ឌុច និយាយ​អំពី​អ្នក​ដែល​បញ្ជា​គាត់​ឲ្យ​កម្ទេច​អ្នក​ទោស

អតីត​មេ​គុក​ទួលស្លែង​បាន​បញ្ជាក់​អំពី​មនុស្ស​ថ្នាក់​កំពូល​ដែល​បាន​ចេញ​បញ្ជា​ឲ្យ​កម្ទេច ឬ​សម្លាប់​មនុស្ស​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

0:00 / 0:00

ការ​បញ្ជាក់​ឲ្យ​ដឹង​ដោយ​ជន​ជាប់​ចោទ​ដែល​ជា​អតីត​ប្រធាន​មន្ទីរ​ស-​២១ ឬ​គុក​ទួលស្លែង កាំង ហ្កេក​អ៊ាវ ហៅ ឌុច ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សវនាការ​អង្គ​សេចក្ដី​នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​មិថុនា ទាក់ទិន​នឹង​អង្គហេតុ​នៃ​ប្រតិបត្តិការ​នៅ​មន្ទីរ​ស-​២១ ឬ​គុក​ទួលស្លែង និង​នៅ​ទី​ពិឃាត​ជើង​ឯក ព្រមទាំង​អង្គហេតុ​នៃ​ការ​បង្កើត​និង​ប្រតិបត្តិការ​នៅ​មន្ទីរ​អប់រំ​កែប្រែ​ព្រៃ​ស ឬ​ស-​២៤។

ដោយ​ឡែក​ទាក់ទិន​នឹង​ការ​សម្លាប់​មនុស្ស​នៅ​គុក​ទួលស្លែង លោក​មេធាវី​ការពារ​ក្ដី​របស់ ឌុច គឺ​លោក កា សាវុធ បាន​ចោទ​សួរ ឌុច យ៉ាង​ដូច្នេះ ៖ «លោក​ជា​អ្នក​បញ្ជា​ទៅ​ថ្នាក់​ក្រោម​របស់​លោក ដើម្បី​ឲ្យ​កម្ទេច​ជន​រង​គ្រោះ​ទាំង ១២.៣៨០​នាក់ អ៊ីចឹង​សូម​លោក​បញ្ជាក់​ជូន​ទៅ​តុលាការ​ឲ្យ​អស់​ថា ថ្នាក់​លើ​របស់​លោក​មាន​អ្នក​នេះៗ​ដែល​បញ្ជា​លោក ដើម្បី​ឲ្យ​មហាជន​ទូទាំង​ប្រទេស ក៏​ដូច​ជា​សកលលោក​គេ​ឃើញ គេ​យល់ គេ​ដឹង​ពី​មុខ​ឧក្រិដ្ឋជន​ទាំង​នោះ»

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​នេះ ឌុច បាន​ថ្លែង​ថា តាម​មាគ៌ា​បក្ស ឲ្យ​តែ​ខ្មាំង​គឺ​ត្រូវ​តែ​កម្ទេច សូម្បី​តែ ប៉ុល ពត ក៏​ត្រូវ​គោរព​តាម​មាគ៌ា​បក្ស​ដែរ ហើយ​គាត់​បាន​បង្ហើប​នូវ​ឈ្មោះ​មេ​ដឹកនាំ​ពីរ​នាក់​ដែល​បាន​បញ្ជា​មក​លើ​រូប​គាត់​ផ្ទាល់​ក្នុង​ការ​សម្លាប់​ជន​រង​គ្រោះ។

ឌុច ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «ក៏​ប៉ុន្តែ​អ្នក​ដែល​បញ្ជា​ផ្ទាល់ ចាត់ចែង​កិច្ចការ​ផ្ទាល់​ពី​លើ​ខ្ញុំ គ្រប់​ពេល​វេលា ដំបូង​គឺ​លោកគ្រូ សុន សេន នៃ​ខ្ញុំ បន្ទាប់​មក​គឺ ពូ នួន គឺ នួន ជា នេះ​ឯង»

ចម្លើយ​របស់ ឌុច ត្រង់​ចំណុច​នេះ បាន​ធ្វើ​ឲ្យ​លោក​មេធាវី​ការពារ​ក្ដី​ជជីក​សួរ​បន្ថែម​រក​មនុស្ស​កំពូល​ដែល​បាន​ដាក់​បញ្ជា​ឲ្យ​សម្លាប់​មនុស្ស ៖ «អ៊ីចឹង​អ្នក​ណា​បញ្ជា​លើ​លោក នួន ជា បញ្ជា​លើ សុន សេន? មាន​ទៀត​ទេ​សូម​លោក​បញ្ជាក់​ឲ្យ​អស់​កុំ​ទុក»

សំណួរ​នេះ ត្រូវ​បាន ឌុច ឆ្លើយ​យ៉ាង​ខ្លី​ថា ៖ «ឪ​ម៉ែ​ធំ​ជាង​គេ គឺ ប៉ុល ពត គ្មាន​នរណា​ធំ​ជាង ប៉ុល ពត ទេ»

ទោះ​យ៉ាង​ណា ឌុច បាន​អះអាង​ថា គាត់​មិន​ដែល​បាន​សម្លាប់​មនុស្ស​ដោយ​ផ្ទាល់​ដៃ​ទេ ដែល​ការ​អះអាង​នេះ បាន​ធ្វើ​ឲ្យ​មេធាវី​ការពារ​ក្ដី​របស់​គាត់ គឺ​លោក កា សាវុធ សួរ​បញ្ជាក់​អំពី​ការ​ដែល ឌុច សុខ​ចិត្ត​ទទួល​ទោស ៖ «លោក​ថា លោក​មិន​ដែល​បាន​កម្ទេច​នរណា​ម្នាក់​ដោយ​ផ្ទាល់​ដៃ​ទេ ចុះ​ហេតុ​អ្វី​ក៏​លោក​ព្រម​ទទួល​យក​នូវ​ឧក្រិដ្ឋកម្ម​ទាំង​អស់​នោះ?»

ចំពោះ​សំណួរ​នេះ ឌុច បាន​ឆ្លើយ​ថា ឧក្រិដ្ឋកម្ម​ទាំង​អស់​កើត​ចេញ​ពី​មាគ៌ា​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា ហើយ​ក្នុង​ឋានៈ​របស់​​គាត់​ជា​បក្ខជន​មួយ​រូប គាត់​ត្រូវ​តែ​អនុវត្ត​នូវ​យន្តការ​ឧក្រិដ្ឋ​របស់​បក្ស​ទៅ​លើ​ជីវិត​មនុស្ស ១២.៣៨០​នាក់​យ៉ាង​តិច​នៅ​គុក​ទួលស្លែង៕