ឌុច៖ នួន ជា ជា​អ្នក​បញ្ជា​ឲ្យ​សម្លាប់​មនុស្ស​នៅ​ទួល​ស្លែង

សវនាការ​របស់​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី ២៨ មីនា ឆ្នាំ ២០១២ អង្គ​ជំនុំជម្រះ​នៅ​បន្ត​សួរ​ដេញដោល​សាក្សី ឌុច នៅ​ឡើយ​ទេ។
ដោយ ឡេង ម៉ាលី
2012.03.29
នួន ជា ៣០៥ អតីត​មេដឹកនាំ​ខ្មែរ​ក្រហម នួន ជា នៅ​ក្នុង​សវនាការ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១១
Photo courtesy of ECCC

សាក្សី កាំង ហ្កេក​អ៊ាវ ហៅ ឌុច បាន​ប្រាប់​អង្គ​ជំនុំជម្រះ​ថា ជន​ជាប់​ចោទ នួន ជា បាន​បញ្ជា​ឱ្យ​សម្លាប់​អ្នកទោស​ទួល​ស្លែង​ទាំង​អស់​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

សាក្សី ឌុច បញ្ជាក់​ដូច្នេះ គឺ​នៅ​ពេល​ឆ្លើយ​តប​នឹង​សំណួរ​របស់​សហ​ព្រះរាជអាជ្ញា ដែល​បាន​សួរ ឌុច ថា តើ​មន្ទីរ ស២១ ឬ​គុក​ទួល​ស្លែង​បិទ​ទ្វារ​នៅ​ពេល​ណា៖ «ស-២១ បើ​និយាយ​ពី​បិទ​ទ្វារ​ពិបាក​និយាយ​ណាស់។ បើ​និយាយ​អំពី​បញ្ជា​បង នួន ឱ្យ​កម្ទេច​មនុស្ស​ឱ្យ​អស់ គឺ​ប្រហែល​នៅ​ថ្ងៃ ៣ ខែ​មករា ឆ្នាំ ១៩៧៩។ ម៉ោង ១១ រថក្រោះ​វៀតណាម​មក​ដល់​មុខ​ផ្ទះ​ខ្ញុំ។ ម៉ោង ៣ យើង​ខ្ញុំ​ចេញ​ពី ស-២១ ទៅ​សាលា​សន្សំ​កុសល។ អត់​មាន​បិទ​ទ្វា​ទេ គឺ​រត់​ចេញ​តែ​ម្ដង។ មេ​រត់​ចោល​បាត់»

របាយការណ៍​ពី​មន្ទីរ ស-២១ ឬ​គុក​ទួល​ស្លែង ដែល​សហ​ព្រះរាជ​អាជ្ញា​លើក​ឡើង បាន​បង្ហាញ​អំពី​អ្នក​ទោស​ជាង ១ ម៉ឺន ២ ពាន់​នាក់ ត្រូវ​បាន​គេ​ឃុំ​ខ្លួន ធ្វើ​ទារុណកម្ម និង​សម្លាប់​ចោល បន្ទាប់​ពី​យក​ចម្លើយ​រួច។

សាក្សី ឌុច បាន​បន្ត​ថា បញ្ជី​ឈ្មោះ​អ្នក​ទោស​ជាង ១ ម៉ឺន​នាក់​នោះ គឺ​ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩។

ជន​ជាប់​ចោទ នួន ជា ជា​មនុស្ស​ឈរ​នៅ​លំដាប់​ទី​ពីរ​ក្នុង​ជួរ​បក្ស​កុម្មុយនិស្ត​កម្ពុជា បន្ទាប់​ពី ប៉ុល ពត ដែល​គ្រប់គ្រង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ និង​ធ្វើ​មាន​មនុស្ស​ស្លាប់​ជិត ២ លាន​នាក់។

សហ​ព្រះរាជ​អាជ្ញា​បាន​លើក​យក​ឯកសារ​ស្ដីពី​សេចក្ដី​សម្រេច​របស់​បក្ស​កុម្មុយនិស្ត​មួយ​ឱ្យ​សាក្សី ឌុច បញ្ជាក់។ ឯកសារ​នោះ គឺ​ជា​ឯកសារ​ដែល​បក្ស​កុម្មុយនិស្ត​កម្ពុជា​សម្រេច​អំពី​សិទ្ធិ​របស់​បក្ស​ឱ្យ​កម្ទេច ឬ​សម្លាប់​មនុស្ស ដែល​គេ​សន្មត​ថា ជា​ខ្មាំង ចុះ​ថ្ងៃ​ទី ៣០ ខែ​មីនា ឆ្នាំ ១៩៧៦។

ជា​ថ្មី​ទៀត មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន បាន​ជំទាស់​ទៅ​នឹង​ការ​លើក​យក​ឯកសារ​នោះ របស់​សហ​ព្រះរាជ​អាជ្ញា ដោយ​ការ​លើក​ឡើង​ថា ភាគី​ជន​ជាប់​ចោទ មិន​ធ្លាប់​ឃើញ​ឯកសារ​នេះ​ពី​មុន​មក​ទេ។

មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន លោក គង់ សំអុន បន្ត​ថា ការ​យក​ឯកសារ​មួយ​មក​បង្ហាញ​សាក្សី ហើយ​យក​យោបល់​ពី​សាក្សី​នោះ​ជា​ការ​មិន​ត្រឹមត្រូវ៖ «ដូច្នេះ​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​សាក្សី វា​បង្ហាញ​ច្បាស់​ពី​ការ​យល់​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន ពី​ព្រោះ​ការ​ធ្វើ​អត្ថាធិប្បាយ​នេះ មិន​មែន​សំដៅ​ទៅ​លើ​អង្គហេតុ​ទេ គឺ​សំដៅ​ទៅ​លើ​ទស្សនៈ​ជា​លក្ខណៈ​បុគ្គល។ ដូច្នេះ ការ​ធ្វើ​បែប​នេះ​មិន​អាច​ធ្វើ​បាន​ទេ។ សុំ​ជំទាស់»

ចំណែក​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា ថ្លែង​ថា ឯកសារ​ដែល​សហ​ព្រះរាជ​អាជ្ញា​យក​មក​នោះ មិន​ទាន់​ដឹង​ថា ត្រឹមត្រូវ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ លោក វីល្លាម ស្មីត (William Smith) បាន​ឆ្លើយ​តប​ថា ឯកសារ​មាន​នៅ​ក្នុង​សំណុំ​រឿង​យូរ​មក​ហើយ ហើយ​ប្រហែល​មេធាវី​មិន​បាន​ពិនិត្យ​មើល៖ «អ្វី​ដែល​មេធាវី ខៀវ សំផន លើក​ឡើង​នោះ គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​ឯកសារ​នេះ​លេច​ចេញ​មក ហើយ​មិន​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើប​អង្កេត។ ករណី​នេះ គឺ​មិន​ពិត​ទេ»

មេធាវី​ការពារ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​គាំទ្រ​ហេតុផល​របស់​សហ​ព្រះរាជ​អាជ្ញា ដោយ​បន្ថែម​ថា ឯកសារ​នេះ​មិន​គួរ​មាន​បញ្ហា​ទេ នៅ​ពេល​ដែល​ចៅក្រម​ជំនុំជម្រះ​មិន​ទាន់​សម្រេច​បដិសេធ។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ជំទាស់​របស់​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ប្រធាន​ចៅក្រម​ជំនុំជម្រះ​បាន​បដិសេធ​ការ​ជំទាស់​នោះ។

ក្នុង​សវនាការ​នៅ​ថ្ងៃ​ពុធ ទី ២៨ មីនា សាក្សី ឌុច ក៏​បាន​ជម្រាប​ជូន​អង្គ​ជំនុំជម្រះ​ច្រើន​ដែរ ទាក់ទង​ទៅ​នឹង​រចនាសម្ព័ន្ធ​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​តួនាទី​របស់​សមាជិក​បក្ស ដែល​ក្នុង​នោះ ក៏​បាន​បញ្ជាក់​អំពី​តួនាទី​របស់​ជន​ជាប់​ចោទ ខៀវ សំផន ផង។ សវនាការ​ត្រូវ​បន្ត​ទៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ទៀត៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Mar 29, 2012 04:14 AM

During Khmer Rouge regime, I believe that Duch had recieved an order or plans from whoever his boss was. I don't think that Duch made his own judgment to kill almost 20 thousands prisoners by himself. There are the mistery under these brutality acts that we all the Khmer people need to know.

Anonymous
Mar 29, 2012 02:10 PM

អ្នកដឹកនាំល្អត្រូវក្លាហាននិយាយការពិត។​ តាមបទពិសោធ​ផ្ទាល់​ខ្លួន៖​ ឌុច​និយាយពិត នួនជានិយាយកុហក់ និងមិន​ទទួល​ខុសត្រូវ។

Anonymous
Mar 28, 2012 04:58 PM

តុលាកាកាត់ទោសខ្មែរក្រហមនៅខែមិនាឆ្នាំ២០១២នេះបានបញ្ចាក់ឪ្យដឹងនឹងឃើញខ្ល៖ៗថាអ្នកណាជាអ្នកសម្លាប់ខ្មែរហើយយើងជាប្រជា
ជនដែលមានការឈឺចាប់ដោយសារការបាត់បង់មាតាបិតាបងប្អូនកូនចៅនោះក៏មានក្តីសងខ្ឃឹមតិចៗថាតុលាការកាត់ក្តីនេះវាកាន់តែមាន
សុក្រិតយុត្តិធម៏។សង្ឃឹមទុកជាមុនថានឹងបានដូចពាក្យខាងលើ។ខ្មែរអមត៖អគុណ

Anonymous
Apr 05, 2012 11:23 AM

រូបតួខ្លួនរបស់ពពួកព្រាយក្បាលប្រាំបីកំពុងតែជាប់
គុក តែញ្ញាណរបស់ពួកវាកំពុងតែដេកក្នុង
Air Con យ៉ាងស្រួលទៅវិញ។