សាលាក្ដី​ខ្មែរ​ក្រហម​ចាប់​ផ្ដើម​សួរ​ចម្លើយ​ឌុច​អំពី​មន្ទីរ​ស-​២១

សវនាការ​រឿង​ក្តី​របស់ ឌុច អតីត​ប្រធាន​មន្ទីរ​ស-​២១ ក្នុង​សប្តាហ៍​ទី​៣ បាន​បញ្ចប់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​មេសា​នេះ។

0:00 / 0:00

នៅ​ក្នុង​សវនាការ​ដែល​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១១​ហើយ​នោះ អង្គ​ជំនុំ​ជម្រះ​បាន​ផ្តើម​សួរ​ដេញ​ដោល​ជា​សំខាន់​អំពី​រឿង​មន្ទីរ​សន្តិសុខ ស-​២១។

ជន​ជាប់​ចោទ ឌុច បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​ថា មន្ទីរ​សន្តិសុខ​ស-​២១ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់ សុន សេន។ ឌុច បាន​លើក​ឡើង​ឯកសារ​មួយ ចុះ​ថ្ងៃ​ទី​៩ តុលា ១៩៧៥ ដែល​សរសេរ​ថា សម​មិត្ត ខៀវ គឺ​ឈ្មោះ​បដិវត្តន៍​របស់ សុន សេន ទទួល​បន្ទុក​សេនាធិការ​និង​សន្តិសុខ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ឌុច បញ្ជាក់​ថា ឯកសារ​ទាំង​អស់​នៅ ស-​២១ សុទ្ធ​តែ​ជា​សេចក្តី​ដែល​គាត់​សរសេរ​ទៅ​មេ​របស់​គាត់ គឺ​លោក សុន សេន និងលោក នួន ជា។

តប​នឹង​សំណួរ​របស់​ចៅក្រម​នៃ​អង្គ​ជំនុំ​ជម្រះ​អំពី​តួនាទី​របស់​មន្ទីរ​សន្តិសុខ ស-​២១ ជន​ជាប់​ចោទ ឌុច បាន​ឆ្លើយ​ដូច្នេះ ៖ «ខ្ញុំ​សូម​ជម្រាប​ថា គ្រប់​មន្ទីរ​សន្តិសុខ​ទាំង​អស់ រួម​ទាំង​មន្ទីរ ស-​២១​ផង មាន​ភារកិច្ច​ទទួល​ឃុំឃាំង ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ និង​ចុង​បញ្ចប់​កម្ទេច គឺ​យក​ទៅ​សម្លាប់»

មន្ទីរ​សន្តិសុខ ស-​២១ កាល​ណោះ មាន​ឈ្មោះ ណាត ជា​ប្រធាន ឌុច ជា​អនុប្រធាន និង ឃឹម វ៉ាក ហៅ ហ៊។

ឌុច បញ្ជាក់​ថា គាត់​ត្រូវ​បាន សុន សេន ចាត់​តាំង​ឱ្យ​ធ្វើ​ជា​ប្រធាន ស-​២១ នៅ​ពាក់​កណ្តាល​ឆ្នាំ​១៩៧៦។ ការ​គ្រប់គ្រង​ជីវភាព​ប្រចាំ​សប្តាហ៍​គឺ​មិត្ត ហ៊ អនុប្រធាន​គាត់ ហើយ​ក្រៅ​ពី​នោះ​ប្រធាន​ពួក​ផ្សេងៗ​ទៀត។

ឌុច បាន​និយាយ​ដែរ​ថា គាត់​បញ្ចូល​កម្មាភិបាល​និង​យុទ្ធជន​ដែល​មក​ពី​មន្ទីរ ម-​១៣ នៅ​អមលាំង សឹង​ទាំង​អស់​ទៅ​ក្នុង​ក្រុម​សួរ​ចម្លើយ​នៅ​មន្ទីរ ស-​២១ ហើយ​មាន​ពីរ​នាក់ ត្រូវ ឌុច យក​ធ្វើ​ជា​និរសារ​ផ្ទាល់​ខ្លួន។

អ្នក​សួរ​ចម្លើយ​ក្នុង​ស-​២១ មាន​បួន​ក្រុម គឺ​ក្រុម​ត្រជាក់ ក្រុម​ក្តៅ ក្រុម​អង្គាម និង​ក្រុម​១​ផ្សេង​ទៀត ដែល ឌុច រក​នឹក​មិន​ឃើញ។ ក្នុង​នោះ​ក៏​មាន​ក្រុម​អ្នក​សួរ​ចម្លើយ​ជា​ស្ត្រី​ផង​ដែរ ដែល​អ្នក​សួរ​ចម្លើយ​ទាំង​នោះ​ជា​ប្រពន្ធ​របស់​កម្មាភិបាល​របស់​មន្ទីរ ស-​២១។

គោល​បំណង​នៃ​ការ​បង្កើត​ក្រុម​អ្នក​សួរ​ជា​ស្ត្រី​នោះ ឌុច បញ្ជាក់​ដូច្នេះ ៖ «យក​មនុស្ស​ស្រី​ទៅ​សួរ​ចម្លើយ​ស្រី​នេះ ទើប​នឹង​បង្កើត​ក្រោយ​បាតុភាព​មួយ​កើត​ឡើង គឺ​អ្នក​សួរ​ចម្លើយ​ប្រុស​រំលោភ​លើ​រាងកាយ​របស់​អ្នក​ទោស​ស្រី។ កើត​រឿង​នេះ ខ្ញុំ​ដក​អ្នក​សួរ​ចម្លើយ​ប្រុស​ហ្នឹង​ចេញ ហើយ​សុំ​អនុញ្ញាត​បង្កើត​អ្នក​សួរ​ចម្លើយ​ស្រី​ដោយ​ប្រមូល​ប្រពន្ធ​កម្មាភិបាល​ទាំង​អស់»

នៅ​ថ្ងៃ​បញ្ចប់​ការ​ជំនុំ​ជម្រះ​ក្នុង​សប្តាហ៍​ទី​៣ មាន​អ្នក​ចូលរួម​ប្រមាណ ៤០០​នាក់ ដែល​ភាគ​ច្រើន​ជា​ប្រជាជន​មក​ពី​ឃុំ​អមលាំង ខេត្ត​កំពង់ស្ពឺ។ រឿង​ក្តី​របស់​ឌុច ត្រូវ​សាលាក្តី​ខ្មែរ​ក្រហម​គ្រោង​នឹង​ធ្វើ​បន្ត​ទៀត នៅ​ថ្ងៃ​ច័ន្ទ​ទី​២៧ ខែ​មេសា សប្តាហ៍​បន្ទាប់៕