ក្នុងការផ្តល់សក្ខីកម្មសម្រាប់ភាគីចុងចោទនៅក្នុងសវនាការនៃសាលាក្តីខ្មែរក្រហម កាលពីថ្ងៃច័ន្ទម្សិលមិញ លោក Raoul Jennar អ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរ បានថ្លែងឲ្យដឹងថា នៅក្នុងរបបខ្មែរក្រហមមានមណ្ឌលឃុំឃាំងចំនួន៩កន្លែងផ្សេងទៀត ដែលមានផ្ទុកអ្នកទោសច្រើនជាងមន្ទីរស-២១ ឬគុកទួលស្លែងទៅទៀត។ ប៉ុន្តែមិនមានមេគុកណាមួយនៃមន្ទីរឃុំឃាំងទាំងនោះត្រូវបានគេនាំខ្លួនយកមកជំនុំជម្រះទោសដូច ឌុច នោះទេ។
ទីភ្នាក់ងារព័ត៌មានអា.អេហ្វ.ប៉េ. បានដកស្រង់សម្តីរបស់ Raoul Jennar ដែល បានឲ្យដឹងទៀតថា ចំពោះលោក យុត្តិធម៌មិនមែននៅត្រង់ការប្រើប្រាស់ជនណាម្នាក់មកធ្វើជាឈ្នាន់នោះទេ។
លោកថា មេគុកមួយចំនួននោះកំពុងនៅមានជីវិតនៅឡើយ ប៉ុន្តែលោកមិនបានបង្ហើបឈ្មោះពួកគេទេ។
គួរបញ្ជាក់ថា ថ្មីៗនេះ អង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហមបានសម្រេចឲ្យមានការស៊ើបអង្កេតដែលអាចនាំទៅដល់ការចាប់ខ្លួននូវជនសង្ស័យបន្ថែមទៀតដែលគេសង្ស័យថា បានប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងរបបខ្មែរក្រហម ហើយដែលសំណើនេះបានលើកឡើងដោយសហព្រះរាជអាជ្ញាបរទេស។ ប៉ុន្តែសំណើស៊ើបអង្កេតបន្ថែមនេះ ត្រូវបានប្រមុខរដ្ឋាភិបាលប្រតិកម្មថា វានឹងមិនអាចទៅមុខរួចទេ៕
