មន្ត្រី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចោទ​អាជ្ញាធរ​ថា​រើសអើង​បក្ស​នយោបាយ

មន្ត្រី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ឲ្យ​ដឹង​ថា ស្លាក​សញ្ញា​គណបក្ស​របស់​ខ្លួន​ដែល​លើក​តាម​ផ្លូវ​សាធារណៈ នា​ខេត្ត​ព្រៃវែង ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​បំផ្លាញ។ មន្ត្រី​បក្ស​នេះ ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​វែក​រក​មុខ​ជន​ដៃដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

0:00 / 0:00

តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ខេត្ត​ព្រៃវែង លោក សាន្ត ភណ្ឌ នៅ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា បាន​ចោទ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រៃវែង ថា​មាន​ការ​រើសអើង​និន្នាការ​គណបក្ស​នយោបាយ និង​មិន​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ឡើយ។

លោក​បន្ត​ថា អាជ្ញាធរ​ថ្នាក់​ឃុំ​ស្រុក​រហូត​ដល់​ខេត្ត ហាក់​មិន​រវល់​អើពើ​ចំពោះ​ពាក្យ​បណ្ដឹង​ដែល​បក្ស​ខ្លួន​ប្ដឹង​ឲ្យ​ជួយ​ស៊ើប​អង្កេត និង​វែក​រក​មុខ​ជន​ខិលខូច​វាយ​កម្ទេច​ស្លាក​សញ្ញា​គណបក្ស​ខ្លួន កាល​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ទេ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ឲ្យ​មាន​ឯករាជ អព្យាក្រឹត ដោយ​មិន​ត្រូវ​រើស​អើង​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។

មន្ត្រី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ស្លាក​សញ្ញា​បក្ស​ខ្លួន​ដែល​ដាក់​តាម​ផ្លូវ ក្នុង​ភូមិ​វាល ឃុំ​កញ្ចំ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ទំហំ ១២​គុណ​១៨​ម៉ែត្រ ត្រូវ​ជន​មិន​ស្គាល់​មុខ​បំផ្លាញ។

ទាក់​ទិន​បញ្ហា​នេះ លោក រស់ ធន អធិការ​នគរបាល​រង​ស្រុក​ពារាំង ទទួល​បន្ទុក​ផ្នែក​សន្តិសុខ មាន​ប្រសាសន៍​ថា ស្ថាប័ន​លោក​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ជុំវិញ​ការ​បំផ្លាញ​ស្លាក​សញ្ញា​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​នោះ​ទេ។ លោក​បន្ត​ថា សមត្ថកិច្ច​មិន​បាន​រើសអើង​និន្នាការ​គណបក្ស​នយោបាយ​ដូច​ការ​ចោទ​ប្រកាន់​ទេ សំខាន់​ឲ្យ​តែ​មាន​ពាក្យ​បណ្ដឹង​មក​ដល់​ដៃ សមត្ថកិច្ច​នឹង​ចាត់​វិធានការ​ស៊ើប​អង្កេត​ភ្លាម។

យ៉ាង​នេះ​ក្តី លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា (និចហ្វិច = NEFEC) មាន​ប្រសាសន៍​ថា សមត្ថកិច្ច​មាន​តួនាទី​បម្រើ​ប្រជាពលរដ្ឋ មិន​រើសអើង​គណបក្ស​នយោបាយ​ណា​មួយ​ទេ។ លោក​លើក​ទឹក​ចិត្ត​ឲ្យ​សមត្ថកិច្ច​គ្រប់​ជំនាញ ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​ឯករាជ និង​អព្យាក្រឹត។

មន្ត្រី​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​ថា មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់ គេ​តែង​សង្កេត​ឃើញ​មាន​រូបភាព​គំរាម​សកម្មជន ឬ​ការ​បំផ្លាញ​ស្លាក​សញ្ញា​របស់​គណបក្ស​ប្រឆាំង ពី​ជន​មិន​ស្គាល់​មុខ​មួយ​ចំនួន​កើត​ឡើង។ លោក​ចាត់​ទុក​សកម្មភាព​នេះ​ថា ជា​ការ​បំភិត​បំភ័យ និង​បំបាក់​ស្មារតី​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង មិន​ឲ្យ​ចេញ​មុខ​ចូល​រួម​ធ្វើ​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង។

កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។