រឿង​ក្ដី​ឌុច​ជិត​ដល់​ទី​បញ្ចប់​ខណៈ​ជន​រង​គ្រោះ​ឃើញ​ពន្លឺ​យុត្តិធម៌​តិច​នៅ​ឡើយ

ដំណើរការ​ជំនុំ​ជម្រះ​រឿង​ក្តី​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម​របស់​អតីត​ប្រធាន​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច នឹង​ឈាន​ដល់​ទី​បញ្ចប់​នៅ​ថ្ងៃ​២៧ វិច្ឆិកា ឆ្នាំ​២០០៩​នេះ​ហើយ ប៉ុន្តែ​ជន​រង​គ្រោះ​មួយចំនួន​មើល​ឃើញ​ពន្លឺ​យុត្តិធម៌​នៅ​តិច​នៅ​ឡើយ។

0:00 / 0:00

ជន​រង​គ្រោះ​ធ្លាប់​ជាប់​គុក​ទួលស្លែង​និយាយ​ថា យុត្តិធម៌​ពី​ការ​ជំនុំ​ជម្រះ​រឿង​ក្តី​ឧក្រិដ្ឋ​ខ្មែរ​ក្រហម​ទើប​តែ​មើល​ឃើញ​យុត្តិធម៌​ត្រឹម​តែ​៣០%​នៅ​ឡើយ នៅ​ពេល​ដែល​សវនាការ ឌុច ជិត​នឹង​បញ្ចប់​បិទ​សំណុំរឿង​ទៅ​ហើយ។

ការ​ថ្លែង​នេះ​ធ្វើ​ឡើង​ដោយ​ជន​រង​គ្រោះ​ជា​អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង​ពីរ​រូប គឺ​លោក ប៊ូ ម៉េង និង​លោក ជុំ ម៉ី ខណៈ​ដែល​សាលា​ដំបូង​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​កំពុង​ធ្វើ​សវនាការ​លើ​រឿង​ក្តី​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម​លេខ​០០១ របស់​ជន​ជាប់​ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​ប្រធាន​គុក​ទួលស្លែង កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។

លោក ប៊ូ ម៉េង ថ្លែង​ថា ៖ «២០​ទៅ​៣០% បាន​ជា​ខ្ញុំ​ថា​អ៊ីចឹង ព្រោះ​ខ្ញុំ​អត់​បាន​ទទួល​ការ​ពិត​ពី ឌុច»

អតីត​អ្នក​ទោស​គុក​ទួលស្លែង​មួយ​រូប​ទៀត គឺ​លោក ជុំ ម៉ី បាន​បន្ទរ​សម្ដី​លោក ប៊ូ ម៉េង លើ​បញ្ហា​នេះ​ថា រហូត​មក​ដល់​ពេល​នេះ ជន​ជាប់​ចោទ ឌុច នៅ​លាក់​លៀម​មិន​ទាន់​និយាយ​ការ​ពិត​អស់​នៅ​ឡើយ​ទេ ដោយ​លោក​លើក​ឡើង​ដូច្នេះ ៖ «ឌុច មិន​មែន ឌុច ធម្មតា​ទេ មិន​មែន នួន ជា មិន​មែន អៀង សារី មិន​មែន ខៀវ សំផន ទេ។ ខ្ញុំ​វិភាគ ខ្ញុំ​ឆ្លុះ​បញ្ចាំង​ទៅ ឌុច គឺ​ថា​ក្រឡិច​ក្រឡុច​ណាស់​មនុស្ស​ហ្នឹង មិន​មែន​ធម្មតា​ទេ។ នួន ជា, ខៀវ សំផន មិន​ក្រឡិច​ក្រឡុច​ដល់​ឌុច​ទេ ឌុច​ហ្នឹង​ពូកែ​ក្រឡិច​ក្រឡុច​ណាស់»

នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ វិច្ឆិកា ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​ឡើង​ធ្វើ​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន​ជូន​អង្គ​សវនាការ​និង​ទាមទារ​ឱ្យ​មាន​សំណង​សម្រាប់​ជន​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

លោក ប៊ូ ម៉េង និង​លោក ជុំ ម៉ី បន្ត​ថា ជន​ជាប់​ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ល្បិច​និយាយ​លាក់​ព័ត៌មាន។

ការ​ថ្លែង​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​កើត​មាន​នៅ​ចំ​ថ្ងៃ​ទី​មួយ​ដែល​សាលា​ដំបូង​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ចាប់​ផ្តើម​បើក​សវនាការ​ជា​ថ្មី បន្ទាប់​ពី​បាន​ផ្អាក​រយៈ​ពេល​ជាង​មួយ​ខែ​មក។

នៅ​ក្នុង​សវនាការ លោក​ប្រធាន​ចៅក្រម និល ណុន បាន​ប្រកាស​ថា ការ​បើក​សវនាការ​បន្ត​ជា​ថ្មី​នេះ គឺ​ជា​សវនាការ​ចុង​ក្រោយ​លើ​សំណុំរឿង​ក្តី​លេខ​០០១ របស់​ជន​ជាប់​ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​គ្រោង​ធ្វើ​ពេញ​មួយ​សប្តាហ៍ សម្រាប់​ភាគី​ទាំង​អស់​ធ្វើ​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន។

លោក​ប្រធាន​ចៅក្រម និល ណុន បាន​ថ្លែង​ថា ៖ «នៅ​ក្នុង​សប្ដាហ៍​នេះ​គឺ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​រហូត​ដល់​ថ្ងៃ​ទី​២៦ ឬ​ក៏​ថ្ងៃ​ទី​២៧ អង្គ​ជំនុំ​ជម្រះ​នឹង​ដំណើរការ​សវនាការ​ដើម្បី​ស្តាប់​នូវ​សេចក្តី​សន្និដ្ឋាន​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​របស់​ភាគី។ អង្គ​ជំនុំ​ជម្រះ​សូម​រំឭក​ដល់​ភាគី​ថា ដំណើការ​សវនាការ​ពិភាក្សា​ដេញដោល​សំណុំរឿង​លេខ​០០១​នេះ គឺ​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​ហើយ»

ការ​ប្រកាស​ចេញ​សេចក្តី​សម្រេច​ចុង​ក្រោយ ថា​តើ​ជន​ជាប់​ចោទ​ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច នឹង​មាន​ទោស​យ៉ាង​ណា​នោះ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

លោក ប៊ូ ម៉េង ជា​ជន​រង​គ្រោះ​នៅ​គុក​ទួលស្លែង ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ​លោក​នៅតែ​មិន​មាន​ជំនឿ​លើ​យុត្តិធម៌​បាន​មក​ពី​ការ​កាត់​ក្តី​អតីត​ប្រធាន​គុក​ទួលស្លែង ឌុច នៅ​ឡើយ​ទេ ដរាប​ណា​លោក​មិន​ទាន់​ឃើញ​សាលក្រម​ចេញ៕