អង្គការលើកលែងទោសអន្តរជាតិ ឬ Amnesty International បានស្វាគមន៍ចំពោះការចាប់ផ្តើមដំណើរការកាត់ក្តី កាំង ហ្កិចអ៊ាវ ហៅ ឌុច មេគុកទួលស្លែង នៅថ្ងៃច័ន្ទ (៣០ មីនា) ដោយបានទាមទារឲ្យសាលាក្តីខ្មែរក្រហមនេះបន្ថែមចំនួនករណីជនត្រូវប្តឹងឲ្យច្រើនជាង៥ ករណីដែលមានសព្វថ្ងៃផង និងបំបាត់អំពើពុករលួយក្នុងប្រព័ន្ធតុលាការខ្មែរក្រហមនេះផង។
អតីតមេគុកទួលស្លែង កាំង ហ្កិចអ៊ាវ ហៅ ឌុច បង្ហាញខ្លួនលើកដំបូងក្នុងសវនាការជំនុំជម្រះក្ដីនៅឯសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី១៧ កុម្ភៈ ២០០៩។
អ្នកស្រាវជ្រាវប្រចាំកម្ពុជារបស់អង្គការអន្តរជាតិ Amnesty International ដែលមានទីតាំងនៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស គឺអ្នកស្រី Brittis Edman បានមានប្រសាសន៍ថា អំពើប្រតិបត្តិរបស់មន្រ្តីយុត្តិធម៌កម្ពុជា បានត្រូវគេរាយការណ៍ជាញឹកញយថាជាការប្រតិបត្តិដែលលំអៀងនិងបំពេញចិត្តតែលើក្រុមអ្នកមានអំណាច។
អ្នកស្រី Brittis Edman មានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំមិនចង់និយាយពីបុគ្គលណាម្នាក់នោះទេ តែប្រាកដណាស់ វាមានលំនាំច្បាស់អំពីអំពើពុករលួយ ដែលសុះសាយក្នុងតុលាការកម្ពុជា។ យើងបានទទួលសេចក្តីរាយការណ៍ជាច្រើនពាក់ព័ន្ធនឹងអំពើលំអៀង អយុត្តិធម៌ នៃតុលាការខ្មែរដែលអនុគ្រោះដល់ពួកអ្នកមានទ្រព្យនិងមានអំណាច។ បើបញ្ហានេះកើតឡើងក្នុងតុលាការពិសេស ប្រាកដណាស់វានឹងជាមហន្តរាយដ៏ធំសម្រាប់ស្ថាប័ននេះ ព្រោះវានឹងបំពានលើអ្វីៗដែលស្ថាប័ននេះបានត្រូវបង្កើតឡើងដើម្បីដោះស្រាយ»។
ក្រៅពីការចោទប្រកាន់ថា មានការចូលជ្រៀតជ្រែករបស់រដ្ឋាភិបាលកម្ពុជាទៅក្នុងប្រព័ន្ធយុត្តិធម៌របស់សាលាក្តីខ្មែរក្រហមនោះ នៅមានរឿងពុករលួយដ៏សំខាន់មួយទៀត ដែលជាចំណោទឮសុះសាយ ដែលថា អ្នកធ្វើការខ្មែរនៃសាលាក្តីនេះត្រូវកាត់បា្រក់ខែបង់ដល់មេធំរបស់ខ្លួនដើម្បីរក្សាការងារនៅទីនោះ។
អង្គការ Amnesty International ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ្រ៍នេះបានទាមទារឲ្យមានការដោះស្រាយបញ្ហាពុករលួយនេះជាបន្ទាន់ផងដែរដើម្បីយុត្តធម៌នៃជនរងគ្រោះខ្មែរទាំងអស់។
សូមជម្រាបថា ក្នុងសេចក្តីថ្លែងកាលពីថ្ងៃទី១៨ មីនា ដែលជាថ្ងៃខួបគម្រប់ឆ្នាំទី៣៩នៃកំណើតរបបសាធារណរដ្ឋខ្មែរនោះ លោកនាយករដ្ឋមន្រ្តីបានផ្ញើសារព្រមានតាមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាទៅស្ថាប័ននិងប្រទេសខ្លះ ដែលលោកមិនបញ្ចេញឈ្មោះថា លោកសុខចិត្តទទួលថាសាលាក្តីខ្មែរក្រហមនេះបរាជ័យដោយសារលោក ប៉ុន្តែលោកនឹងមិនបណ្តោយឲ្យកម្ពុជាធ្លាក់ទៅក្នុងសង្រ្គាមដោយសារតែធ្វើតាមបរទេសក្នុងដំណើរការកាត់ក្តីនៃសាលាក្តីខ្មែរក្រហមនោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូច្នេះថា ៖ «ថ្ងៃមុនខ្ញុំប្រាប់ ស្ហ៊ីណូហារ៉ា [អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា] ប្រាប់ថា ឲ្យទៅប្រាប់ឲ្យច្បាស់ ខ្ញុំសុខចិត្តទទួលបរាជ័យ ខ្ញុំប្រាប់ឲ្យហើយ តែខ្ញុំមិនឲ្យប្រទេសខ្ញុំកើតសង្រ្គាមឡើងវិញទេ សូមកុំភ័ន្តច្រឡំ។ ហើយឥឡូវកុំអ្នកណាមកឈរសឿងអីបញ្ជាកាត់ទោសនេះ កាត់ទោសនោះ។ កាត់ទោសផេះអី ឯងគាំទ្រអាពតមកព្រងើយ រួចអ្នកដុតភ្លើងឲ្យឆេះសង្រ្គាមពេញប្រទេស បង្កើតជាបញ្ហាទៅ រួចហើយមកស្ដីបន្ទោសរដ្ឋាភិបាលធ្វើមិនទៅមុខទេ។ រដ្ឋាភិបាលធ្វើមិនទៅមុខធ្វើបានប៉ុណ្ណឹង ម៉េចធ្វើមិនទៅមុខ? លំបាកណាស់ក្នុងរកសន្តិភាពប្រទេសនេះ ហើយបើមិនប្រើវិធីសាស្រ្ដខ្មែរទេ ប្រើវិធីសាស្រ្ដបរទេស គ្មានជោគជ័យទេ។ បរទេសពូកែខាងរឿងដណ្ដើមស្នាដៃប៉ុណ្ណឹងទេ អាហ្នឹងសូមទោស»។
ក្រៅពីការស្វាគមន៍ចំពោះការផ្តើមឡើងនៃសាលាក្តីខ្មែរក្រហមនៅថ្ងៃច័ន្ទនេះ ប្រកបដោយសំណើចំពោះសហប្រជាជាតិនិងរដ្ឋាភិបាលខ្មែរ ឲ្យចាត់វិធានការបំបាត់អំពើពុករលួយក្នុងប្រព័ន្ធតុលាការខ្មែរក្រហមនោះហើយ អ្នកស្រី Brittis Edman នៃអង្គការAmnesty International ក៏បានអំពាវនាវឲ្យគ្រប់ភាគីដែលពាក់ព័ន្ធក្នុងសាលាក្តីពិសេសមួយនេះយកចិត្តទុកដាក់ ជាពិសេសចំពោះការចូលរួមរបស់ក្រុមជនរងគ្រោះ ព្រោះគោលដៅនៃការរកយុត្តិធម៌នេះ គឺសម្រាប់ក្រុមជនរងគ្រោះនោះឯង។
អ្នកស្រី Brittis Edman មានប្រសាសន៍បន្ថែមដូច្នេះថា ៖ «វាជាការសំខាន់ជាទីបំផុត ដែលតួនាទីរបស់ជនរងគ្រោះត្រូវតែបានទទួលការយកចិត្តទុកដាក់យ៉ាងពេញទំហឹងក្នុងឋានៈជាអ្នករួមចំណែក។ ដំណើរការកាត់ក្តីនេះ ត្រូវប្រព្រឹត្តទៅដោយតម្កល់ជនរងគ្រោះក្នុងសតិអារម្មណ៍ជានិច្ច ព្រោះថា បើតុលាការពិសេសនេះ នឹងអាចផ្តល់យុត្តិធម៌បានក៏លុះត្រាតែយុត្តិធម៌នេះ ជនរងគ្រោះអាចទទួលយកបាន។ ដូច្នេះហើយបានជាថាការចូលរួមរបស់ជនរងគ្រោះគឺជាផ្នែកសំខាន់មួយដ៏សំខាន់ក្រៃលែងនៃអង្គជំនុំជម្រះវិសាមញ្ញនេះ...»៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.