ឌុច​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រឈម​មុខ​នឹងការ​កាត់​សេចក្ដី​ចុង​ក្រោយ

មេធាវី​ការពារ​ក្តី​ឲ្យ កាំង ហ្កេកអ៊ាវ ហៅ ឌុច បាន​ថ្លែង​ថា ឌុច កំពុង​មាន​ការ​ព្រួយ​បារម្ភ​មិន​ដឹង​ត្រូវ​ថ្លែង​ក្នុង​នាទី​ចុង​ក្រោយ​យ៉ាង​ដូចម្តេច​នៅ​ចំពោះ​មុខ​សាលា​ក្តី​ខ្មែរ​ក្រហម​នៅ​ក្នុង​សប្តាហ៍​នេះ។

ការ​កាត់​សេចក្តី​លើ​ជន​ជាប់​ចោទ​ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​មេ​គុក​ទួលស្លែង ឬ​មន្ទីរ​ស-២១ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ នឹង​ត្រូវ​ឈាន​ដល់​ទី​បញ្ចប់​នៅ​សប្តាហ៍​នេះ ហើយ​ដែល​គេ​រំពឹង​ថា ឌុច នឹង​ទទួល​សារភាព​កំហុស​របស់​ខ្លួន​ក្នុង​អំពើ​ធ្វើ​ទារុណកម្ម​និង​ការ​កាប់​សម្លាប់​មនុស្ស​ប្រមាណ​ពី​១៤.០០០​នាក់​ទៅ​១៦.០០០​នាក់​នៅ​ក្នុង​បរិវេណ​គុក​ទួលស្លែង និង​នៅ​វាល​ពិឃាត​បឹង​ជើងឯក។

ប្រភព​ព័ត៌មាន​អេភី (AP) បាន​ឲ្យ​ដឹង​ថា លោក ហ្វ្រង់ស្វ័រ រូស (Francois Roux) មេធាវី​ជន​បរទេស​ដែល​ការពារ​ក្តី​ឲ្យ ឌុច បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ថា ឌុច កំពុង​មាន​អារម្មណ៍​ញាប់ញ័រ​ក្នុង​ចិត្ត​ខណៈ​ដែល​នឹង​ត្រូវ​ឡើង​ថ្លែង​ជា​ចុង​ក្រោយ​នៅ​សប្តាហ៍​នេះ​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​នៃ​សាលាក្តី​ខ្មែរ​ក្រហម។

លោក​មេធាវី ហ្វ្រង់ស្វ័រ រូស បន្ត​ថា ឌុច មាន​ការ​ព្រួយ​បារម្ភ​និង​ខ្វាយខ្វល់​ដោយ​ពុំ​ដឹង​ថា នឹង​ថ្លែង​និយាយ​ពី​អ្វី​ខ្លះ ហើយ​តើ​ត្រូវ​និយាយ​ដោយ​របៀប​ណា? លោក​មេធាវី ហ្វ្រង់ស្វ័រ រូស បន្ត​ទៀត​ថា ឌុច សង្ឃឹម​ថា ចៅក្រម​នឹង​ធ្វើ​ការ​ពិចារណា​ចំពោះ​ការ​សារភាព​និង​ការ​សុំ​ខមាទោស​របស់​គាត់​ពី​ជន​រង​គ្រោះ​និង​ក្រុម​គ្រួសារ​របស់​គេ។

លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ថ្លែង​ថា សប្តាហ៍​នេះ​គឺ​ជា​សប្តាហ៍​ដែល​មាន​អត្ថន័យ​និង​មាន​សារសំខាន់​ជា​ខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​និង​ជន​រងគ្រោះ​ទាំង​ឡាយ​នៃ​របប​ខ្មែរ​ក្រហម ដែល​បាន​បាត់​បង់​អ្នក​ជា​ទី​ស្រឡាញ់​របស់​គេ ដែល​ក្នុង​របប​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ប្រមាណ​១​លាន​៧​សែន​នាក់​បាន​ស្លាប់ ដោយសារ​ការ​កាប់​សម្លាប់ ធ្វើ​ការ​ហួស​កម្លាំង ជំងឺ​តម្កាត់ និង​ការ​បង្អត់​ស្បៀង​អាហារ។

ជន​ជាប់​ចោទ ឌុច ត្រូវ​គេ​រំពឹង​ថា នឹង​ប្រឈម​មុខ​ចំពោះ​ការ​ប្រកាស​សាលក្រម​របស់​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ដែល​អាច​នឹង​សម្រេច​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត នៅ​ដើម​ឆ្នាំ​២០១០​ខាង​មុខ​នេះ៕