ឌុច បានទទួលស្គាល់នូវរាល់ទង្វើរបស់គាត់ក្នុងឋានៈជាមេគុកទួលស្លែងរបស់របបកម្ពុជាប្រជាធិបតេយ្យ។
កាំង ហ្កិចអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងនៃរបបខ្មែរក្រហម បង្ហាញខ្លួនក្នុងសវនាការនាថ្ងៃទី៣០ ខែមីនា ២០០៩ នៅឯសាលាក្ដីខ្មែរក្រហមក្នុងទីក្រុងភ្នំពេញ។
អតីតប្រធានមន្ទីរស-២១ ឬគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុងសវនាការនៅថ្ងៃច័ន្ទ ទី២២ ខែមិថុនានេះ បានសារភាពនិងបានទទួលស្គាល់នូវចំណារមួយចំនួនទាក់ទិននឹងការបញ្ជាឲ្យធ្វើទារុណកម្មសួរចម្លើយនិងប្រហារជីវិតអ្នកទោសនៅគុកទួលស្លែងក្នុងអំឡុងរបបខ្មែរក្រហម ដែលគាត់បានគ្រប់គ្រងនៅទីនោះ។
តាមរយៈការចោទសួរពីសំណាក់សហព្រះរាជអាជ្ញាកម្ពុជា លោក យ៉េត ចរិយា ឌុច បានទទួលស្គាល់នូវចំណារ រួមមាន «មិនទាន់សារភាពទេ! ទារុណកម្ម» និងចំណារថា «កម្ទេចឲ្យម៉ត់» ជាដើម។
ឌុច ថ្លែងដូច្នេះថា ៖ «ជម្រាបប្រសាសន៍លោកព្រះរាជអាជ្ញា ពិតជាចំណាររបស់ខ្ញុំ»។
តាមរយៈការចោទសួរនៅថ្ងៃដដែលនេះ ឌុច បានទម្លាយឲ្យដឹងអំពីការបង្ខំអ្នកទោសម្នាក់ដែលជាអតីតសាស្ត្រាចារ្យរបស់គាត់ផ្ទាល់ ឲ្យបរិភោគលាមក តែ ឌុច ឆ្លើយថា ការធ្វើបែបនោះជាការល្មើសទៅនឹងបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរស-២១ ៖ «រឿងនេះវាជារឿងដែលក្មេងខាងក្រោមវាលួចធ្វើ ខ្ញុំអត់ដឹង»។
ទោះយ៉ាងណា គាត់មិនបានដាក់ទណ្ឌកម្ម ឬស្ដីបន្ទោសអ្នកសួរចម្លើយដែលប្រព្រឹត្តល្មើសនោះទេ។
ជាមួយគ្នានេះដែរ ឌុច បានទទួលស្គាល់ថា គាត់ធ្លាប់វាយអ្នកទោសបន្ទាប់ពីគេបានផ្ដល់ចម្លើយសារភាពហើយ តែគាត់បានអះអាងថាជាទារុណកម្មបន្តិចបន្តួចដើម្បីជាការព្រមានកុំឲ្យអ្នកទោសភរកុហកនៅថ្ងៃក្រោយទៀតប៉ុណ្ណោះ។
ឌុច ថ្លែងបន្តយ៉ាងដូច្នេះ ៖ «ដោយឡែកករណី ឈិត អ៊ីវ គាត់នោះ គាត់ច្រឡោតតោតតូងដាក់ ម៉ា ម៉េងឃាង ខ្ញុំ និង ណាត ដើរទៅជាមួយគ្នា។ ណាត កេះខ្ញុំឲ្យទៅសួរ ព្រោះ ម៉ា ម៉េងឃាង ចាញ់ហើយខាងផ្លូវសម្ដី ម៉ា ម៉េងឃាង ចាញ់ខាង ឈិត អ៊ីវ ដូច្នេះខ្ញុំក៏ចូលទៅសួរវា និយាយចុះនិយាយឡើងទាល់តែ ឈិត អ៊ីវ ចុះចាញ់ខ្ញុំ បានខ្ញុំទះកំភ្លៀង។ ដែលខ្ញុំទៅទះនេះ ដើម្បីកុំឲ្យ ណាត គាត់វ៉ៃ ព្រោះមិនចង់ឲ្យគាត់ដែលមានឋានៈធំហ្នឹងទៅជ្រលក់ដៃទះកំភ្លៀងអ្នកទោសដោយផ្ទាល់ដៃទេ។ បើចិត្តគាត់ គាត់ចង់ទះ ព្រោះ ឈិត អ៊ីវ នេះ ពីដើមមកជាអធិការនគរបាលជាតិ សួរចម្លើយខ្មែរក្រហម ធ្វើបាបខ្មែរក្រហមច្រើនណាស់ បានគាត់មានគំនុំ ហើយគាត់ចង់តែវ៉ៃទេ ខ្ញុំទៅវ៉ៃជំនួស។ ដូច្នេះរឿងនេះជារឿងដោយឡែកមួយ»។
ក្នុងសវនាការនៅថ្ងៃច័ន្ទនេះដែរ ឌុច ក៏បានទទួលស្គាល់នូវចំណារដែលមានខ្លឹមសារថា «កម្ទេចចោលឲ្យម៉ត់ទៅ!» ក្នុងការបញ្ជាឲ្យមនុស្សក្រោមបង្គាប់របស់គាត់សម្លាប់អ្នកទោសកុមារចំនួន ១៧នាក់នៅមន្ទីរស-២១ ថាជាចំណាររបស់គាត់ពិតប្រាកដមែន។
គួរជម្រាបជូនថា សវនាការលើករណីរបស់ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលជាអតីតប្រធានមន្ទីរឃុំឃាំង ស-២១ និងបន្តក្នុងរយៈពេលបីសប្តាហ៍តទៅមុខទៀត ដោយផ្ដោតលើប្រតិបត្តិការនៅមន្ទីរ ស-២១ ឬគុកទួលស្លែង និងមន្ទីរស-២៤ ឬគុកព្រៃស ព្រមទាំងការស្ដាប់ចម្លើយរបស់អ្នកដែលនៅរស់រានមានជីវិតពីគុកទួលស្លែងផងដែរ៕
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.