អង្គការ​អន្តរជាតិ​ស្វាគមន៍​ការ​កាត់​ក្ដី​អតីត​មេគុក​នៃ​របប​ខ្មែរ​ក្រហម

2009-03-29

អង្គការ​លើកលែង​ទោស​អន្តរជាតិ ឬ Amnesty International បាន​ស្វាគមន៍​ចំពោះ​ការ​ចាប់​ផ្តើម​ដំណើរការ​កាត់​ក្តី កាំង ហ្កិចអ៊ាវ ហៅ ឌុច មេគុក​ទួលស្លែង នៅ​ថ្ងៃ​ច័ន្ទ (៣០ មីនា) ដោយ​បាន​ទាមទារ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​នេះ​បន្ថែម​ចំនួន​ករណី​ជន​ត្រូវ​ប្តឹង​ឲ្យ​ច្រើន​ជាង​៥ ករណី​ដែល​មាន​សព្វ​ថ្ងៃ​ផង និង​បំបាត់​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​ខ្មែរ​ក្រហម​នេះ​ផង។

AFP Photo/Pool

អតីត​មេ​គុក​ទួលស្លែង កាំង ហ្កិចអ៊ាវ ហៅ ឌុច បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​សវនាការ​ជំនុំ​ជម្រះ​ក្ដី​នៅ​ឯ​សាលាក្ដី​ខ្មែរ​ក្រហម កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ២០០៩។

អ្នក​ស្រាវជ្រាវ​ប្រចាំ​កម្ពុជា​របស់​អង្គការ​អន្តរជាតិ Amnesty International ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡុងដ្រ៍ ប្រទេស​អង់គ្លេស គឺ​អ្នកស្រី Brittis Edman បាន​មាន​ប្រសាសន៍​ថា អំពើ​ប្រតិបត្តិ​របស់​មន្រ្តី​យុត្តិធម៌​កម្ពុជា បាន​ត្រូវ​គេ​រាយការណ៍​ជា​ញឹកញយ​ថា​ជា​ការ​ប្រតិបត្តិ​ដែល​លំអៀង​និង​បំពេញ​ចិត្ត​តែ​លើ​ក្រុម​អ្នក​មាន​អំណាច។

អ្នកស្រី Brittis Edman មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​មិន​ចង់​និយាយ​ពី​បុគ្គល​ណា​ម្នាក់​នោះ​ទេ តែ​ប្រាកដ​ណាស់ វា​មាន​លំនាំ​ច្បាស់​អំពី​អំពើ​ពុករលួយ ដែល​សុះសាយ​ក្នុង​តុលាការ​កម្ពុជា។ យើង​បាន​ទទួល​សេចក្តី​រាយការណ៍​ជាច្រើន​ពាក់ព័ន្ធ​នឹង​អំពើ​លំអៀង អយុត្តិធម៌ នៃ​តុលាការ​ខ្មែរ​ដែល​អនុគ្រោះ​ដល់​ពួក​អ្នក​មាន​ទ្រព្យ​និង​មាន​អំណាច។ បើ​បញ្ហា​នេះ​កើត​ឡើង​ក្នុង​តុលាការ​ពិសេស ប្រាកដ​ណាស់​វា​នឹង​ជា​មហន្តរាយ​ដ៏​ធំ​សម្រាប់​ស្ថាប័ន​នេះ ព្រោះ​វា​នឹង​បំពាន​លើ​អ្វីៗ​ដែល​ស្ថាប័ន​នេះ​បាន​ត្រូវ​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ»

ក្រៅ​ពី​ការ​ចោទ​ប្រកាន់​ថា មាន​ការ​ចូល​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​សាលាក្តី​ខ្មែរ​ក្រហម​នោះ នៅ​មាន​រឿង​ពុក​រលួយ​ដ៏​សំខាន់​មួយ​ទៀត ដែល​ជា​ចំណោទ​ឮ​សុះសាយ ដែល​ថា អ្នក​ធ្វើការ​ខ្មែរ​នៃ​សាលាក្តី​នេះ​ត្រូវ​កាត់​បា្រក់​ខែ​បង់​ដល់​មេ​ធំ​របស់​ខ្លួន​ដើម្បី​រក្សា​ការងារ​នៅ​ទីនោះ។

អង្គការ Amnesty International ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ្រ៍​នេះ​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ពុក​រលួយ​នេះ​ជា​បន្ទាន់​ផង​ដែរ​ដើម្បី​យុត្តធម៌​នៃ​ជន​រងគ្រោះ​ខ្មែរ​ទាំង​អស់។

សូម​ជម្រាប​ថា ក្នុង​សេចក្តី​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៨ មីនា ដែល​ជា​ថ្ងៃ​ខួប​គម្រប់​ឆ្នាំ​ទី​៣៩​នៃ​កំណើត​របប​សាធារណរដ្ឋ​ខ្មែរ​នោះ លោក​នាយក​រដ្ឋមន្រ្តី​បាន​ផ្ញើ​សារ​ព្រមាន​តាម​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ទៅ​ស្ថាប័ន​និង​ប្រទេស​ខ្លះ ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ថា លោក​សុខ​ចិត្ត​ទទួល​ថា​សាលាក្តី​ខ្មែរ​ក្រហម​នេះ​បរាជ័យ​ដោយសារ​លោក ប៉ុន្តែ​លោក​នឹង​មិន​បណ្តោយ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​សង្រ្គាម​ដោយសារ​តែ​ធ្វើ​តាម​បរទេស​ក្នុង​ដំណើរការ​កាត់​ក្តី​នៃ​សាលាក្តី​ខ្មែរ​ក្រហម​នោះ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដូច្នេះ​ថា ៖ «ថ្ងៃ​មុន​ខ្ញុំ​ប្រាប់ ស្ហ៊ីណូហារ៉ា [អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា] ប្រាប់​ថា ឲ្យ​ទៅ​ប្រាប់​ឲ្យ​ច្បាស់ ខ្ញុំ​សុខ​ចិត្ត​ទទួល​បរាជ័យ ខ្ញុំ​ប្រាប់​ឲ្យ​ហើយ តែ​ខ្ញុំ​មិន​ឲ្យ​ប្រទេស​ខ្ញុំ​កើត​សង្រ្គាម​ឡើង​វិញ​ទេ សូម​កុំ​ភ័ន្ត​ច្រឡំ។ ហើយ​ឥឡូវ​កុំ​អ្នក​ណា​មក​ឈរ​សឿង​អី​បញ្ជា​កាត់​ទោស​នេះ កាត់​ទោស​នោះ។ កាត់​ទោស​ផេះ​អី ឯង​គាំទ្រ​អា​ពត​មក​ព្រងើយ រួច​អ្នក​ដុត​ភ្លើង​ឲ្យ​ឆេះ​សង្រ្គាម​ពេញ​ប្រទេស បង្កើត​ជា​បញ្ហា​ទៅ រួច​ហើយ​មក​ស្ដី​បន្ទោស​រដ្ឋាភិបាល​ធ្វើ​មិន​ទៅ​មុខ​ទេ។ រដ្ឋាភិបាល​ធ្វើ​មិន​ទៅ​មុខ​ធ្វើ​បាន​ប៉ុណ្ណឹង ម៉េច​ធ្វើ​មិន​ទៅ​មុខ? លំបាក​ណាស់​ក្នុង​រក​សន្តិភាព​ប្រទេស​នេះ ហើយ​បើ​មិន​ប្រើ​វិធី​សាស្រ្ដ​ខ្មែរ​ទេ ប្រើ​វិធី​សាស្រ្ដ​បរទេស គ្មាន​ជោគ​ជ័យ​ទេ។ បរទេស​ពូកែ​ខាង​រឿង​ដណ្ដើម​ស្នាដៃ​ប៉ុណ្ណឹង​ទេ អាហ្នឹង​សូម​ទោស»

ក្រៅ​ពី​ការ​ស្វាគមន៍​ចំពោះ​ការ​ផ្តើម​ឡើង​នៃ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ច័ន្ទ​នេះ ប្រកប​ដោយ​សំណើ​ចំពោះ​សហ​ប្រជាជាតិ​និង​រដ្ឋាភិបាល​ខ្មែរ ឲ្យ​ចាត់​វិធានការ​បំបាត់​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​ខ្មែរ​ក្រហម​នោះ​ហើយ អ្នកស្រី Brittis Edman នៃ​អង្គការAmnesty International ក៏​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ក្នុង​សាលាក្តី​ពិសេស​មួយ​នេះ​យក​ចិត្ត​ទុក​ដាក់ ជា​ពិសេស​ចំពោះ​ការ​ចូលរួម​របស់​ក្រុម​ជន​រង​គ្រោះ ព្រោះ​គោលដៅ​នៃ​ការ​រក​យុត្តិធម៌​នេះ គឺ​សម្រាប់​ក្រុម​ជន​រង​គ្រោះ​នោះ​ឯង។

អ្នកស្រី Brittis Edman មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ​ថា ៖ «វា​ជា​ការ​សំខាន់​ជា​ទី​បំផុត ដែល​តួនាទី​របស់​ជន​រង​គ្រោះ​ត្រូវ​តែ​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពេញ​ទំហឹង​ក្នុង​ឋានៈ​ជា​អ្នក​រួម​ចំណែក។ ដំណើរការ​កាត់​ក្តី​នេះ ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​តម្កល់​ជន​រង​គ្រោះ​ក្នុង​សតិ​អារម្មណ៍​ជា​និច្ច ព្រោះ​ថា បើ​តុលាការ​ពិសេស​នេះ នឹង​អាច​ផ្តល់​យុត្តិធម៌​បាន​ក៏​លុះត្រា​តែ​យុត្តិធម៌​នេះ ជន​រង​គ្រោះ​អាច​ទទួល​យក​បាន។ ដូច្នេះ​ហើយ​បាន​ជា​ថា​ការ​ចូលរួម​របស់​ជន​រង​គ្រោះ​គឺ​ជា​ផ្នែក​សំខាន់​មួយ​ដ៏​សំខាន់​ក្រៃលែង​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​នេះ...»

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

Khmer Rouge Timeline