កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា

កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ធ្វើ​ឡើង​រវាង​មេដឹកនាំ​មក​ប្រទេស ៨ ជា​មួយ​អ្នក​ដឹកនាំ​ប្រទេស​សមាជិក​សមាគម​អាស៊ាន​ទាំង ១០ កាល​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា ​នា​ទីក្រុង​ភ្នំពេញ បាន​ពិភាក្សា​គ្នា​លើ​ចំណុច​សំខាន់​ចំនួន ៦។

លោក ស៊ូរិន ពិតស៊ូវ៉ាន់ (Surin Pitsuwan) អគ្គ​លេខាធិការ​អាស៊ាន បាន​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​កិច្ច​ពិភាក្សា​នោះ​ថា កិច្ច​ប្រជុំ​នោះ​បាន​ពិភាក្សា​គ្នា​ផ្ដោត​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឋាមពល បរិស្ថាន សិក្សាធិការ ហិរញ្ញវត្ថុ ទំនាក់​ទំនង​ព័ត៌មាន​នៃ​ជំងឺ​ឆ្លង និង​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ។

លោក ស៊ូរិន ពិតស៊ូវ៉ាន់ ទៅ​មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​អ្នក​កាសែត​ដែល​សួរ​អំពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។ ក៏​ប៉ុន្តែ​លោក សូរិន ពិតស៊ូវ៉ាន់ អះអាង​ថា កិច្ចប្រជុំ​នេះ​បាន​ដំណើរការ​ដោយ​មិន​មាន​ភាព​តាន​តឹង​ទេ៖ «កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា បាន​​ប្រព្រឹត្តទៅ​យ៉ាង​ល្អ ដោយ​រាបសា និង​ប្រយ័ត្នប្រយែង»

ក៏​ប៉ុន្តែ​ទន្ទឹម​ពេល​មាន​សេចក្ដី​រាយការណ៍​ខ្លះ​អះអាង​ថា កិច្ចប្រជុំ​នេះ​មាន​ភាព​តានតឹង​រវាង​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា (Barack Obama) ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន វិន ជាបាវ (Wen Jiabao) នៅ​ពេល​ពិភាក្សា​អំពី​ជម្លោះ​ដែន​សមុទ្រ​ដណ្ដើម​កោះ​គ្នា​រវាង​ចិន​និង​ជប៉ុន ទីភ្នាក់ងារ​សារព័ត៌មាន រ៉យធើ (Reuters) ផ្សាយ​ថ្ងៃ​ទី​២០ វិច្ឆិកា​ថា ក្នុង​កិច្ចប្រជុំ​​នោះ លោក បារ៉ាក់ អូបាម៉ា បាន​សុំ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ភាព​តាន​តឹង​ក្នុង​ជម្លោះ​រវាង ចិន និង​ជប៉ុន ដណ្ដើម​កោះ​គ្នា។ ដោយ​លោក​បាន​លើក​ឡើង​មិន​កាន់​ជើង​ខាង​ភាគី​ណា ហើយ​លោក​បញ្ជាក់​ថា វា​ជា​រឿង​គ្រោះថ្នាក់​ណាស់​បើ​ប្រទេស​ទាំង​ពីរ ចិន និង​ជប៉ុន ​ឈ្លោះ​គ្នា​ ព្រោះ​ថា​ប្រទេស​ទាំង​ពីរ​នេះ​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់។

ទី​ភ្នាក់ងារ​ដដែល​បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ ថា ភាកី​ចិន នៅ​តែ​រក្សា​ជំហរ​ការពារ​ជាតិ​របស់​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។