តុលាការ​ខ្មែរ​ក្រហម​គ្រោង​បើក​សវនាការ​លើ​ករណីចង់​ស៊ើប​អង្កេត​ជន​សង្ស័យ​បន្ថែម​ទៀត

ក្រុម​ចៅក្រម​នៃ​អង្គ​បុរេ​ជំនុំ​ជម្រះ​គ្រោង​លើក​យក​ការខ្វែង​គំនិត​គ្នា​រវាង​សហ​ព្រះរាជអាជ្ញា​ជាតិ​និង​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​លើ​ករណី​ចង់​បើក​ការស៊ើប​អង្កេត​សមាជិក​ខ្មែរ​ក្រហម​បន្ថែម​ទៀត​នោះ​មក​ពិនិត្យ​និង​សម្រេច​នៅ​ខែ​ក្រោយ​នេះ។

0:00 / 0:00

មន្ត្រី​សាលាក្តី​ខ្មែរ​ក្រហម​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ​ក្រុម​ចៅក្រម​នៃ​អង្គ​បុរេ​ជំនុំ​ជម្រះ​គ្រោង​នឹង​បើក​សវនាការ​ដើម្បី​សម្រេច​សេចក្តី​ឲ្យ​ជ្រះ​ស្រឡះ​នូវ​ការខ្វែង​គំនិត​គ្នា​រវាង​សហ​ព្រះរាជអាជ្ញា​ជាតិ​និង​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ដែល​ស្នើ​ឲ្យ​បើក​ការស៊ើប​អង្កេត​បន្ថែម​លើ​អតីត​អ្នក​ដឹកនាំ​និង​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​មួយចំនួន​ទៀត។

លោក រាជ សម្បត្តិ មន្ត្រី​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​ថា សំណុំរឿង​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​នៃ​ក្រុម​ចៅក្រម​អង្គ​បុរេ​ជំនុំ​ជម្រះ​រួចរាល់​ហើយ។

លោក រាជ សម្បត្តិ បាន​ឲ្យ​ដឹង​ថា ៖ «អ៊ីចឹង​អង្គបុរេ​គាត់​នឹង​សម្រេច​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ ថា​តើ​ត្រូវ​ចោទ​បន្ថែម​ឬ​ក៏​មិន​ចោទ​បន្ថែម។ អ៊ីចឹង​យើង​ទុក​ឱកាស​នេះ​ឲ្យ​អង្គបុរេ​គាត់​ជំនុំ​ជម្រះ​ទៅ​លើ​រឿង​ហ្នឹង គឺ​អ្នក​ច្បាប់​គេ​នឹង​ធ្វើ​ហើយ។ ហើយ​ការជំនុំ​ជម្រះ​ហ្នឹង បើ​យើង​យោង​ទៅ​លើ​វិធាន​ផ្ទៃ​ក្នុង មាន​ន័យ​ថា​គេ​នឹង​ធ្វើ​ជា​លក្ខណៈ​សម្ងាត់ ហើយ​នៅ​ក្នុង​ហ្នឹង​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​គាត់​បាន​និយាយ​ថា​អាច​ឲ្យ​មាន​ចំហ​ខ្លះ​និង​សម្ងាត់​ខ្លះ។ នេះ​គឺ​មិន​មែន​អាស្រ័យ​ទៅ​លើ​ភាគី​ទាំងអស់​នោះ​ទេ គឺ​អាស្រ័យ​ទៅ​លើ​ច្បាប់​ហើយ​និង​ការសម្រេច​របស់​អង្គបុរេ»

សូម​ជម្រាប​ថា កាលពី​ដើម​ឆ្នាំ​នេះ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ គឺ​លោកRobert Petit បាន​ស្នើ​ឲ្យ​បើក​ការស៊ើប​អង្កេត​សមាជិក​ខ្មែរ​ក្រហម​បន្ថែម​ទៀត​ដែល​គេ​រាយការណ៍​ថា​យ៉ាង​ហោច​មាន​៦​នាក់។

លោកRobert Petit អះអាង​ថា ឧក្រិដ្ឋ​ជន​ទាំង​នោះ​គួរតែ​ស៊ើប​អង្កេត​ដោយ​សហ​ចៅក្រម​ស៊ើប​អង្កេត ហើយ​ថា​សំណុំរឿង​ចុង​ក្រោយ​ទាំង​នោះ​នឹង​នាំ​ឲ្យ​មាន​ការយល់ដឹង​ទូលំ​ទូលាយ​បន្ថែម​ទៀត​អំពី​របប​ខ្មែរ​ក្រហម។

ក៏​ប៉ុន្តែ​ត្រូវ​សហ​ព្រះរាជអាជ្ញា​ជាតិ គឺ​លោកស្រី ជា លាង បាន​ជំទាស់​ដោយ​សំអាង​លើ​ការបន្ត​រក្សា​ស្ថិរភាព​នយោបាយ​ព្រម​ទាំង​ដើម្បី​រក្សា​សន្តិភាព​និង​ការផ្សះផ្សា​ជាតិ។

ការជំទាស់​របស់​លោកស្រី ជា លាង ត្រូវ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​មួយចំនួន​ថ្លែង​ថា គឺ​កើត​ឡើង​ដោយសារ​មាន​ការជ្រៀតជ្រែក​ខាង​នយោបាយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​គឺ​លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​ចង់​ឃើញ​សាលាក្តី​បន្ត​ដំណើរ​ទៅ​មុខ​ទៅ​តាម​របៀបវារៈ​របស់​ខ្លួន។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «របៀបវារៈ​នៃ​សាលាក្ដី គឺ​បាន​ន័យ​ថា អ្វី​ដែល​បាន​កំណត់​គ្នា​ជាមួយ​នឹង​អង្គការ​សហ​ប្រជាជាតិ​ហើយ ហើយ​និង​កាត់​ក្ដី​លើ​ដំណើរការ​ដែល​យើង​បាន​ឯកភាព និង​លើ​ចំនួន​មនុស្ស​ដែល​យើង​បាន​ឯកភាព​គ្នា​ហើយ ហើយ​ឯកភាព​គ្នា​ដែល​យក​ច្បាប់​របស់​កម្ពុជា​ធ្វើ​ជា​អាទិភាព​ជា​បឋម យើង​ហៅ​ថា មាន​បឋមភាព​មុន ជា​របៀបវារៈ​របស់​យើង»

របប​ខ្មែរ​ក្រហម​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​១​លាន​៧​សែន​នាក់​ស្លាប់​ដោយ​អយុត្តិធម៌​កាលពី​៣០​ឆ្នាំ​មុន។

រហូត​មក​ទល់​ពេល​នេះ​មាន​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​៥​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដើម្បី​កាត់​ទោស ហើយ​បច្ចុប្បន្ន​សាលាក្តី​កំពុង​បន្ត​ជំនុំ​ជម្រះ​លើ​សំណុំរឿង​អតីត​មេ​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច៕