កាំង ហ្កេកអ៊ាវ ហៅ ឌុច បានគ្រប់គ្រងមន្ទីរសន្តិសុខនៃមន្ទីរសន្តិបាល ស.២១ នៃបក្សកុម្មុយនិស្តកម្ពុជា ក្នុងអំឡុងពេលដែលមានការប្រព្រឹត្តអំពើឃោរឃៅនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
មនុស្សប្រមាណ ១៤.០០០ ទៅ ១៦.០០០នាក់ ដែលភាគច្រើនជាមន្ត្រីកម្មាភិបាល និងជាពលទាហានខ្មែរក្រហមខ្លួនឯង ត្រូវបាននាំយកមកធ្វើទារុណកម្មសួរយកចម្លើយនៅក្នុងមន្ទីរសន្តិបាល ស.២១ ឬគុកទួលស្លែងនេះ មុននឹងនាំយកទៅប្រហារជីវិតនៅឯវាលពិឃាដបឹងជើងឯក នាជាយរាជធានីភ្នំពេញ។
បើទោះជាបានសារភាពនៅក្នុងតុលាការថា មិនបានសម្លាប់ផ្ទាល់ដៃក៏ដោយ ក្នុងនាមជាប្រធានមន្ទីរធ្វើទារុណកម្មនេះ ឌុច ឲ្យដឹងថា គាត់បានបង្ហាត់បង្រៀនដល់បុគ្គលិកមន្ទីរស.២១ អំពីវិធីសាស្ត្រដែលមានប្រសិទ្ធភាពក្នុងការធ្វើទារុណកម្ម និងរបៀបសម្លាប់អ្នកទោស។
ឌុច ត្រូវចាប់ និងឃុំខ្លួនដោយរដ្ឋាភិបាលកម្ពុជា នៅក្នុងខែឧសភា ឆ្នាំ១៩៩៩។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានផ្ទេរមកឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់សាលាក្ដីខ្មែរក្រហម នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៧។
ក្រោយពេលបើកសវនាការបឋមនៅថ្ងៃទី១៧ និង ១៨ ខែកុម្ភៈ ឆ្នាំ២០០៩ សវនាការលើអង្គសេចក្ដីបានចាប់ផ្ដើមពីថ្ងៃ៣០ ខែមីនា ហើយបញ្ចប់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៩។
ក្នុងអំឡុងពេលជំនុំជម្រះក្ដីចំនួន ៧៧ថ្ងៃ គឺមានសាក្សីជំនាញចំនួន ៩នាក់ សាក្សីផ្ដល់សក្ខីកម្មទាក់ទងនឹងអង្គហេតុមាន ១៧នាក់ សាក្សីផ្ដល់សក្ខីកម្មទាក់ទងនឹងអត្តចរិតមាន ៧នាក់ ហើយនិងមានដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ២២រូប បានឡើងផ្ដល់សក្ខីកម្ម នៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង ហើយរួមមានប្រជាពលរដ្ឋជាង ៣ម៉ឺន ១ពាន់នាក់ បានចូលរួមស្ដាប់នីតិវិធីនៃការជំនុំជម្រះក្ដីនៅក្នុងសាលសវនាការ៕
