ការប្រកាសបន្តរយៈពេលជំនុំជម្រះរឿងក្តីរបស់ ឌុច នេះ បានបញ្ជាក់ឡើងជាថ្មីដោយលោក រាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម ក្នុងពេលធ្វើសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយ កាលពីរសៀលថ្ងៃពុធ ទី១៧ មិថុនា ឆ្នាំ២០០៩ បន្ទាប់ពីព័ត៌មានដូចគ្នានេះ ត្រូវបានប្រកាសតាមគេហទំព័រវ៉ិបសាយ ដោយលោក និល ណុន ប្រធានចៅក្រមជំនុំជម្រះសាលាដំបូង កាលពីថ្ងៃច័ន្ទ ទី១៥ មិថុនា កន្លងមក។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍កាលពីរសៀលថ្ងៃពុធ ទី១៧ មិថុនានេះ លោក រាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈ ប្រកាសជាភាសាអង់គ្លេសថា ថ្ងៃជំនុំជម្រះសម្រាប់រយៈពេលបីខែបន្ទាប់ទៀត គឺចាប់ពីថ្ងៃទី៦ ខែកក្កដា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០០៩។
លោក រាជ សម្បត្តិ បញ្ជាក់បន្ថែមដូច្នេះថា សវនាការបន្តក្នុងចន្លោះរយៈពេល ៣ខែបន្ទាប់នោះ ជាដំណាក់កាលទី២។
សវនាការលើអង្គហេតុនៃរឿងក្តីរបស់លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ចំពោះតួនាទីរបស់គាត់ជាប្រធានគុកទួលស្លែងនោះ ត្រូវបានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម កំណត់ធ្វើលើកទីមួយ ក្នុងរយៈពេលបីខែ គឺចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៩ ហើយឥឡូវនេះ ត្រូវអង្គជំនុំជម្រះសម្រេចបន្តរយៈពេលបីខែបន្ទាប់ទៀត។
ថ្ងៃជំនុំជម្រះនឹងធ្វើពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ លើកលែងតែថ្ងៃបុណ្យនិងថ្ងៃឈប់សម្រាកផ្លូវការមួយចំនួនប៉ុណ្ណោះ។
ចំពោះសំណួរមួយដែលចោទឡើងថា តើការប្រកាសរយៈពេលជំនុំជម្រះបន្តជាការពន្យារពេលជំនុំជម្រះ ឬយ៉ាងណានោះ លោក រាជ សម្បត្តិ បញ្ជាក់ថា កាលបរិច្ឆេទដែលជាជំហានទី២ដែលទើបប្រកាសនេះមិនមែនមានន័យថា សវនាការធ្វើការពន្យារពេលនោះទេ។
សូមជម្រាបជូនថា លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវសាលាក្តីខ្មែរក្រហម កំពុងជំនុំជម្រះរឿងក្តីរបស់គាត់ដោយជាប់ចោទថាបានប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្រ្គាមក្នុងអំឡុងពេលដែលគាត់ធ្វើជាប្រធានគុកសម្ងាត់របស់ខ្មែរក្រហមមួយ ឈ្មោះមន្ទីរស-២១ កាលពីចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩។ បច្ចុប្បន្នគុកនេះ ត្រូវគេស្គាល់ថា ជាគុកទួលស្លែង៕
