សវនាការ​រឿង​ក្ដី​ឌុច​បញ្ចប់​ក្នុង​ភាព​តឹងតែង

សវនាការ​បញ្ចប់​សំណុំរឿង​ក្តី​ឧក្រិដ្ឋកម្ម​ខែ្មរ​ក្រហម​លេខ​០០១​របស់​ជន​ជាប់​ចោទ​ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​មាន​រយៈពេល​៥​ថ្ងៃ បាន​បញ្ចប់​ទៅ​ហើយ ដោយ​ការ​ជជែក​គ្នា​តឹងតែង​កាល​ពី​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​សុក្រ ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៩​នេះ។

ភាព​តឹងតែង​បាន​កើត​មាន​រវាង​ភាគី​ដើម​ចោទ​ដែល​មាន​ដើម​បណ្តឹង​រដ្ឋប្បវេណី​ជាមួយ​ព្រះរាជអាជ្ញា​និង​ខាង​ភាគី​ចុង​ចោទ​មាន​ជន​ជាប់​ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច និង​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ។

ការ​ជជែក​គ្នា​តឹងតែង​បាន​កើត​មាន​នៅ​ពេល​ដែល​ជន​ជាប់​ចោទ ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ខ្លួន​ឯង និង​មេធាវី​ការពារ​ក្តី​គាត់ សុំ​ឲ្យ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​ទាំង​អស់ និង​ដោះ​លែង ឌុច ឲ្យ​មាន​សេរីភាព។

ប៉ុន្តែ​ភាគី​ព្រះរាជអាជ្ញា​និយាយ​ថា ប្រសិន​បើ​រក​ឃើញ​កំហុស ឌុច ត្រូវ​ជាប់​ទោស​មួយ​ជីវិត ប៉ុន្តែ​ដោយសារ ឌុច មាន​ការ​សហការ​ជាមួយ​តុលាការ ទើប​ព្រះរាជអាជ្ញា​ស្នើ​បន្ថយ​ទោស​សមរម្យ​មក​ត្រឹម​៤០​ឆ្នាំ។

ចំណែក​ឯ​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​និយាយ​ថា ការ​សោកស្តាយ​និង​បំណង​សុំ​ទោស​របស់​ជន​ជាប់​ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវ​គេ​សង្ស័យ​តាំង​ពី​ដំបូង​មក​ម៉្លេះ ថា មិន​មាន​ភាព​សុទ្ធ​ចិត្ត​និង​ស្មោះ​ត្រង់។

មេធាវី​ជន​រង​គ្រោះ​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​បន្ត​ថា កន្លង​មក​រហូត​មក​ដល់​សប្តាហ៍​នេះ​ទ្វារ​បាន​ទុក​ចំហ​ខ្លះ​សម្រាប់​ការ​សុំ​ទោស​របស់ ឌុច ក៏​ប៉ុន្តែ​នៅ​ពេល​នេះ​ទ្វារ​បាន​បិទ​ហើយ​ក្រោយ​ពី កាំង ហ្កេកអ៊ាវ ហៅ ឌុច សុំ​រួច​ខ្លួន៕