សាក្សី៖ ឌុច បាន​ធ្វើ​ទារុណកម្ម​និង​សម្លាប់​អ្នក​ទោស​នៅ​មន្ទីរ​ម​-១៣

សាក្សី​មួយ​រូប​បាន​អះអាង​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ថា គាត់​បាន​ឃើញ​ជន​ជាប់​ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច សម្លាប់​មនុស្ស​ដោយ​ផ្ទាល់​ដៃ ក្នុង​ពេល​ដែល ឌុច ធ្វើ​ជា​ប្រធាន​គុក​សម្ងាត់ ម​-១៣។
ដោយ ឡេង ម៉ាលី
2009-04-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឌុច​303afp
កាំង ហ្កិចអ៊ាវ ហៅ ឌុច អតីត​មេ​គុក​ទួល​ស្លែង​នៃ​របប​ខ្មែរ​ក្រហម បង្ហាញ​ខ្លួន​ក្នុង​សវនាការ​នា​ថ្ងៃ​ទី​៣០ ខែ​មីនា ២០០៩ នៅ​ឯ​សាលាក្ដី​ខ្មែរ​ក្រហម​ក្នុង​ទីក្រុង​ភ្នំពេញ។
AFP PHOTO/POOL/Mak REMISSA

សាក្សី​ឈ្មោះ ចាន់ វឿន អាយុ ៥៦​ឆ្នាំ បាន​ជម្រាប​ដល់​អង្គ​ជំនុំ​ជម្រះ​សាលាក្តី​ខ្មែរ​ក្រហម​នា​ថ្ងៃ​ទី​២០ មេសា​នេះ​ថា គាត់​ធ្លាប់​ជា​បុគ្គលិក​ម្នាក់​នៅ​គុក ម​-១៣ ដែល​ស្ថិត​នៅ​ឃុំ​អមលាំង ខេត្ត​កំពង់ស្ពឺ កាល​ពី​ក្នុង​អំឡុង​ឆ្នាំ​១៩៧៤ ដល់ ១៩៧៥ ក្នុង​តួនាទី​ជា​អ្នក​រក​ស្បៀង​សម្រាប់​ផ្គត់​ផ្គង់​អង្គភាព ហើយ​ម្តង​ម្កាល​គាត់​ត្រូវ ឌុច ចាត់​តាំង​ឱ្យ​ធ្វើ​ជា​កង​ការពារ​អ្នក​ទោស​ផង​ដែរ។

នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ សាក្សី​ឈ្មោះ ចាន់ វឿន ដែល​អះអាង​ថា បាន​បាត់​បង់​សាច់​ញាតិ​របស់​គាត់​ពីរ​នាក់​ផង នៅ​គុក ម​-១៣​នោះ បាន​និយាយ​ថា គាត់​ធ្លាប់​ឃើញ ឌុច សម្លាប់​អ្នក​ទោស​ដោយ​ផ្ទាល់​ដៃ ហើយ​សាក្សី​រូប​នេះ​បាន​រៀបរាប់​អំពី​វិធី​ដែល ឌុច សម្លាប់​អ្នក​ទោស​ដូច្នេះ ៖ «ពូ​ខ្ញុំ​បង្កើត ឈ្មោះ សយ គាត់​[ឌុច]​បាន​ចង​ជាប់​បង្គោល ហើយ​បាញ់​កាំភ្លើង​អាកា​ពីរ​គ្រាប់។ បាញ់​មួយ​គ្រាប់​មុន​ដំបូង​ចំ​ដៃ​នេះ​មក​ធ្លាយ​ត្រង់​នេះ មួយ​គ្រាប់​ទៀត​ចំ​ដើម​ទ្រូង។ ... តា​ឌុច​ហ្នឹង បាញ់​សម្លាប់​ពូ​ខ្ញុំ​នៅ​នឹង​មុខ​ខ្ញុំ​តែ​ម្ដង។ ខ្ញុំ​ខឹង​ណាស់»

ការ​បំភ្លឺ​របស់​សាក្សី​ឈ្មោះ ចាន់ វឿន ខាង​លើ បាន​ផ្ទុយ​ពី​អ្វី​ដែល​ជន​ជាប់​ចោទ ឌុច ធ្លាប់​អះអាង​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ កាល​ពី​លើក​មុន ហើយ​នៅ​ពេល​នេះ​ដែរ ឌុច បាន​ឆ្លើយ​ដូច្នេះ ៖ «លោក​ចៅក្រម​ជា​ទី​គោរព បុគ្គល​នេះ​មិន​មែន​ជា​បុគ្គលិក​របស់​មន្ទីរ​ម-​១៣​ទេ ដូច្នេះ​គ្មាន​ភារកិច្ច​ដែល​ខ្ញុំ​ត្រូវ​ចាត់​តាំង​ឲ្យ​ទៅ​ដូរ​ស្រូវ​ដូរ​អង្ករ​ទេ គ្មាន​សិទ្ធិ​ចូល​មន្ទីរ​ម-​១៣​ទេ គ្មាន​បាន​ឃើញ​អ្វី​ច្បាស់​នឹង​ភ្នែក​នៅ​មន្ទីរ​ម​-១៣​ទេ។ នេះ​បុគ្គល ចាន់ វឿន នេះ។ ដូច្នេះ​រឿង​ទាំង​អស់ ដូច​ខ្ញុំ​បាន​ជម្រាប់​លោក​ចៅក្រម​ហើយ គឺ​ជា​រឿង​ប្រឌិត​ទាំង​ស្រុង ឬ​ក៏​ជា​រឿង​ឮ​តាម​គេ រួច​ហើយ​យក​មក​ប្រឌិត​ថែម ឬ​ក៏​និយាយ​ពិត​ខ្លះ ដូច​ជា​រណ្ដៅ​បី មួយ​រណ្ដៅ​មាន​៣, ៤, ៥​នាក់​អី អា​ហ្នឹង​ពិត​មែន។ សរុប​មក​វិញ ចាន់ វឿន មិន​មែន​ជា​បុគ្គលិក​របស់​មន្ទីរ​ម​-១៣ មិន​មែន​ជា​បុគ្គលិក​របស់​មន្ទីរ​ម​-១៣ គ្មាន​បាន​ឃើញ​អ្វី​ផ្ទាល់​ភ្នែក​នៅ​មន្ទីរ​ម​-១៣​ទេ»

ទន្ទឹម​គ្នា​នឹង​ការ​ឆ្លើយ​បដិសេធ​ការ​បង្ហាញ​សក្ខីកម្ម​ខាង​លើ ឌុច ក៏​ទទួល​ស្គាល់​ការ​បង្ហាញ​ខ្លះ​ថា ជា​ការ​ត្រឹម​ត្រូវ​ដែរ លើក​លែង​តែ​វិធី​ធ្វើ​ទារុណកម្ម​អ្នក​ទោស​ខ្លះ ដូច​ជា ការ​ជ្រមុជ​ទឹក​អ្នក​ទោស​ឱ្យ​ថប់​ដង្ហើម​និង​ការ​ដុត​ដោះ​អ្នក​ទោស​ជា​ដើម។

នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ​កាល​ពី​ពីរ​សប្តាហ៍​កន្លង​មក ជា​ញឹកញយ​ជន​ជាប់​ចោទ ឌុច តែង​ទទួល​សារភាព​ចំពោះ​ឧក្រិដ្ឋ​កម្ម​នានា ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​គុក​សម្ងាត់ ម​-១៣ រួម​មាន​ការ​ធ្វើ​ទារុណកម្ម​អ្នក​ទោស​និង​ការ​សម្លាប់​អ្នក​ទោស​ផង ថា​ពិត​ជា​កើត​មាន​នៅ​គុក​នោះ​មែន ក៏​ប៉ុន្តែ ឌុច តែង​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​រាល់​ការ​ចោទ​ដែល​ថា​គាត់​បាន​សម្លាប់​អ្នក​ទោស​ដោយ​ផ្ទាល់​ដៃ៕

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
An error occurred while generating this part of the page. (log)
An error occurred while generating this part of the page. (log)