សាលា​ក្ដី​ខ្មែរ​ក្រហម​គ្រោង​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​នៅ​សប្តាហ៍​ក្រោយ

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​មាន​ភារៈ​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៦ នា​ដើម​សប្តាហ៍​ក្រោយ​នេះ។

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​ពេញ​អង្គ​នោះ​គ្រោង​នឹង​ផ្តើមចាប់​ពី​ម៉ោង​១០​ព្រឹក នៅ​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​កញ្ញា ឆ្នាំ​២០០៩ សប្តាហ៍​ក្រោយ​នេះ នៅ​ឯ​សាល​សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ គឺ​គេ​នឹង​ពិភាក្សា​អំពី​សំណើ​ធ្វើ​វិសោធនកម្ម​ចំពោះ​វិធានការ​ផ្ទៃ​ក្នុង​មួយចំនួន​ដែល​ទាក់ទិន​នឹង​ក្រុម​នីតិ​វិធី​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ គឺ​រួម​មាន​វិធានការ​ការពារ វិធានការ​ទាក់ទង​នឹង​ភស្តុតាង កាលបរិច្ឆេទ​កំណត់ សម្រាប់​ការ​ដាក់​បណ្តឹង​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី វិធានការ​ដែល​បាន​រៀបចំ​ឡើង​មាន​លក្ខណៈ​ចាំបាច់​ក្នុង​ពេល​ដែល​មាន​បណ្តឹង​ឧទ្ធរណ៍​ទៅ​លើ​ដីកា​ដំណោះស្រាយ​និង​នីតិ​វិធី​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល។

កិច្ចប្រជុំ​ពេញ​អង្គ​នេះ​ក៏​នឹង​ផ្តោត​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​ទៀត​ដូច​ជា​វិធានការ​ណែនាំ​មួយចំនួន​ទាក់ទង​នឹង​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​ចូលរួម​របស់​ជន​រងគ្រោះ​សម្រាប់​សំណុំរឿង​លេខ​០០២៕