យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីចុះថ្ងៃទី១៧ កញ្ញា ចាប់តាំងពីការបើកសវនាការជំនុំជម្រះជនជាប់ចោទ ឌុច ដែលបានផ្តើមឡើងពីខែមីនា ឆ្នាំ២០០៩មក គឺមានសាក្សី ជនរងគ្រោះ អ្នកចិត្តសាស្ត្រ អ្នកប្រវត្តិសាស្ត្រ សរុបទាំងអស់៥៥នាក់ ដែលបានផ្តល់សក្ខីកម្មនៅចំពោះមុខតុលាការនេះ។ មានអ្នកចូលរួមអង្គុយសង្កេតមើលសវនាការក្នុងតុលាការជាមធ្យមមានចំនួន៣៣០នាក់ក្នុងមួយថ្ងៃ គិតជាចំនួនសារុបទាំងអស់គឺ២៣.៧៤២នាក់។
ជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច បានទទួលស្គាល់នូវការទទួលខុសត្រូវរបស់ខ្លួនជាអ្នកចាត់ចែងមើលការខុសត្រូវនៅគុកទួលស្លែង ប៉ុន្តែបានបដិសេធនូវការចោទប្រកាន់ដែលថាខ្លួនបានសម្លាប់អ្នកទោសដោយផ្ទាល់ដៃ។
នៅទន្ទឹមនេះដែរ ឌុច ក៏បានសុំខមាទោសពីជនរងគ្រោះនិងក្រុមគ្រួសាររបស់គេ ហើយបានសារភាពនូវកំហុសរបស់ខ្លួនចំពោះឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហម ហើយថាគាត់ធ្វើឡើងតាមតែបញ្ជាពីថ្នាក់លើប៉ុណ្ណោះ ពីព្រោះមានការភ័យខ្លាចអំពីការស្លាប់ខ្លួនឯងនិងក្រុមគ្រួសារ៕
