សាលា​ក្ដី​ខ្មែរ​ក្រហម​បញ្ចប់​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៧

សាលា​ក្ដី​ខ្មែរ​ក្រហម​បាន​ធ្វើ​ការ​សន្និដ្ឋាន​បញ្ចប់​នូវ​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៧​របស់​ខ្លួន​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ កុម្ភៈ ហើយ​ថា ការ​បញ្ចប់​កិច្ចប្រជុំ​នេះ​គឺ​ជា​ការ​ពន្លឿន​នៃ​ដំណើរការ​កាត់​ក្តី​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម។

ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា លោក រាជ សម្បត្តិ បាន​ថ្លែង​ឲ្យ​ដឹង​ថា កាល​ពី​ល្ងាច​ថ្ងៃ​៩ កុម្ភៈ ថា អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​បាន​បញ្ចប់​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៧​របស់​ខ្លួន ដោយ​បាន​អនុម័ត​វិសោធនកម្ម​វិធាន​ផ្ទៃ​ក្នុង​មួយចំនួន ដែល​ត្រូវ​បាន​តាក់តែង​ឡើង​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព និង​ភាព​ងាយ​ស្រួល​ដល់​ការ​ចូលរួម​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​ដំណើរការ​នីតិ​វិធី​តុលាការ​កាត់​ទោស​អតី​មេ​ដឹកនាំ​ខែ្មរ​ក្រហម។

លោក រាជ សម្បតិ្ត បាន​បញ្ជាក់​ថា អង្គភាព​ជន​រង​គ្រោះ​បាន​ទទួល​ការ​ដាក់​ពាក្យ​បណ្តឹង​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​មាន​ប្រហែល​ជា ៤​ពាន់​នាក់។

លោក រាជ សម្បត្តិ បាន​បញ្ជាក់​ថា ៖ «ចំនួន​នេះ​គឺ​ច្រើន​មែនទែន ៤​ពាន់​នាក់ ហើយ​បើសិន​ជា​យើង​គិត​អ៊ីចេះ​វិញ​ថា មនុស្ស​ម្នាក់​និយាយ​តែ ១​ម៉ោង អ៊ីចឹង ៤​ពាន់​វា​ត្រូវ​ស៊ី​ពេល​អស់​ប៉ុន្មាន​ឆ្នាំ? ចុះ​បើ​ម្នាក់​ដល់​ទៅ ៣​ម៉ោង។ យូរ​អ៊ីចឹង​ហើយ​បាន​ជា​គេ​ត្រូវ​មាន​មេធាវី​នាំ​មុខ​ដើម្បី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​គាត់​ត្រូវ​ធ្វើ​ការ​ជាមួយ​នឹង​មេធាវី​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាំង​អស់​ហ្នឹង»

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​បាន​ចេញ​នៅ​រសៀល​ថ្ងៃ​ទី​៩ កុម្ភៈ បាន​បង្ហាញ​ថា សហ​មេធាវី​នាំ​មុខ​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​នឹង​ស្ថិត​នៅ​ក្នុង​អង្គភាព​មួយ​ដាច់​ដោយ​ឡែក​ពី​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​ត្រូវ​បង្កើត​ឡើង​ដើម្បី​ធានា​ឯករាជ​ភាព​របស់​សហ​មេធាវី​នាំ​មុខ និង​ផ្តល់​លទ្ធភាព​ជាក់ស្តែង​ដល់​អង្គភាព​គាំពារ​ជន​រង​គ្រោះ ដើម្បី​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កិច្ចប្រជុំ​ពេញ​អង្គ​លើក​ទី​៧ បាន​ផ្តល់​ប្រយោជន៍​កាន់​តែ​ទំលំ​ទូលាយ​ជាង​មុន​ដល់​ជន​រង​គ្រោះ និង​ផ្តល់​អំណាច​ដល់​អង្គភាព​ជន​រង​គ្រោះ ដែល​មាន​ឈ្មោះ​ថ្មី​ជា​អង្គភាព​គាំពារ​ជន​រង​គ្រោះ​ក្នុង​ការ​បង្កើត​កម្មវិធី និង​វិធានការ​ថ្មីៗ​ដែល​កើត​ឡើង​នៅ​ក្រៅ​កិច្ច​ដំណើរការ​នីតិ​វិធី​តុលាការ​ជា​ផ្លូវការ។

លោក រាជ សម្បត្តិ ជា​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​លើក​ឡើង​ទៀត​ថា ការ​សន្និដ្ឋាន​បញ្ចប់​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៧​នេះ គឺ​ជា​ការ​ពន្លឿន​នៃ​ដំណើរការ​កាត់​ក្តី​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​សំណុំរឿង​លេខ​០០២ ផងដែរ។

លោក រាជ សម្បត្តិ បាន​មាន​ប្រសាសន៍​ទៀត​ថា ដើម​បណ្តើង​រដ្ឋប្បវេណី​ទាំង​អស់ ពួក​គេ​មាន​សំណង​ជា​សមូហភាព​និង​ផ្លូវ​ចិត្ត​តែ​មួយ ប៉ុន្តែ​សំណង​នោះ​មិន​ទាន់​ដឹង​ថា​ជា​អ្វី​នៅ​ឡើយ។

លោក រាជ សម្បត្តិ បាន​ថ្លែង​ថា ៖ «សំណង​ត្រូវតែ​ជា​សំណង​សមូហភាព​មួយ កុំ​ឲ្យ​ម្នាក់​សុំ​គោ ម្នាក់​សុំ​ក្របី ម្នាក់​សុំ​ដំរី ម្នាក់​សុំ​សេះ​អ៊ីចឹង​ទៅ ធ្វើ​ឲ្យ​ការ​សុំ​ហ្នឹង​វា​អត់​មាន​ប្រសិទ្ធភាព»

នៅ​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០១០ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា គ្រោង​នឹង​បើក​សវនាការ​ឧទ្ធរណ៍​រឿង​ឃុំ​ខ្លួន​អតីត​មេ​ដឹកនាំ​កំពូល​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​បន្ត​ចំនួន ៣​រូប រួម​មាន ខៀវ សំផន, អៀងសារី និង អៀង ធីរិទ្ធ៕