

យុវជន​ផ្តាច់​គ្រឿង​ញៀន​ក្នុង​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ អាយុ​២៦​ឆ្នាំ សុំ​មិន​ប្រាប់​ឈ្មោះ បាន​និយាយ​ថា ៖ «ខ្ញុំ​ដើរ​លេង​សេព​គ្រឿង​ញៀន មិន​ចូល​សាលា​ចូល​អី រហូត​ដល់​ម៉ាក់​ប៉ា​ខ្ញុំ​យក​ខ្ញុំ​ទៅ​ដាក់​នៅ​ក្នុង​មជ្ឈមណ្ឌល ឱកាស​ខ្ញុំ កែប្រែ​ខ្លួន»

ជា​អតីត​យុវនិស្សិត​ម្នាក់​ទៀត​មាន​អាយុ​២២​ឆ្នាំ​ក្នុង​មជ្ឈមណ្ឌល​នោះ​ដែរ​បាន​ឲ្យ​ដឹង​ថា ៖ «ដល់​ពេល​ចូល​មក​ក្នុង​មជ្ឈមណ្ឌល​នេះ​វា​ម៉្យាង​ដែរ របៀប​ដូច​ថា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ ជា​ពិសេស​ការចងចាំ​របស់​យើង​មាន​ឡើង​វិញ»

ប្រធាន​គណៈ​គ្រប់គ្រង​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ លោក អ៊ាន សុឃីម ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​នេះ​បើក​ទទួល​អ្នក​ចូល​ផ្តាច់​គ្រឿង​ញៀន​តាំងពី​ខែ​មេសា ឆ្នាំ​២០០៦​មក មាន​ចំនួន​២០១៥​នាក់ ក្នុង​នោះ​១៨០០​នាក់​ក្រោយ​ការផ្តាច់​បាន​បញ្ជូន​ទៅ​ឲ្យ​អាណាព្យាបាល​វិញ នៅ​សល់​ក្នុង​មណ្ឌល​បច្ចុប្បន្ន​២១៥​នាក់​ទៀត​កំពុង​ផ្តាច់​គ្រឿង​ញៀន​និង​រៀន​វិជ្ជាជីវៈ​ផ្សេងៗ។

លោក​ឲ្យ​ដឹង​ថា មាន​អ្នក​ផ្តាច់​គ្រឿង​ញៀន​រួច​ហើយ​១០%​ទៅ​១៥%​បាន​ត្រឡប់​មក​មណ្ឌល​វិញ​ដោយសារ​ការញៀន​ជា​ថ្មី។ លោក​បាន​ឲ្យ​ដឹង​ដែរ​ថា មាន​នារី​ប្រើប្រាស់​គ្រឿង​ញៀន​ចង់​មក​ផ្តាច់​ការញៀន​កើន​ឡើង​ផងដែរ ប៉ុន្តែ​មជ្ឈមណ្ឌល​គ្មាន​អគារ​សម្រាប់​នារី។

ក្នុង​ថ្ងៃ​នេះ​ដែរ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​អំពាវនាវ​សុំ​ឲ្យ​មាន​ការជួយ​សង់នូវ​អគារ​ផ្ដាច់​គ្រឿង​ញៀន​មួយ​ទៀត​នៅ​ខេត្ត​កំពង់ស្ពឺ៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






Please type the characters you see in the image.



ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អ្នក​រត់​តាក់ស៊ី​នៅ​បន្ទាយមានជ័យ​ប្ដឹង​ក្រុមហ៊ុន​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត

ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ត្រេកអរ​ចំពោះ​ការ​បង្រ្កាប​វង់​ល្បែង

បដិមា​ព្រះ​វិស្ណុ​និង​ព្រះ​នាង​លក្សី្ម​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​កំពង់ចាម

កម្មការិនី​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា​ស្លាប់​ដោយសារ​ខំ​ធ្វើ​ការ​ខ្លាំង​ពេក

អំពើ​ហិង្សា​និង​ការ​រំលោភ​ផ្លូវ​ភេទ​កើន​ឡើង​ក្នុង​ឆ្នាំ​២០០៩

អ្នក​ភូមិ​នៅ​ស្រុក​កណ្ដាលស្ទឹង​រង់ចាំ​លទ្ធផល​ពី​ការ​ចរចា​តម្លៃ​អគ្គិសនី

អាជ្ញាធរ​ខែត្រ​កណ្ដាល​រារាំង​ការ​តវ៉ា​ពី​បញ្ហា​ភ្លើង​ឡើង​ថ្លៃ

ប៉ូលិស​ប៉ុស្តិ៍​នៅ​អន្លង់វែង​រង​ការ​ចោទ​ថា​អនុវត្ត​ច្បាប់​មិន​សមរម្យ

អ្នក​ភូមិ​​ស្នើសុំ​​ធ្វើ​ស្រែ​លើ​ដី​​ដែល​អាជ្ញាធរ​ហាមឃាត់​​ឡើង​វិញ

ស្រ្ដី​ម្នាក់​អះអាង​ថា​ជា​ម្ដាយ​បង្កើត​របស់​កុមារី​ដែល​ត្រូវ​ម្ដាយ​ចិញ្ចឹម​ធ្វើ​បាប