ក៏ប៉ុន្តែលោក រាជ សម្បត្តិ មន្ត្រីនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ សាលាក្ដីខ្មែរក្រហម បានថ្លែងនៅថ្ងៃច័ន្ទនេះថា សាលាក្តីមិនទាន់ទទួលបានដីកា ឬលិខិតផ្លូវការពីតុលាការក្រុងភ្នំពេញ កោះហៅលោក កាំង ហ្កិចអ៊ាវ ហៅ ឌុច នៅឡើយទេ ។
លោក រាជ សម្បត្តិ មានប្រសាសន៍ដូច្នេះថា ៖ «មានស្នើចាំយើងពិចារណា តើតុលាការត្រូវធ្វើម៉េច ប៉ុន្តែយើងត្រូវដឹងថាសិទ្ធិរបស់ជនដែលត្រូវចោទទាំងអស់ហ្នឹង សព្វថ្ងៃស្ថិតនៅក្នុងកណ្ដាប់ដៃ ចៅក្រមស៊ើបអង្កេត យកចេញក្រៅ ទុកនៅក្នុងអីគ្មានអ្នកណាមានសិទ្ធិលើគាត់ទេ» ។
សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមេសា កន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានដាក់ពាក្យប្តឹងលោក សម រង្ស៊ី នៅតុលាការក្រុងភ្នំពេញ ពីបទបរិហារកេរ្តិ៍និងផ្សព្វផ្សាយព័ត៌មានមិនពិតដែលបណ្តឹងនោះ បានធ្វើឡើងបន្ទាប់ពីលោកសម រង្ស៊ី ថ្លែងរិះគន់មិនចំឈ្មោះរដ្ឋមន្ត្រីក្រសួងការបរទេសមួយរូបថា ធ្លាប់មានតួនាទីជាប្រធានមន្ទីរអប់រំបឹងត្របែកក្នុងអំឡុងរបបខ្មែរក្រហម ។
បណ្តាញព័ត៌មានក្នុងស្រុកបានផ្សាយថា លោក កាំង ហ្កិច អ៊ាវ ហៅ ឌុច រួមទាំងមន្ត្រីនៅក្រសួងការបរទេសមួយរូបទៀត គឺលោក ឡុង វីសាលោ នឹងធ្វើជាសាក្សីឲ្យលោក ហោ ណាំហុង ។
លោក កា សាវុធ ដែលជាមេធាវីរបស់ ឌុច នៅថ្ងៃច័ន្ទនេះ មិនធ្វើអត្ថាធិប្បាយចំពោះតួនាទីរបស់ ឌុច ជាសាក្សីក្នុងសំណុំរឿងបទបរិហារកេរ្តិ៍គ្នានោះទេ ។ បច្ចុប្បន្ន លោក កា សាវុធ ក៏ជាមេធាវីការពារក្តីឲ្យលោក ហោ ណាំហុង ក្នុងការប្តឹងលោក សម រង្ស៊ី ផងដែរ ។
លោកមេធាវី សុក សំអឿន ដែលជាប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែងថា ការទាមទារយក ឌុច ឲ្យធ្វើជាសាក្សីក្នុងសំណុំរឿងរបស់ លោក ហោ ណាំហុង អាចនឹងត្រូវមេធាវីចុងចោទបដិសេធ ។
លោក សុក សំអឿន មានប្រសាសន៍ថា ៖ «បើយើងនិយាយពីតុលាការយុត្តិធម៌វិញ តុលាការអាចអត់សូវជឿ ឌុច ព្រោះ កា សាវុធ មេធាវីឲ្យលោក ហោ ណាំហុង ហើយ កា សាវុធ ក៏មេធាវីឲ្យ ឌុច ដែរ ។ ដល់លោក កា សាវុធ ហៅ ឌុច មកធ្វើជាសាក្សីឲ្យអាចធ្វើឲ្យឌុច ឆ្លើយលម្អៀង» ។
ចំណែកឯលោក សម រង្ស៊ី បានហៅសាក្សីដែលគ្រោងនឹងចូលការពារក្ដីឲ្យលោក ហោ ណាំហុង ថា ជាសាក្សីបក្សពួក ៖ «សាក្សីដែលជាក្រុមលោក ហោ ណាំហុង បក្សពួកគាត់មកពីគណបក្សប្រជាជន អ្នកណាដែលគាត់អាចដាក់សម្ពាធលើ គឺមិនអាចយកជាការបានទេ ទាល់តែមានការចូលរួមពីចៅក្រមដែលតែងតាំងដោយអង្គការសហប្រជាជាតិ ដែលយើងទទួលស្គាល់ភាពឯករាជ បានយើងចាត់ទុកថា យោបល់របស់គេមានតម្លៃ» ។
សូមជម្រាបបន្ថែមថា ក្នុងការប្តឹងផ្តល់នោះ លោក ហោ ណាំហុង បានទាមទារឲ្យលោក សម រង្ស៊ី សងជំងឺចិត្តជាទឹកប្រាក់ចំនួន ១០លានរៀល ៕