អាជ្ញាធរ​ដុត​បំផ្លាញ​គ្រឿង​ញៀន​នៅ​រាជធានី​ភ្នំពេញ

គ្រឿង​ញៀន​ច្រើន​ប្រភេទ​ត្រូវ​បាន​គេ​គរ​ដុត​បំផ្លាញ​ចោល​នៅ​ថ្ងៃ​ទី​២៨ សីហា នៅ​ភូមិ​បឹងឈូក សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ក្រុម​មន្ត្រី​មិន​បាន​ប្រកាស​ចំនួន​គ្រឿង​ញៀន​ដែល​គេ​ដុត​បំផ្លាញ​នោះ​ទេ។

0:00 / 0:00

ក្នុង​ពិធី​នោះ អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​ទប់​ស្កាត់​គ្រឿង​ញៀន ព្រោះ​គ្រឿង​ញៀន​អាច​បំផ្លាញ​ធនធាន​មនុស្ស និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សង្គម​ជាតិ។

លោក កែប ជុតិមា៖ «រាល់​ឆ្នាំ​យើង​បង្ក្រាប យើង​ដុត​គ្រឿង​ញៀន។ យើង​មើល​ទៅ​គឺ​ថា អត់​ច្រើន​ទេ ខ្ញុំ​គិត​ថា បើ​ដឹក​ឡាន​ប្រហែល​ជា​ឡាន​កាំមីញ៉ុង​មួយ ប៉ុន្តែ​បរិមាណ​នៃ​គ្រឿង​ញៀន​នេះ អាច​បំផ្លាញ​ទីក្រុង​ភ្នំពេញ​មួយ​ទាំង​មូល ហើយ​អាច​បំផ្លាញ​ប្រទេស​កម្ពុជា ពាក់​កណ្ដាល»

ជាមួយ​គ្នា​នេះ អនុ​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង លោក កៅ ខុនណារ៉ា លើក​ឡើង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន​គេ​ត្រូវ​ពឹង​ផ្អែក​លើ​ការ​យល់​ដឹង​ច្បាស់លាស់​របស់​ប្រជាពលរដ្ឋ​លើ​ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀន ហើយ​ពលរដ្ឋ​ទាំង​នោះ​ចូល​រួម​យ៉ាង​សកម្ម​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ក្នុង​សហគមន៍។

លោក កៅ ខុនណារ៉ា៖ «សង្គម​ជាតិ​យើង​មួយ​ដែល​គ្មាន​គ្រឿង​ញៀន យើង​អាច​ធ្វើ​បាន បើ​សិន​ប្រជាជន​រស់​នៅ​ក្នុង​សហគមន៍ ក្នុង​ប្រទេស​ទាំង​មូល​យល់​ច្បាស់​ពី​បញ្ហា​គ្រឿង​ញៀន និង​ចូល​រួម​កំលាំង​គ្នា​ដើម្បី​ចែក​រំលែក​នូវ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ឲ្យ​សហគមន៍​គ្មាន​គ្រឿង​ញៀន​តាម​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​កម្ពុជា»

កា​ដុត​បំផ្លាញ​គ្រឿងញៀន​ជា​ទម្លាប់​មួយ​របស់​អាជ្ញាធរ​កម្ពុជា ​តែង​ធើ្វ​ឡើង​រាល់​លើក​ពេល​ចាប់​បាន​គ្រឿង​ញៀន។

ប្រទេស​កម្ពុជា​​គឺ​ជា​ប្រទេស​មួយ​ដែល​មាន​ចរាចរណ៍​គ្រឿង​ញៀន​ឆ្លង​កាត់ ហើយ​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក៏​ជា​កន្លែង​ផលិត​គ្រឿង​ញៀន​ផង​ដែរ ជា​ពិសេស​ការ​ផលិត​ថ្នាំ ម៉េតំហ្វេតាមីន (Methamphetamines)។

មាន​មន្ត្រី​រដ្ឋាភិបាល​​មួយ​ចំនួន រហូត​មាន​​អ្នក​ខ្លះ​​ពាក់​ដល់​ទៅ​​ផ្កាយ ជាប់​​ពាក់​ព័ន្ធ​រឿង​រក​ស៊ី​គ្រឿង​ញៀន​នេះ​ដែរ។ ជាក់​ស្ដែង​ដូច​ជា​អតីត​ប្រ​ធាន​មន្ទីរ​​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ លោក​ផ្កាយ​បី ម៉ឹក ដារ៉ា និង​មន្ត្រី​គ្រាក់ៗ​ក្រោម​ឱវាទ​មួយ​ចំនួន​ទៀត ​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​បញ្ជូន​​ទៅ​​តុលាការ។ នៅ​​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០១២ កន្លង​​ទៅ​នេះ ប៉ូលិស​បាន​ចាប់​ខ្លួន​លោក​ផ្កាយ​ពីរ​នៅ​ក្រសួង​ការពារ​ជាតិ​​ម្នាក់​ទៀត​ លោក ចាន់ ឫទ្ធីឌី និង​បក្សពួក ពាក់​ព័ន្ទ​ជួញ​ដូរ​គ្រឿង​ញៀន​ដូចគ្នា។

ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ លោក ខៀវ សាម៉ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ សីហា ថា លោក ច័ន្ទ ឫទ្ធីឌី និង​បក្សពួក​ដែល​គេ​សង្ស័យ​ថា ជួញដូរ​គ្រឿង​ញៀន​នោះ កំពុង​ស្ថិត​ក្រោម​ការ​សាក​សួរ​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ៖ «បាទ! បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​គេ​រៀបចំ​តាម​នីតិវិធី​នៅ​ខាង​តុលាការ​នោះ​ហើយ​បាទ!»

លោក ខៀវ សាម៉ន បញ្ជាក់​ថា លោក ចន្ទ័ ឫទ្ធីឌី និង​បក្សពួក​ប្រឈម​នឹង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន បើ​តុលាការ​រក​ឃើញ​ភស្តុតាង​ច្បាស់​លាស់​បញ្ជាក់​ថា ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​ពិត​ប្រាកដ៖ «កិច្ចការ​ហ្នឹង បើ​និយាយ​ពី​ការ​សារភាព​របស់​គាត់ ហើយ​និង​វត្ថុ​តាង​ជា​ថ្នាំ​ញៀន​ដែល​មាន​ទំហំ​ដ៏​ច្រើន គឺ​ថា​អា​ហ្នឹង​តុលាការ​ហ្នឹង​ត្រូវ​តែ​ចាត់​ការ​តាម​ផ្លូវ​ហ្នឹង»

ទាក់ទង​នឹង​បញ្ហា​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា មន្ទីរ​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ បាន​ចុះ​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន​ចំនួន ៦​ករណី និង​ចាប់​ជន​សង្ស័យ​បាន​ចំនួន ៩​នាក់ នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០១២។

លោក ខៀវ សុភ័គ បញ្ជាក់​បន្ថែម​ថា ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កំលាំង​សមត្ថកិច្ច​ឲ្យ​បន្ត​សកម្មភាព​ចុះ​បង្ក្រាប​គ្រឿង​ញៀន ឧបនាយករដ្ឋមន្ត្រី និង​ជា​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផ្ដល់​ថវិកា​លើក​ទឹក​ចិត្ត​ដល់​មន្ទីរ​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ញៀន​ចំនួន ៥០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។