នៅក្នុងការជជែកគ្នាក្នុងសវនាការនោះ មានការជំទាស់របស់សហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហម បានធ្វើឡើងលើបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តីជនជាប់ចោទ អៀង ធីរិទ្ធ ដែលបានសុំឲ្យអង្គបុរេជំនុំជម្រះពិចារណាដោះលែងកូនក្តីរបស់ខ្លួនកាលពីវេលាព្រឹកថ្ងៃច័ន្ទ ទី១៥ កុម្ភៈ ឆ្នាំ២០១០នេះ។
លោកព្រះរាជអាជ្ញានៃសាលាក្ដីខ្មែរក្រហម (សេង ប៊ុនឃាង)បានថ្លែងដូច្នេះ ៖ «តាងនាមអយ្យការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ខ្ញុំសូមតម្កល់ចម្លើយតបរបស់សហព្រះរាជអាជ្ញាចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១០ ទៅនឹងបណ្តឹងឧទ្ធរណ៍របស់សហមេធាវីការពារក្តី អៀង ធីរិទ្ធ ដដែល»។
សហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហម បានជំទាស់ភ្លាមៗទៅនឹងការសុំរបស់មេធាវីការពារក្តី គឺលោក ផាត់ ពៅស៊ាង ដែលបានលើកឡើងនូវកំហុសផ្លូវច្បាប់មួយចំនួនទាក់ទងនឹងការឃុំខ្លួនកូនក្តីរបស់លោក គឺជនជាប់ចោទ អៀង ធីរិទ្ធ។
លោក ផាត់ ពៅស៊ាង មានប្រសាសន៍ថា ៖ «មេធាវីការពារក្តីស្នើសុំដោយក្តីគោរព ចំពោះអង្គបុរេជំនុំជម្រះ សុំបដិសេធជាអសារឥតការនូវដីកាឃុំខ្លួនរបស់ការិយាល័យចៅក្រមស៊ើបអង្កេតស្តីពីការបន្តថិរវេលាឃុំខ្លួនរយៈពេលមួយឆ្នាំទៀតរបស់កូនក្តីខ្ញុំបាទ ពីព្រោះការសម្រេចនេះមានកំហុសនីតិវិធីជាច្រើន និងមានកំហុសសំខាន់ៗមួយចំនួនទៀត»។
មេធាវីការពារក្តីជនត្រូវចោទបានលើកឡើងនូវហេតុផលសំអាងរបស់ខ្លួនថា ការសម្រេចបន្តឃុំខ្លួនបណ្តោះអាសន្ននេះ គឺធ្វើឡើងដោយស្វ័យប្រវត្តិ មិនបានពិចារណាឲ្យបានត្រឹមត្រូវ ហើយចៅក្រមស៊ើបអង្កេតមិនបានអនុវត្តត្រឹមត្រូវលើការពិនិត្យបណ្តឹងឧទ្ធរណ៍ មិនមានការរកឃើញមូលហេតុជឿជាក់ថា ជនត្រូវចោទធ្លាប់បានប្រព្រឹត្តបទល្មើស ពុំមានភស្តុតាងគាំទ្រហានិភ័យជាក់ស្តែងដែលថា ជនត្រូវចោទនឹងគាបសង្កត់សាក្សី បំផ្លាញភស្តុតាង រត់គេចខ្លួន ឬរំខានសណ្តាប់ធ្នាប់សាធារណៈឡើយ។
សំអាងទាំងនេះត្រូវបានសហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមឆ្លើយតបវិញថា មូលហេតុនៃការចេញសេចក្តីសម្រេចឲ្យបន្តការឃុំខ្លួនជនត្រូវចោទមួយឆ្នាំទៀត មិនមែនជាការឃុំដោយស្វ័យប្រវត្តិទេ គឺសហចៅក្រមពិតជាបានស៊ើបអង្កេត ត្រួតពិនិត្យនិងពិចារណាលើមូលដ្ឋានច្បាប់ និងអង្គហេតុយ៉ាងពេញលេញមុននឹងចេញដីកាបន្តការឃុំខ្លួនបណ្តោះអាសន្ននេះ។
នៅក្នុងតួនាទីជារដ្ឋមន្ត្រីសង្គមកិច្ច ជនត្រូវចោទ អៀង ធីរិទ្ធ បច្ចុប្បន្នកំពុងត្រូវចោទពីបទឧក្រិដ្ឋចំនួន៤ គឺបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងច្បាប់ជាតិ។ ជនត្រូវចោទ អៀង ធីរិទ្ធ ត្រូវឃុំខ្លួនចាប់តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០០៧មក។ ការសុំឲ្យដោះលែងក្រោមលក្ខខណ្ឌនៅពេលនេះនៅមិនទាន់មានការសម្រេចពីតុលាការនៅឡើយទេ៕
