មន្រ្តីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក រាជ សម្បត្តិ មានប្រសាសន៍ឲ្យដឹងថា ការប្រកាសសាលក្រមនេះអាចនឹងត្រូវធ្វើនៅក្នុងខែឧសភា ឬ មិថុនា ក្នុងឆ្នាំ២០១០នេះ។
លោក រាជ សម្បត្តិ បានបញ្ជាក់ថា ៖ «ប្រហែលជានៅក្នុងខែ៥ ឬខែ៦ ហើយព័ត៌មានហ្នឹងគឺយើងយល់ថា ប្រហែលជាជាក់លាក់ច្រើន។ សំណុំរឿងឌុចនេះគឺជាសំណុំរឿងលើកទី១ អ៊ីចឹងចៅក្រមទាំងអស់គាត់ព្យាយាមធ្វើការឲ្យបានម៉ឺងម៉ាត់។ មួយទៀត គឺការសម្រេចចិត្តរបស់ចៅក្រមក៏ធ្វើទៅតាមហ្នឹងដែរ ពីព្រោះគាត់មិនឲ្យចេញសាលក្រមមក ស្រាប់តែមនុស្សមានប្រតិកម្មមិនប្រក្រតី»។
ទាក់ទងទៅនឹងការប្រកាសសាលក្រមនេះ មន្ត្រីដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងសិទ្ធិមនុស្សនៅកម្ពុជា លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគម អាដហុក មានប្រសាសន៍ឲ្យដឹងដែរថា ៖ «សេចក្ដីសម្រេចរបស់តុលាការគឺបានន័យថា រកឃើញនូវកំហុសឆ្គងទាំងឡាយដែលជនប្រព្រឹត្តបទល្មើសមិនអាចរួចផុតពីការចោទប្រកាន់បាន ហើយមួយទៀតនោះយើងឃើញថា វាអាចថ្លឹងថ្លែងអំពីជនប្រព្រឹត្តល្មើសទាំងឡាយផ្សេងទៀតដែលបានប្រព្រឹត្តនៅក្នុងប្រទេសយើង គេហៅថា ករណីនិទ្ទណ្ឌភាពនោះ។ អ៊ីចឹងគិតថា ធ្វើយ៉ាងណាក៏វាជារឿងមួយដែលល្អសម្រាប់ឲ្យសង្គមជាតិយើង ជាពិសេសថ្នាក់ដឹកនាំត្រូវតែមានការប្រយ័ត្នខ្លួនដែរ គឺចាំបាច់ត្រូវតែផ្ដន្ទាទោសលើជនដែលប្រព្រឹត្ត ទោះបីជាជននោះពាក់ព័ន្ធនឹងរឿងនយោបាយ ឬក៏រឿងស្អីក៏ដោយ មិនអាចគេចផុតពីការផ្តន្ទាទោសរបស់តុលាការ ឬក៏អ្នកអនុវត្តច្បាប់ឡើយ»។
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ អនុបណ្ឌិត សំបូរ ម៉ាណ្ណារ៉ា មានប្រសាសន៍បន្ថែមថា ៖ «វាមានតម្លៃពិតប្រាកដឲ្យមនុស្សស្វែងយល់។ យើងយល់ដឹងថា អំពើប្រល័យពូជសាសន៍ដែលមានឃាតករដៃដល់ និងអ្នកចូលរួមចំណែកក្នុងការចាត់តាំងបណ្ដាញឃាតករនេះទទួលទោសទណ្ឌតាមផ្លូវច្បាប់ត្រឹមត្រូវ។ បង្ហាញនៅក្នុងប្រវត្តិសាស្ត្រត្រង់ថា ប្រទេសកម្ពុជាយើងបានចូលរួមចំណែកជាមួយអន្តរជាតិដើម្បីបង្កើតនូវនីតិរដ្ឋ សម្រាប់បង្ហាញទៅអ្នកទាំងឡាយឲ្យដឹងថា កម្ពុជាក្ដី អន្តរជាតិក្ដី រួមសហការគ្នាដើម្បីពង្រឹងនីតិរដ្ឋនៅក្នុងពិភពលោក»។
លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច គឺជាអតីតប្រធានមន្ទីរឃុំឃាំង ស-២១ ឬគុកទួលស្លែង នៅក្នុងរបបខ្មែរក្រហម ដែលគ្រប់គ្រងអំណាចពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ។ នៅក្នុងអំឡុងពេល កាំង ហ្កិចអ៊ាវ ហៅ ឌុច គ្រប់គ្រងនៅមន្ទីរ ស-២១ នោះ មានមនុស្សជិត ២ម៉ឺននាក់ត្រូវបានគេសម្លាប់នៅទីនោះ។
មន្រ្តីនាំពាក្យសាលាក្តីខ្មែរក្រហម លោក រាជ សម្បត្តិ បានឲ្យដឹងបន្ថែមថា ការកាត់ទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែងនោះ បានចាប់ផ្តើមនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៩ និងបញ្ចប់នៅថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០០៩ ដដែល។ ជារួម ចំណាយពេល ៧៧ថ្ងៃ ដោយមិនរាប់បញ្ចូលថ្ងៃឈប់សម្រាក និងថ្ងៃប្រជុំឡើយ និងមានមនុស្សចូលរួមជាង ៣ម៉ឺននាក់៕
