ឌុច បដិសេធ​សាក្សី​ទី​៤​នៅ​គុក​ទួលស្លែង

2009-07-03

អតីត​ប្រធាន​គុក​ទួល​ស្លែង កាំង ហ្កេក​អ៊ាវ ហៅ ឌុច និង​មេធាវី​របស់​គាត់ បាន​បដិសេធ​សាក្សី​ទី​៤​នៅ​គុក​ទួលស្លែង ដែល​ឡើង​មក​បំភ្លឺ​ដល់​អង្គ​ជំនុំ​ជម្រះ​នៅ​សាលាក្តី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា​នេះ ដោយ​និយាយ​ថា មិន​មាន​ភស្តុតាង​មាំ​ទាំ​ឡើយ។

AFP Photo/Pool

អតីត​មេ​គុក​ទួលស្លែង កាំង ហ្កិចអ៊ាវ ហៅ ឌុច បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​សវនាការ​ជំនុំ​ជម្រះ​ក្ដី​នៅ​ឯ​សាលាក្ដី​ខ្មែរ​ក្រហម កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ២០០៩។

ការ​បដិសេធ​នេះ​បាន​កើត​មាន​ក្នុង​ពេល​ដែល​លោក នង ចាន់ផល ឡើង​បំភ្លឺ​ជូន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​អំពី​រឿង​រ៉ាវ​របស់​លោក​នៅ​ក្នុង​គុក​ទួលស្លែង ក្នុង​គ្រា​ដែល​លោក ម្តាយ​និង​ប្អូន​របស់​លោក​ជាប់​ឃុំ​នៅ​ទី​នោះ កាល​ពី​ចុង​ឆ្នាំ​១៩៧៨ មុន​នឹង​របប​ខ្មែរ​ក្រហម​ដួល​រលំ​បន្តិច។

ការ​អះអាង​របស់​លោក នង ចាន់ផល ត្រូវ​បាន​លោក កា សាវុធ មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច តវ៉ា​ជាមួយ​នឹង​មន្ទិល​របស់​ខ្លួន​ដូច្នេះ ៖ «គេ​បញ្ជា​មក​ពី​លើ ជា​ពិសេស គឺ​ថ្ងៃ​២-​៣ មករា ១៩៧៩ គឺ នួន ជា បញ្ជា​តែ​ម្ដង ទាំង​ក្មេង​ទាំង​ចាស់​ទាំង​ប្រុស​ទាំង​ស្រី​ត្រូវ​កម្ទេច​ឲ្យ​អស់​គ្មាន​ឲ្យ​សល់។ ដូច្នេះ គេ​ប្រមូល​ខ្ទេច​ខ្ទី គ្មាន​ឲ្យ​នៅ​សល់​ម្នាក់​នៅ​ស-​២១​ទេ លើក​លែង​តែ​៤​នាក់​ដែល​បាញ់​ជន​បរទេស​ជា​អ្នក​កាសែត​ដែល​គេ​មិន​ទាន់​សួរ​ចម្លើយ គេ​ទុក​សិន។ មាន​តែ​ប៉ុណ្ណឹង​ទេ ហើយ​ជន​ជាប់​ចោទ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​អត់​ជឿ​ថា មាន​នរណា​ហ៊ាន​ប្រឆាំង​នឹង​បញ្ជា​របស់​ថ្នាក់​លើ​ទេ»

លោក នង ចាន់ផល បាន​ជម្រាប​ជូន​អង្គ​ជំនុំ​ជម្រះ​អំពី​ស្ថានភាព​ម្តាយ​របស់​លោក​យ៉ាង​ដូច្នេះ ៖ «ដល់​ពេល​គាត់​ទៅ​ដល់ គេ​សម្លុត​គាត់ គេ​ច្រាន​គាត់​ឲ្យ​ឈរ​នៅ​មុខ​ម៉ាស៊ីន​ថត ហើ​មាន​ការ​រុញ​ឲ្យ​គាត់​ឈរ​ឲ្យ​ត្រង់ តែ​គាត់​ធ្វើ​មិន​ត្រូវ។ ដោយ​គាត់​មាន​ជំងឺ​ហើម​ផង ខ្ញុំ​ឃើញ​គេ​រុញ​គាត់​ចង់​ដួល ហើយ​ទាញ​សក់​គាត់​មក​ក្រោយ។ មក​ដល់​ចំណុច​នេះ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដដែល ថ្មីៗ»

លោក នង ចាន់​ផល ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា ម្តាយ​របស់​លោក ប្អូន និង​រូប​លោក ត្រូវ​ខ្មែរ​ក្រហម​ចាប់​បញ្ជូន​មក​គុក​ទួលស្លែង បន្ទាប់​ពី​ឳពុក​របស់​លោក​ត្រូវ​ចាប់​ខ្លួន​មួយ​រយៈ​មក។

ជន​ជាប់​ចោទ ឌុច បាន​ទទួល​យក​ការ​ឈឺ​ចាប់​របស់​លោក នង ចាន់​ផល ហើយ​ទទួល​ស្គាល់​ថា ឳពុក​របស់​លោក នង ចាន់​ផល ពិត​ជា​ត្រូវ​ចាប់​មក​គុក​ទួល​ស្លែង ពីព្រោះ​មាន​ឯកសារ​បញ្ជាក់។

ចំពោះ​ករណី​ម្តាយ​របស់​លោក នង ចាន់​ផល ជន​ជាប់​ចោទ ឌុច បាន​បញ្ជាក់​ដូច្នេះ ៖ «ចំពោះ​ម្ដាយ និង​រូប​លោក នង ចាន់​ផល ផ្ទាល់ តើ​រង​ទុក្ខ​វេទនា​នៅ​ទី​ណា ខ្ញុំ​អត់​ទាន់​ច្បាស់ ដូច្នេះ​បើ​មាន​ក្រដាស​មួយ​សន្លឹក​មក​ទៀត វា​ច្បាស់​ហើយ ម្ដាយ​មក​គឺ​កូន​មក​ហើយ។ គ្រប់​ភស្តុតាង​ទាំង​អស់​ដែល​មាន​ឥទ្ធិពល​លើ​ខ្ញុំ​គឺ​ភស្តុតាង​ចេញ​ពី​ស-​២១។ ខ្ញុំ​មិន​ទទួល​ស្គាល់​ភស្តុតាង​ណា​ដែល​មិន​ចេញ​ពី​ស-​២១​ទេ»

លោក នង ចាន់​ផល គឺ​ជា​អតីត​កុមារ​ម្នាក់​ក្នុង​ចំណោម​កុមារ ៥​នាក់ ដែល​ត្រូវ​បាន​សង្រ្គោះ​ឲ្យ​រួច​ជីវិត​ពី​គុក​ទួលស្លែង ក្រោយ​ពេល​របប​ខ្មែរ​ក្រហម​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ