អស់រយៈពេលជិតមួយខែក្រោយពេលដែលសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមចេញសាលក្រមសម្រេចឱ្យជាប់ទោស ៣៥ឆ្នាំមក អតីតប្រធានគុកទួលស្លែងឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ចាប់ផ្ដើមប្ដឹងសារទុក្ខទៅអង្គជំនុំជម្រះតុលាការកំពូល តាមរយៈមេធាវីរបស់ខ្លួន។
សហមេធាវីរបស់លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច គឺលោក កង ឫទ្ធារី ថ្លែងឱ្យដឹងថា បណ្តឹងសារទុក្ខរបស់លោក បានដាក់ជូនទៅអង្គជំនុំជម្រះសាលាដំបូងនៅរសៀលថ្ងៃទី២៤ ខែសីហា ដែលប្រឆាំងនឹងសាលក្រមរបស់សាលាដំបូង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ដែលសម្រេចឱ្យកូនក្តីលោកជាប់ទោស ៣៥ឆ្នាំថា ជាការសម្រេចដោយភ័ន្តច្រឡំ។
លោក កង ឫទ្ធារី មានប្រសាសន៍ថា ៖ «យើងប្ដឹងទៅនឹងសេចក្ដីសម្រេចហ្នឹង ពីព្រោះដោយសារតែការជម្រះក្ដីហ្នឹងយល់ច្រឡំ បានជាដើមហេតុធ្វើឱ្យផ្ដន្ទាទោសកូនក្ដីខ្ញុំ»។
លោកបញ្ជាក់បន្ថែមថា ការជំទាស់នេះ ពីព្រោះតែលោកយល់ថា អតីតប្រធានគុកទួលស្លែងឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលជាកូនក្ដីរបស់លោក មិនត្រូវស្ថិតនៅក្នុងយុត្តាធិការ ឬក្នុងដែនអំណាចសមត្ថកិច្ចរបស់សាលាក្ដីខ្មែរក្រហមសម្រាប់យកមកកាត់ទោសទេ ម្យ៉ាងទៀតខុសទៅនឹងកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតសាលាក្ដីខ្មែរក្រហម។
លោក កង ឫទ្ធារី បន្ថែមដូច្នេះ ៖ «ចង់បញ្ជាក់ថា សាលាក្ដីនេះអត់មានយុត្តាធិការលើបុគ្គលម្នាក់ហ្នឹងទេ គោរពទៅតាមឋានានុក្រមចំណុចពីរ។ ចំណុចមួយមេដឹកនាំខ្ពស់បំផុត និងចំណុចពីរ គឺឋានានុក្រមបុគ្គល គឺអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះបទឧក្រិដ្ឋ»។
ការលើកឡើងរបស់មេធាវី ឌុច ត្រូវបានមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីក្រុមទី៣ លោក គឹម ម៉េងឃី ឆ្លើយតបដោយទស្សនៈរបស់លោកថា តុលាការនេះពិតជាមានសមត្ថកិច្ចក្នុងការកាត់ទោស ឌុច ៖ «តុលាការនេះពិតជាមាន ពីព្រោះវិសាលភាពរបស់គុកទួលស្លែងនៅពេលនោះមានអំណាចធំធេង»។
នៅក្នុងបណ្ដឹងសារទុក្ខរបស់ក្រុមមេធាវីលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលថា តុលាការកាត់ទោសដោយការភ័ន្តច្រឡំនោះ បានធ្វើសេចក្តីសន្និដ្ឋានទៅអង្គជំនុំជម្រះតុលាការកំពូលឱ្យបដិសេធចោលសេចក្ដីសម្រេចរបស់សាលាដំបូង និងដោះលែង ឌុច ឱ្យមានសេរីភាព ហើយសុំឱ្យចាត់ទុក ឌុច ជាសាក្សីនៅក្នុងរឿងក្តីនេះវិញ។ ចំពោះការជាប់ឃុំឃាំងរបស់ ឌុច តាំងពីថ្ងៃចាប់ខ្លួនមក មិនចាំបាច់ទូទាត់អ្វីទេ ដោយចាត់ទុកថា ជាការរក្សាការពារសាក្សីចុះ។
សាលាក្ដីខ្មែរក្រហមមិនទាន់បានកំណត់ពេលសម្រាប់ជំនុំជម្រះលើបណ្ដឹងសារទុក្ខនេះនៅឡើយទេ។ ស្របពេលនេះដែរ ក្រុមមេធាវីដើមបណ្ដឹងរដ្ឋប្បវេណី និងព្រះរាជអាជ្ញា ក៏កំពុងប្ដឹងឧទ្ធរណ៍អំពីសេចក្ដីសម្រេចរបស់សាលាដំបូងដែរ៕
