មេធាវី​ឌុច​នឹង​ប្ដឹង​ជំទាស់​ការ​កាត់​ទោស​ដោយ​សាលាក្ដី​ខ្មែរ​ក្រហម

លោក ការ សាវុត្ថ មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​ប្រធាន​មន្ទីរ ស-២១ កាំង ហ្កេកអ៊ាវ ហៅ ឌុច បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​២៧ កក្កដា ថា លោក​នឹង​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​របស់​តុលាការ​ខ្មែរ​ក្រហម ជំទាស់​នឹង​ការ​កាត់​ទោស​របស់​តុលាការ​ខ្មែរ​ក្រហម ដែល​កាត់​ឲ្យ ឌុច ជាប់​ពន្ធនាគារ​រយៈពេល ៣៥​ឆ្នាំ។

0:00 / 0:00

លោក ការ សាវុត្ថ បន្ថែម​ថា ទោះ​បី​តុលាការ​ខ្មែរ​ក្រហម​បាន​សម្រាល​ទោស ឌុច ពី​ការ​ជាប់​ឃុំឃាំង​ពី​រយៈពេល ៣៥​ឆ្នាំ មក​ត្រឹមតែ ១៩​ឆ្នាំ​ក្នុង​ពន្ធនាគារ ដោយសារ ឌុច ត្រូវ​បាន​រំលោភ​សិទ្ធិ​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន​ខុស​ច្បាប់ ដោយ​តុលាការ​យោធា​កម្ពុជា​ក៏​ដោយ។ លោក​នឹង​ប្ដឹង​ជំទាស់​ការ​កាត់​ទោស​នេះ ពីព្រោះ ឌុច មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ក្នុង​របប​ខ្មែរ​ក្រហម​ទេ។

លោក​ថា ឌុច ជា​នគរបាល​ក្រោម​របប​ខ្មែរ​ក្រហម ដូច្នេះ​ប្រសិន​បើ​នគរបាល​ទទួល​បញ្ជា​ឲ្យ​ប្រព្រឹត្ត​ខុស តុលាការ​ត្រូវ​យក​រដ្ឋាភិបាល​ជំនាន់​នោះ​មក​កាត់​ទោស​ជាជាង​កាត់​ទោស ឌុច។ លោក​បន្ថែម​ថា ឌុច មិន​មែន​ជា​មេ​គុក​តែម្នាក់​ទេ ដែល​សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរ​ក្រហម។ ដូច្នេះ ឌុច មិន​ត្រូវ​នាំ​មក​កាត់​ទោស​តែ​ម្នាក់​ឯង​ទេ។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លោក និល ណុន បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ជន​រងគ្រោះ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មន្ទីរ ស-២១ សុទ្ធ​តែ​រង់ចាំ​ការ​សម្លាប់​ទាំង​អស់​អនុលោម​ទៅ​តាម​គោល​នយោបាយ​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា ក្នុង​ការ​កម្ទេច​ខ្មាំង​របស់​អង្គការ។ក្នុង​ចំណោម​អ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​សម្លាប់​មាន​អតីត​អ្នក​គាំទ្រ​របប លន់ នល់ ជន​បរទេស កុមារ អ្នក​ជាប់​ឃុំ​ដែល​មាន​ឋានៈ​ខ្ពស់ និង​អតីត​បុគ្គលិក​មន្ទីរ ស-២១។ លើស​ពី​នេះ​ទៀត មាន​អ្នក​ជាប់​ឃុំ​ចំនួន ១០០​នាក់​បាន​ស្លាប់ បន្ទាប់​ពី​បាន​គេ​បូម​យក​ឈាម​អស់​ដោយ​អង្គភាព​ពេទ្យ​មន្ទីរ ស-២១។ ឌុច ទទួល​ស្គាល់​ថា អ្នក​ជាប់​ឃុំ​ដែល​បាន​ស្លាប់ ឬ​ត្រូវ​បាន​សម្លាប់ មាន​ចំនួន​ច្រើន​ជាង ១២.២៧៣​នាក់។

មេធាវី​ការពារ​ក្តី​ដើម​បណ្ដឹង​រដ្ឋប្បវេណី លោក ហុង គឹមសួន ក៏​មាន​គម្រោង​ប្ដឹង​ឧទ្ធរណ៍​ចំពោះ​ការ​ច្រាន​ចោល​ដើម​បណ្ដឹង​រដ្ឋប្បវេណី។ លោក​ថា ដើម​បណ្ដឹង​រដ្ឋប្បវេណី​មាន​ចំនួន ៩៣​នាក់​បាន​ទាមទារ​ឲ្យ​តុលាការ​ខ្មែរ​ក្រហម សង់​ទី​សក្ការៈ និង​ឆ្លាក់​ឈ្មោះ​អ្នក​ស្លាប់​នៅ​ឯ​មន្ទីរ ស-២១។ ប៉ុន្តែ​តុលាការ​ខ្មែរ​ក្រហម​ទទួល​ស្គាល់​ដើម​បណ្ដឹង​តែ​ចំនួន ៦៦​នាក់​ប៉ុណ្ណោះ ដោយសារ​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់។

អង្គ​ជំនុំ​ជម្រះ​បាន​សម្រេច​ចងក្រង​ពាក្យ​សម្ដី​សុំ​អភ័យទោស និង​ការ​ទទួល​ស្គាល់​នូវ​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​ប្រព្រឹត្ត​របស់ ឌុច នៅ​ឯ​មន្ទីរ ស-២១ ដាក់​លើ​គេហទំព័រ​របស់​សាលាក្ដី​ក្នុង​រយៈពេល ១៤​ថ្ងៃ ចំពោះ​ការ​ទាមទារ​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី។

សហ​ព្រះរាជអាជ្ញា​កម្ពុជា​នៅ​មិន​ទាន់​ប្រកាស​នៅ​ឡើយ​ទេ ថា​តើ​សហ​ព្រះរាជអាជ្ញា​នឹង​ប្ដឹង​សារទុក្ខ​ការ​កាត់​សេចក្ដី ឌុច នៅ​ឡើយ​ទេ បើ​ទោះ​បី​សហ​ព្រះរាជអាជ្ញា​ស្នើ​ឲ្យ​កាត់​ទោស ឌុច រយៈពេល ៤០​ឆ្នាំ​ក៏​ដោយ។

លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​តុលាការ​ខ្មែរ​ក្រហម មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​២៧ កក្កដា ថា ជា​ទូទៅ​តុលាការ​កំពូល​មិន​ជំទាស់​នឹង​បណ្ដឹង​សារទុក្ខ​ទេ។ អ្នក​ដាក់​បណ្ដឹង​សារទុក្ខ​មាន​រយៈពេល ៣០​ថ្ងៃ​ដើម្បី​ដាក់​បណ្ដឹង៕