សាក្សី​៩​នាក់​និង​អ្នក​ជំនាញ​២​នាក់​ហើយ​ដែល​បាន​ចូលរួម​ក្នុង​សវនាការ ឌុច

មន្រ្តី​ផ្នែក​គាំពារ​សាក្សី​និង​អ្នក​ជំនាញ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហៅ​កាត់​ថា សាលាក្តី​ខ្មែរ​ក្រហម បាន​ប្រាប់​ឲ្យ​ដឹង​ថា សម្រាប់​រឿង​ក្តី​របស់ ឌុច អតីត​ប្រធាន​គុក​ទួល​ស្លែង ដែល​សាលាក្តី​កំពុង​ជំនុំ​ជម្រះ​នោះ​គឺ​មាន​សាក្សី​ចូលរួម​ចំនួន ៩​នាក់ និង​អ្នក​ជំនាញ​២​នាក់​ហើយ។

0:00 / 0:00

ការ​ប្រាប់​ឲ្យ​ដឹង​អំពី​ចំនួន​សាក្សី​នេះ ធ្វើ​ឡើង​ជា​លើក​ដំបូង​ដោយ​លោកស្រី វិនឌី ឡុបវីន (Wendy Lobwein) អ្នក​សម្រប​សម្រួល​ផ្នែក​គាំពារ​សាក្សី​និង​អ្នក​ជំនាញ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​១ ខែ​កក្កដា​នេះ។

ក្រៅ​ពី​ការ​ប្រាប់​ចំនួន​សាក្សី​សម្រាប់​ករណី លោកស្រី Wendy Lobwein ក៏​បាន​ថ្លែង​ប្រាប់​អំពី​ការងារ​របស់​ផ្នែក​គាំពារ​សាក្សី​និង​អ្នក​ជំនាញ​ដូច្នេះ​ថា ៖ «ខ្ញុំ​មាន​ការងារ​ចម្បង​សំខាន់ៗ​៣ ហើយ​យើង​មាន ៣​ដំណាក់​កាល​ផង​ដែរ គឺ​វា​ទាក់​ទង​ទៅ​នឹង​ការ​ផ្ដល់​សេវា​កម្ម​ការពារ​ដល់​សាក្សី»

លោក ជុំ ម៉ី អតីត​អ្នក​ទោស​គុក​ទួលស្លែង ដែល​ឥឡូវ​លោក​ជា​សាក្សី​ម្នាក់​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ថ្លែង​ដូច្នេះ ៖ «គេ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ខ្ញុំ​ណាស់​នៅ​ខាង​ការពារ​សាក្សី​ហ្នឹង ហើយ​យើង​ឆ្លើយ​បំភ្លឺ​យ៉ាង​ម៉េច អី​យ៉ាង​ម៉េច គាត់​ក៏​គាំពារ​យើង​ដែរ គាត់​ថា អា​ហ្នឹង​ស្រេច​តែ​សិទ្ធិ​របស់​យើង​ទេ សំខាន់​យើង​ទទួល​ពី​ចៅក្រម​មក​យ៉ាង​ម៉េច យើង​ត្រូវ​អនុវត្ត​មាន​ហ្នឹង​ទៅ»

លោក ឡុង បញ្ញាវុឌ្ឍ មន្រ្តី​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា ដែល​តាម​ដាន​ដំណើរ​ការ​កាត់​ក្តី​របស់​សាលាក្តី​ខ្មែរ​ក្រហម បាន​ថ្លែង​ថា លោក​ស្វាគមន៍​ការ​បង្ហាញ​របស់​ផ្នែក​គាំពារ​សាក្សី​និង​អ្នក​ជំនាញ​នៃ​សាលាក្តី​ខ្មែរ​ក្រហម ក៏​ប៉ុន្តែ​លោក​ថ្លែង​បន្ថែម​ដូច្នេះ ៖ «តាំង​ពី​ការ​កត់​សម្គាល់​កន្លង​មក ខ្ញុំ​អត់​ដែល​ឃើញ​ផ្នែក​អង្គភាព​ការពារ​ជន​រង​គ្រោះ​នៅ​អង្គុយ​ជាមួយ​សាក្សី​ហ្នឹង​ដើម្បី​លើក​ទឹក​ចិត្ត ឬ​មួយ​ក៏​លួង​លោម​ជន​រង​គ្រោះ​កុំ​ឲ្យ​ហូរ​ទឹក​ភ្នែក ឬ​មួយ​កុំ​ឲ្យ​មាន​អារម្មណ៍​តាន​តឹង ខ្វះ​កន្លែង​ហ្នឹង។ ខ្ញុំ​គិត​ថា គួរ​តែ​ពិចារណា​ឡើង​វិញ ព្រោះ​អី​សាក្សី​ត្រូវ​ការ​អ្នក​អម​មួយ​ចំនួន​ដែរ»

ចាប់​តាំង​ពី​ពេល​ដែល​សាលាក្តី​ខ្មែរ​ក្រហម ចាប់​ផ្តើម​ដំណើរការ​ជំនុំ​ជម្រះ​រឿង​ក្តី​របស់​អតីត​ជន​ជាប់​ចោទ​ឈ្មោះ កាំង ហ្កេក​អ៊ាវ ហៅ ឌុច និង​សួរ​ដេញ​ដោល​អំពី​ឧក្រិដ្ឋ​កម្ម​នៅ​គុក​ទួល​ស្លែង​មក មាន​អ្នក​ជំនាញ​អន្តរជាតិ​ចំនួន ២​រូប និង​សាក្សី​ជា​ជន​ជាតិ​ខ្មែរ​ចំនួន ២​រូប គឺ​លោក វ៉ាន់ ណាត និង​លោក ជុំ ម៉ី ជា​ជាង​គំនូរ ដែល​បាន​រួច​ជីវិត​ពី​មន្ទីរ ស-​២១ ឬ​គុក​ទួល​ស្លែង ត្រូវ​សាលាក្ដី​ខ្មែរ​ក្រហម​អញ្ជើញ​ឲ្យ​មក​បំភ្លឺ​ជូន​អង្គ​ជំនុំ​ជម្រះ ហើយ​នៅ​ថ្ងៃ​ទី​១ កក្កដា​នេះ លោក ប៊ូ ម៉េង ដែល​ជា​សាក្សី​ផ្ទាល់​ទី​៣ ដែល​បាន​រួច​ជីវិត​ពី​មន្ទីរ ស-​២១ ដែរ​នោះ ក៏​ផ្តល់​សក្ខី​កម្ម​ដល់​អង្គ​ជំនុំ​ជម្រះ​ដែរ។

ការ​ជំនុំ​ជម្រះ​របស់​ជន​ជាប់​ចោទ​ឈ្មោះ កាំង ហ្កេក​អ៊ាវ ហៅ ឌុច អតីត​ប្រធាន​គុក​ទួល​ស្លែង​ក្នុង​ដំណាក់​កាល​ទី​មួយ ដែល​គ្រោង​ដោយ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា​នេះ ហើយ​ការ​ជំនុំ​ជម្រះ​ដំណាក់​កាល​ទី​ពីរ នឹង​ត្រូវ​បន្ត​ធ្វើ​រយៈពេល​បី​ខែ​ទៀត រហូត​ដល់​ថ្ងៃ​ទី​មួយ ខែ​តុលា ឆ្នាំ​២០០៩៕