មន្រ្តីព័ត៌មានរបស់សាលាក្តីខ្មែរក្រហម បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៨ មករា ថា នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៧របស់ខ្លួន នៅថ្ងៃទី២ កុម្ភៈ ខាងមុខនេះ មន្ត្រីសាលាក្ដីនឹងមានការពិភាក្សាកែវិធានផ្ទៃក្នុង ដោយបង្កើតឲ្យមានដើមបណ្តឹងរដ្ឋប្បវេណីជាក្រុម និងបង្កើតសហមេធាវីនាំមុខឯករាជមួយជាប្រយោជន៍ដល់ដើមបណ្តឹងរដ្ឋប្បវេណីទៀតផង។
លោក ឌឹម សុវណ្ណារុំ មន្រ្តីទទួលបន្ទុកការងារព័ត៌មានរបស់សាលាក្តីខ្មែរក្រហម បានមានប្រសាសន៍ទាក់ទងជាមួយការធ្វើវិសោធនកម្មវិធានផ្ទៃក្នុងនោះថា ៖ «ហើយក៏នឹងពិភាក្សាពីការចូលរួមរបស់ភាគីដែលជាដើមបណ្ដឹងរដ្ឋប្បវេណី នៅក្នុងដំណើរការនីតិវិធីរបស់អ.វ.ស.ក.។ ដូចលោកបានជ្រាបហើយថា ការដាក់ពាក្យសុំជាដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿង០០២ វាមានចំនួនច្រើន ហើយវាមានភាពស្មុគស្មាញនៃសំណុំរឿង ដែលធ្វើឲ្យអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជាហ្នឹងចាំបាច់ត្រូវរៀបចំដើម្បីធ្វើម៉េចឲ្យដើមបណ្ដឹងរដ្ឋប្បវេណីហ្នឹងចងក្រងជាក្រុម មុននឹងចាប់ផ្ដើមសវនាការ»។
ទាក់ទងជាមួយការបង្កើតសហមេធាវីនាំមុខឯករាជ លោក ឌឹម សុវណ្ណារុំ ក៏បានមានប្រសាសន៍ឲ្យដឹងដែរថា ៖ «សហមេធាវីនាំមុខឯករាជហ្នឹងអាចថា ជាកិច្ចការមួយថ្មីដែលនឹងត្រូវយកមកពិភាក្សា។ សហមេធាវីនាំមុខឯករាជហ្នឹងដូចមានចែងនៅក្នុងវិធានផ្ទៃក្នុងគឺថា ជាការទទួលខុសត្រូវទាំងស្រុង ក៏ជាតួនាទីទទួលខុសត្រូវទាំងស្រុងចំពោះការតស៊ូមតិទូទៅ ព្រោះការលើកជាយុទ្ធសាស្ត្រ ហើយនិងការបកស្រាយក្នុងពេលសវនាការសម្រាប់ជាប្រយោជន៍ដល់ដើមបណ្ដឹងរដ្ឋប្បវេណី ព្រោះដើមបណ្ដឹងរដ្ឋប្បវេណីនៅចងក្រងជាក្រុម។ ការប្រជុំពេញអង្គលើកទី១ បានសម្រេចហើយថា សំណុំរឿង០០២ វាខុសពីសំណុំរឿង០០១ ព្រោះសំណុំរឿង០០១ មេធាវីដើមបណ្ដឹងរដ្ឋប្បវេណីមានដល់ទៅ ៤ក្រុមឯណោះ ដល់ពេលសំណុំរឿង០០២ ដើមបណ្ដឹងរដ្ឋប្បវេណីចងក្រងជាក្រុម ហើយឥឡូវនេះយើងឃើញហើយ តួលេខចុងឆ្នាំ២០០៩ហ្នឹង ៣.៥៣៣ពាក្យបណ្ដឹង អ្នកសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ហើយតាមការប្រកាសបញ្ចប់ការស៊ើបអង្កេតរបស់សហចៅក្រមស៊ើបអង្កេតហ្នឹងគឺថា ពាក្យបណ្ដឹងដែលសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីមានចំនួន ២ពាន់ហើយ អ៊ីចឹងពេលដែលប្រជុំពេញអង្គលើកទី៦ គឺបានសម្រេចថា ដើមបណ្ដឹងរដ្ឋប្បវេណីត្រូវតែតំណាងឲ្យតែមេធាវីជាតិ ១រូប និងមេធាវីអន្តរជាតិ ១រូប»។
មន្រ្តីសាលាក្តីខ្មែរក្រហមបានឲ្យដឹងទៀតថា ការចាប់ផ្តើមដំណើរការកាត់ក្តីសំណុំរឿង០០២នោះអាចធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០១០នេះ ៖ «អ៊ីចឹងយើងអាចសន្និដ្ឋានថា ការជំនុំជម្រះសំណុំរឿង០០២ អាចនឹងគ្រោងធ្វើនៅចុងឆ្នាំ២០១០ ឬដើមឆ្នាំ២០១១»។
កាលពីពេលថ្មីៗនេះ សាលាក្តីខ្មែរក្រហមបានឲ្យដឹងថា កាលបរិច្ឆេទឈប់ទទួលពាក្យបណ្តឹងប្រជាពលរដ្ឋក្នុងសំណុំរឿងលេខ០០២ លើករណីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមសំខាន់ៗនោះ គឺថ្ងៃច័ន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០១០៕
