ឌុច ថ្លែង​សុំ​ការ​អត់​ទោស​ពី​ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម

2009-03-31

កាំង ហ្កិចអ៊ាវ ហៅ ឌុច ឈាន​មក​ដល់​ថ្ងៃ​ទី​ពីរ​នៃ​ការ​ជំនុំ​ជម្រះ​ក្តី បាន​ប្រកាស​ទទួល​ស្គាល់​កំហុស​របស់​គាត់​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​សម្លាប់​មនុស្ស​នៅ​មន្ទីរ​ស​-២១ ឬ​ហៅ​ថា គុក​ទួលស្លែង និង​សុំ​ទទូច​ឲ្យ​ជន​រង​គ្រោះ​ទាំង​ឡាយ​ទទួល​យក​នូវ​ពាក្យ​សុំ​ទោស​របស់​គាត់។

POOL PHOTO/Pring SAMRANG

កាំង ហ្កិចអ៊ាវ ហៅ ឌុច (ពាក់​អាវ​ស) អតីត​មេ​គុក​ទួល​ស្លែង​នៃ​របប​ខ្មែរ​ក្រហម នៅ​ក្នុង​សវនាការ​នា​ថ្ងៃ​៣០ មីនា ២០០៩ នៅ​ឯ​សាលាក្ដី​ខ្មែរ​ក្រហម​ក្នុង​ក្រុង​ភ្នំពេញ។

ជា​មួយ​គ្នា​នេះ អតីត​មេ​គុក​ទួលស្លែង កាំង ហ្កិចអ៊ាវ ហៅ ឌុច បាន​អះអាង​ទៀត​ថា នយោបាយ​ដែល​នាំ​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​មនុស្ស​ជា​ប្រព័ន្ធ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម គឺ​បង្កើត​ឡើង​ដោយ ប៉ុល ពល ៖ «ក្រោយ​១៧ មេសា ១៩៧៥ ប៉ុល ពត កើត​ចិត្ត​ភ្លើត​ភ្លើន​ខ្លាំង​ណាស់ បាន​លើក​មាគ៌ា​ដែល​ប៉ះពាល់​ដល់​អាយុ​ជីវិត​មនុស្ស សំខាន់​គឺ​មាន​បក្ខ​ជន​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​កណ្ដាប់​ដៃ​គាត់ ឧក្រិដ្ឋកម្ម​ជំនាន់​នោះ​ធំ​ធេង​ណាស់»

Video by Uon Chhin

នេះ​ជា​លើក​ដំបូង​ហើយ ដែល​អតីត​មេ​គុក​ទួលស្លែង កាំង ហ្កិចអ៊ាវ ហៅ ឌុច បាន​ថ្លែង​ជា​សាធារណៈ​ក្នុង​អង្គ​សវនាការ​អំពី​ការ​ដឹង​ឮ​និង​ការ​ចូលរួម​របស់​គាត់​នៅ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ រួមទាំង​ការ​សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរ​ក្រហម​កាល​ពី​៣០​ឆ្នាំ​មុន។

ជាមួយ​គ្នា​នឹង​ការ​ថ្លែង​រំឭក​អំពី​វិប្បដិសារី​និង​ការ​សោកស្តាយ ឌុច ក៏​បាន​ថ្លែង​សុំ​ទោស​ដល់​ជន​រង​គ្រោះ​យ៉ាង​ដូច្នេះ​ទៀត​ថា ៖ «ពេល​នេះ ខ្ញុំ​សូម​អស់​លោក​ទាំង​នោះ លោក​មេត្តា​ទទួល​ដឹង​ឮ​ថា ខ្ញុំ​ចង់​សូម​ទោស ខ្ញុំ​លោក​មេត្តា​យក​បំណង​នេះ​ទៅ​ពិចារណា។ ខ្ញុំ​ពិត​ជា​មិន​ទាន់​ទាមទារ​សុំ​ឲ្យ​លោក​អត់​ទោស​ឲ្យ​ខ្ញុំ​នៅ​ពេល​ឥឡូវ​នេះ​ទេ ខ្ញុំ​ដឹង​ហើយ​ថា ឧក្រិដ្ឋ​កម្ម​របស់​ខ្ញុំ​ទៅ​លើ​ជីវិត​មនុស្ស ជា​ពិសេស​ទៅ​លើ​ជីវិត​ស្ត្រី​និង​កុមារ ជា​ឧក្រិដ្ឋ​កម្ម​ធ្ងន់​ធ្ងរ​មិន​អាច​អត់​ឱន​ឲ្យ​បាន​នោះ​ទេ។ សំណូម​ពរ​បច្ចុប្បន្ន​នេះ​របស់​ខ្ញុំ គឺ​សូម​មេត្តា​អស់​លោក​ៗ​មេត្តា​ទុក​ទ្វារ​ចូល​សុំ​ទោស​ឲ្យ​នៅ​ចំហ»

នៅ​ក្នុង​គុក​ទួលស្លែង​នា​អំឡុង​របប​ខ្មែរ​ក្រហម មាន​មនុស្ស​ប្រមាណ​១​ម៉ឺន​៦​ពាន់​នាក់ ត្រូវ​បាន​សម្លាប់ ហើយ​មាន​ជន​រង​គ្រោះ​ជាង​១០​នាក់​ដែល​មាន​សំណាង​រួច​ផុត​ពី​ការ​សម្លាប់​រង្គាល​នា​ពេល​នោះ។

ជន​រង​គ្រោះ​ម្នាក់​នៅ​គុក​ទួលស្លែង គឺ​លោក ប៊ូ ម៉េង ថ្លែង​ថា លោក​នៅ​មិន​ទាន់​អាច​អត់​ឱន​ទោស​ឲ្យ ឌុច បាន​នៅ​ឡើយ​ទេ ៖ «ខ្ញុំ​មិន​អាច​អត់​ឱន​ឲ្យ​បាន​ទេ ពីព្រោះ​នេះ​មិន​មែន​ជា​រឿង​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក អត់​ទោស​ឲ្យ​គ្នា​បាន​ឯ​ណា នេះ​វា​ជា​រឿង​ឧក្រិដ្ឋកម្ម ពីព្រោះ​អ្នក​ដែល​ស្លាប់​ប្រពន្ធ អ្នក​ដែល​ស្លាប់​ប្ដី ស្លាប់​កូន ស្លាប់​ចៅ ស្លាប់​ពូ​មា​មីង​ទាំង​អស់ គេ​ម៉េច​នឹង​សុខ​ចិត្ត»

ចំណែក​ឯ​មេធាវី​របស់ ឌុច គឺលោក កា សាវុធ បាន​ថ្លែង​ការពារ​ថា ទោះ​បី​ជា​កូន​ក្តី​របស់​លោក​ទទួល​ស្គាល់​កំហុស​ក៏​ដោយ ក៏​ប៉ុន្តែ ការចាប់ ឌុច មក​កាត់​ទោស​តែ​ម្នាក់​ឯង​គឺ​មិន​យុត្តិធម៌​ឡើយ។ លោក កា សាវុធ អះអាង​ថា មាន​មេគុក​ជិត ២០០​នាក់​ទៀត ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ដូច ឌុច នោះ​ដែរ ៖ «ដែល​ខ្ញុំ​ទាមទារ​នេះ គឺ​មិន​មែន​ទាមទារ​ឲ្យ​យក​មេ​គុក​ទាំង ១៩៥​មក​កាត់​ទោស​នោះ​ទេ គឺ​ខ្ញុំ​ទាមទារ​ពិចារណា​រក​ហេតុ​ផល​ប្រៀប​ធៀប ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ តា ឌុច រួច​ខ្លួន​ដូច​មេគុក ១៩៥​នាក់​នោះ​ដែរ»

ទោះបី​យ៉ាង​ណា ការ​កាត់​ក្តី​លើ​ករណី ឌុច ត្រូវ​តុលាការ​ប្រកាស​បន្ត​ធ្វើ​នៅ​ថ្ងៃ​ពុធ ទី​១ ខែ​មេសា បន្ត​ទៀត៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ

ទំព័រ​នេះ​ផ្ទុក​នូវ​អត្ថបទ​និង​បទសម្ភាសន៍​សំខាន់ៗ ទាក់ទង​នឹង របប​ខ្មែរក្រហម។

Khmer Rouge Timeline