កាំង ហ្កេកអ៊ាវ ហៅ ឌុច បានបដិសេធសាជាថ្មីក្នុងតុលាការថា គាត់មិនធ្លាប់សម្លាប់មនុស្សទេ ហើយគាត់មិនធ្លាប់បង្រៀនបុគ្គលិកស-២១អំពីវិធីសម្លាប់មនុស្សនេះដែរ ប៉ុន្តែ ឌុច ទទួលស្គាល់ថា គាត់ក៏ធ្លាប់ទៅមើលការសម្លាប់មនុស្សនៅកន្លែងសម្លាប់មួយចំនួនក្នុងក្រុងភ្នំពេញនិងនៅឯទីពិឃាតជើងឯកនោះដែរ។
កាំង ហ្កិចអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងនៃរបបខ្មែរក្រហម បង្ហាញខ្លួនក្នុងសវនាការនាថ្ងៃទី៣០ ខែមីនា ២០០៩ នៅឯសាលាក្ដីខ្មែរក្រហមក្នុងទីក្រុងភ្នំពេញ។
ឌុច ថ្លែងដូច្នេះថា ៖ «ជម្រាបប្រសាសន៍លោកចៅក្រម ខ្ញុំអត់បង្រៀនទេ ខ្ញុំជម្រាបបន្តិចទៅចុះ ដូចខ្មែរយើងថា ខ្ញុំអត់បង្រៀនក្រពើឲ្យចេះហែលទឹកទេ គេចេះហែលរួចទៅហើយ»។
នៅក្នុងអង្គសវនាការនាថ្ងៃពុធ ឌុច បានថ្លែងទៀតថា កន្លែងសម្លាប់អ្នកទោសពីមន្ទីរ ស-២១ ឬ គុកទួលស្លែង គឺមានដូចជា នៅពេទ្យឆ្កួតតាខ្មៅ នៅបរិវេណវិទ្យាល័យពញាយ៉ាត និងនៅគុកទួលស្លែង ក្នុងក្រុងភ្នំពេញ ហើយនិងនៅជើងឯកជាយក្រុងភ្នំពេញ។
ឌុច ថ្លែងថា គាត់មិនចង់ឃើញគេសម្លាប់មនុស្សទេ ក៏ប៉ុន្តែថ្នាក់លើបានបញ្ជាឲ្យទៅមើលការសម្លាប់មនុស្សនោះ ៖ «ខ្ញុំមិនដែលបានចូលរួមសម្លាប់អ្នកទោសដោយផ្ទាល់ដៃទេ ខ្ញុំឃើញ ម្ដងដែលច្បាស់បំផុត ដូចខ្ញុំរាយការណ៍ជូនលោកចៅក្រមអ៊ីចឹង នៅពេលម៉ោង ៥ភ្លឺ ដែលគេធ្វើឃាត ជ័យ សួន ហើយនិង សួស នៅ ហៅ ឈូក។ លើកទី២ ទៅជើងឯក ខ្ញុំគេចមុខដែរមិនទាំងឲ្យឃើញសកម្មភាពហ្នឹងច្បាស់នឹងភ្នែកទេ ឃើញតែគេបណ្ដើរមនុស្សហ្នឹងមក ខ្ញុំបែរខ្នងដាក់។ នេះមានតែប៉ុណ្ណឹង ពីរលើកហ្នឹង។ នៅពេលហ្នឹងអចិន្រ្តៃយ៍ឲ្យខ្ញុំទៅមើល ម៉ោង ៥ភ្លឺ នៅខាងលិចបរិវេណវិទ្យាល័យពញាយ៉ាតនេះ គេធ្វើឃាត សួស នៅ ហៅ ឈូក និង នង សួន ពេលហ្នុងគេប្រើកាំបិតចាក់សរសៃបំពង់ក សរសៃឈាមធំគល់ក»។
ឌុច រៀបរាប់អំពីការសម្លាប់មនុស្សនៅអំឡុងរបបខ្មែរក្រហមទៀតថា ៖ «ក្រៅពីវិធីចាក់ក និងវិធីវ៉ៃ មានតែវិធីបូមឈាម ហើយនិងយកមនុស្សម្នាក់ពីរហ្នឹងទៅវះកាត់ដើម្បីរាងកាយវិភាគ»។
ឌុច បន្តថា សម្រាប់មនុស្សសំខាន់ៗ គេត្រូវថតរូប ដើម្បីបញ្ជាក់ជូនថ្នាក់លើថា មនុស្សនោះពិតជាបានសម្លាប់រួចហើយ ៖ «ដូច្នេះដើម្បីទុកជាស្លាកស្នាមឲ្យខាងលើឃើញ កាត់បំពង់កសិនបានថត»។
ចំណែកឯកុមារវិញ ឌុច បានបញ្ជាក់អំពីរបៀបសម្លាប់យ៉ាងដូច្នេះថា ៖ «ចាប់ជើងកុមារ ហើយបោកក្បាលសម្លាប់ទៅនឹងដើមឈើ ដូច្នេះកុមារអាចចាក់សម្លាប់ ឬក៏អាចវ៉ៃសម្លាប់ ឬអាចយ៉ាងម៉េចជាទូទៅ យ៉ាងហ្នឹងមែន»។
ក្រៅពីសម្លាប់ពលរដ្ឋខ្មែរ គុកទួលស្លែងក្រោមការដឹកនាំរបស់ ឌុច ក៏មានសម្លាប់អ្នកទោសបរទេសជាច្រើនរយនាក់ផងដែរ។
ឌុច បញ្ជាក់អំពីវិធីសម្លាប់ជន បរទេសយ៉ាងដូច្នេះថា ៖ «ពួកបស្ចិមប្រទេស ៤នាក់ សម្លាប់ហើយ ត្រូវតែដុតសាកសពឲ្យអស់កុំឲ្យសល់ នេះជាបញ្ជាដាច់ណាត់»។
រូបភាពអ្នកទោសនិងទិដ្ឋភាពនៃមនុស្សដែលត្រូវបានសម្លាប់ ក៏ត្រូវបានដាក់តាំងបង្ហាញរហូតមកទល់សព្វថ្ងៃនៅឯសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនោះផង ។ ឌុច ថ្លែងថា គាត់មិនបដិសេធការទទួលខុសត្រូវរបស់គាត់ចំពោះឧក្រិដ្ឋកម្មនៅគុកទួលស្លែងនោះទេ ប៉ុន្តែ ឌុច នៅតែបញ្ជាក់ថា គាត់ធ្វើតាមបញ្ជាពីថ្នាក់លើប៉ុណ្ណោះ៕
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.