មន្ត្រីទំនាក់ទំនងកិច្ចការច្បាប់នៃសាលាក្តីខ្មែរក្រហម បានអំពាវនាវជាថ្មីឲ្យជនរងគ្រោះក្នុងរបបខ្មែរក្រហមឆាប់រួសរាន់ដាក់ពាក្យបណ្តឹង ខណៈដែលការស៊ើបអង្កេតករណីលេខ០០២ជិតដល់ពេលបញ្ចប់។
ទិដ្ឋភាពក្នុងសវនាការនាថ្ងៃទី២៩ មិថុនា ២០០៩ នៅសាលាក្ដីខ្មែរក្រហម។
ការអំពាវនាវនេះបានធ្វើឡើងដោយលោក ឡាស់ អល់សិន (Lars Olsen) មន្ត្រីទំនាក់ទំនងកិច្ចការច្បាប់នៃសាលាក្តីខ្មែរក្រហមក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០០៩។
លោក ឡាស់ អល់សិន បានថ្លែងយ៉ាងដូច្នេះ ៖ “បើជនទាំងឡាយណាជាជនរងគ្រោះដោយផ្ទាល់ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ហើយមានបំណងចង់ធ្វើដើមបណ្ដឹងរដ្ឋប្បវេណី សូមមេត្តាដាក់ពាក្យឲ្យទាន់ពេលវេលា”។
លោក ឡាស់ អល់សិន អំពាវនាវដូច្នេះ គឺសំដៅទៅរកជនរងគ្រោះដោយរបបខ្មែរក្រហមទាំងឡាយណា ចង់ដាក់ពាក្យតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី តតាំងនឹងអតីតមេដឹកនាំខ្មែរក្រហមនៅក្នុងសំណុំរឿងក្តីលេខ០០២ ដែលមានជនត្រូវចោទចំនួន៥រូប។
លោក ឡាស់ អល់សិន មានប្រសាសន៍ដូច្នេះ ៖ “នៅក្នុងសំណុំរឿងលេខ០០២នេះ យើងមានជនត្រូវចោទចំនួន៥រូប គឺមានលោក ខៀវ សំផន, លោក នួន ជា, លោក អៀង សារី, លោកស្រី អៀង ធីរិទ្ធ ហើយនិង កាំង ហ្កេចអ៊ាវ ហៅ ឌុច"។
លោក ឡាស់ អល់សិន បានអំពាវនាវជាពិសេសចំពោះជនរងគ្រោះនៅក្នុងតំបន់សំខាន់ៗមួយចំនួន ដែលធ្លាប់ជាទីតាំងនៃការប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងររបស់របបខ្មែរក្រហម ហើយសាលាក្តីខ្មែរក្រហមកំពុងស៊ើបអង្កេត។ ទីតាំងទាំងនោះមាននៅក្នុងខេត្តបន្ទាយមានជ័យ, កំពង់ឆ្នាំង, កំពង់ធំ, កំពង់ចាម, កំពង់សោម, ក្រចេះ, តាកែវ, កណ្តាល, មណ្ឌលគិរី, រតនគិរី, ពោធិ៍សាត់, សៀមរាប, ស្វាយរៀង, ព្រៃវែង, កំពត, ខេត្តតាកែវ និងក្រុងភ្នំពេញ។
ទាក់ទងនឹងការវិវត្តថ្មីៗនៃការស៊ើបអង្កេតក្នុងសំណុំរឿងក្តីលេខ០០២ ត្រូវលោក ឡាស់ អល់សិន ថ្លែងឲ្យដឹងថា ការិយាល័យសហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម កំពុងស៊ើបអង្កេតលើអង្គហេតុធំៗចំនួន៣ នៅក្នុងបណ្តាខេត្តក្រុងទាំងនេះ ដែលរបបខ្មែរក្រហមបានប្រព្រឹត្តចំពោះពលរដ្ឋខ្មែរ ចន្លោះពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
លោក ឡាស់ អល់សិន បានថ្លែងដូច្នេះទៀតថា ៖ “ការស៊ើបអង្កេតគឺទាក់ទងនឹងសហករណ៍ និងការដ្ឋាននានា ទី២ ទាក់ទងនឹងមន្ទីរសន្តិសុខនិងកន្លែងសម្លាប់មនុស្ស ទី៣ យើងនិយាយអំពីអំពើប្រព្រឹត្តប្រឆាំងនឹងប្រជាជន ឬក្រុមមនុស្សមួយចំនួន គឺរួមបញ្ចូលទាំងការផ្លាស់កន្លែង ឬក៏ជម្លៀសប្រជាជនភ្លាមៗចេញពីរាជធានីភ្នំពេញ ឬក៏ក្រុងនានា បន្ទាប់ពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥”។
ចំពោះពេលវេលាបញ្ចប់នៃការស៊ើបអង្កេតសម្រាប់សំណុំរឿងក្តីលេខ០០២ ចំពោះឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានលោក ឡាស់ អល់សិន ថ្លែងថា ការិយាល័យសហចៅក្រមស៊ើបអង្កេត គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០០៩នេះ៕
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
Please do not drag too long, Those five people are getting old. They might leave this world before the trial. Let the justice begins.
2009-11-06 14:58
មើលមតិទាំងអស់.