នីតិ​វិធី​សួរ​ដេញ​ដោល​អំពី​អត្តចរិត​របស់​ឌុច​ត្រូវ​បាន​បញ្ចប់

2009-09-17

ចៅក្រម​ជំនុំ​ជម្រះ​របស់​សាលាក្តី​ខ្មែរ​ក្រហម បាន​ប្រកាស​ថា នីតិ​វិធី​សួរ​ដេញ​ដោល​អំពី​អត្ត​ចរិត​របស់​ជន​ជាប់​ចោទ ឈ្មោះ កាំង ហ្កេក​អ៊ាវ ហៅ ឌុច បាន​បញ្ចប់​ហើយ។

RFA/LENG MALY

រូប កាំង ហ្កេក​អ៊ាវ ហៅ ឌុច ថត​ចេញ​ពី​រូប​ភាព​វីដេអូ​ផ្សាយ​ផ្ទាល់​ឲ្យ​អ្នក​កាសែត​ទស្សនា នា​ថ្ងៃ​ទី​២៣ មេសា ២០០៩។

ការ​បញ្ចប់​នេះ​បាន​ប្រកាស​ឡើង​ដោយ​លោក និល ណុន ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០០៩ បន្ទាប់​ពី​បាន​ពិភាក្សា​ដេញ​ដោល​គ្នា​អស់​រយៈ​ពេល​ពីរ​សប្តាហ៍​អំពី​អត្តចរិត​របស់​ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច។

លោក និល ណុន ថ្លែង​ដូច្នេះ​ថា ៖ «ដំណើរការ​នៃ​កិច្ច​ពិភាក្សា​ដេញ​ដោល​អំពី​អត្ត​ចរិត​របស់​ជន​ជាប់​ចោទ ឃើញ​ថា​ដល់​ទី​បញ្ចប់​ហើយ»

ការ​ពិភាក្សា​ដេញ​ដោល​គ្នា​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​កន្លង​មក បាន​ផ្តោត​ទៅ​លើ​សក្ខី​កម្ម​នានា ផ្តល់​ដោយ​សាក្សី​និង​អ្នក​ជំនាញ​ជា​ច្រើន​រូប ដែល​បាន​ស្គាល់​និង​សិក្សា​អំពី​ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច កន្លង​មក។

សាក្សី​ដែល​ឡើង​មក​ផ្តល់​សក្ខី​កម្ម​អំពី​អត្ត​ចរិត​របស់​ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច មាន​ជា​អាទិ៍​មិត្ត​ភក្តិ កូន​សិស្ស​របស់​ជន​ជាប់​ចោទ គ្រូ​ពេទ្យ អ្នក​ចិត្ត​សាស្រ្ត និង​អ្នក​ជំនាញ​ខាង​ផ្នែក​ច្បាប់​ផង​ដែរ។

ទាក់ទង​នឹង​សវនាការ​លើ​សំណុំ​រឿង​ក្តី​លេខ​០០១ របស់​ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច រហូត​មក​ដល់​ការ​បញ្ចប់​លើ​នីតិ​វិធី​សួរ​ដេញ​ដោល​អំពី​អត្ត​ចរិត​ជន​ជាប់​ចោទ​នេះ ត្រូវ​លោក Knut Rosendhaug អនុប្រធាន​រដ្ឋបាល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០០៩​នេះ ថា​ជា​ការ​ឈាន​ជិត​ដល់​ទី​បញ្ចប់​សំណុំ​រឿង​នេះ​ហើយ ដោយ​លោក​ថ្លែង​ដូច្នេះ ៖ «ដូច្នេះ​ខ្ញុំ​ចង់​ជម្រាប​ថា ឥឡូវ​នេះ​យើង​កំពុង​តែ​ធ្វើ​ដំណើរ​កៀក​ទៅ​រក​ការ​បញ្ចប់​នូវ​សំណុំ​រឿង ០០១ ហើយ»

ការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ក្តី​ឧក្រិដ្ឋកម្ម​របស់​អតីត​ប្រធាន​គុក​ទួលស្លែង ឈ្មោះ កាំង ហ្កេក​អ៊ាវ ហៅ ឌុច ត្រូវ​មន្រ្តី​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរ​ក្រហម ប្រកាស​ឲ្យ​ដឹង​ក្នុង​ពេល​ថ្មីៗ ថា អាច​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០០៩​នេះ។

ចំណែក​ឯ​ថវិកា​សម្រាប់​ទ្រទ្រង់​ដំណើរ​ការ​សាលាក្តី​នេះ ក៏​នឹង​ត្រូវ​អស់​នៅ​ចុង​ឆ្នាំ​នេះ​ដែរ។ ទាំង​លោក ក្រាញ់ តូនី ប្រធាន​រដ្ឋបាល​ស្តីទី និង​លោក Knut Rosendhaug អនុប្រធាន​រដ្ឋបាល ថ្លែង​ថា គម្រោង​ថវិកា​ថ្មី​សម្រាប់​ឆ្នាំ​២០១០ និង​២០១១ កំពុង​តែ​រៀបចំ​ដើម្បី​ដាក់​ជូន​ក្រុម​ប្រទេស ដែល​ចាប់​អារម្មណ៍​និង​សាលាក្តី​ខ្មែរ​ក្រហម​នេះ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ ក៏​ប៉ុន្តែ​នៅ​ពេល​ជម្រាប​សួរ​ថា តើ​គម្រោង​ថវិកា​សម្រាប់​ឆ្នាំ​២០១០ និង​២០១១​នោះ មាន​ទំហំ​ទឹក​ប្រាក់​ប៉ុណ្ណា លោក Knut Rosendhaug ថ្លែង​ថា លោក​មិន​ទាន់​អាច​ផ្ដល់​ចំនួន​ជាក់​លាក់​បាន​ទេ​នៅ​ពេល​នេះ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ