លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃទី៤ កញ្ញាថា កំណើនសេដ្ឋកិច្ចបានកើនឡើងជាប់ៗគ្នារវាងឆ្នាំ២០០៤ និងឆ្នាំ២០០៨ ដល់ទៅជាង ១០ភាគរយ ដោយសារកត្តាសំខាន់បី គឺលំហូរវិនិយោគផ្ដល់ពីបរទេស ការរីកចម្រើនខាងធនាគារ រួមទាំងជំនួយអភិវឌ្ឍន៍ផងដែរ។
លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងដែរថា បន្ទាប់ពីប្រទេសកម្ពុជាបានកែទម្រង់ហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលចុងក្រោយនេះ ប្រាក់ចំណូលរដ្ឋាភិបាល បានកើនឡើងទ្វេដង គឺកើនពីចំនួន២.២២០ពាន់លានរៀល ស្មើនឹង ៥៥៣លានដុល្លារ ឡើងដល់ ៤.៩២៨ ពាន់រៀលគឺស្មើនឹង៧៥៨លានដុល្លារ ហើយនឹងបន្តកើនឡើងដល់៨.៥៣៩ពាន់លានរៀល ឬស្មើ២ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ គិតត្រឹមឆ្នាំ២០០៩។
លោកនាយករដ្ឋមន្រ្តីបន្តថា ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនខ្មែរម្នាក់ៗ គិតជាមធ្យមបានកើនឡើង ពីចំនួន២២៩ដុល្លារ ដល់៧៣៩ដុល្លារ។ ចំពោះភាពក្រីក្ររបស់ប្រជាជនខ្មែរ បានថយចុះច្រើន គឺចុះពីចំនួន ៣០ភាគរយនៅឆ្នាំ២០០៧ មកត្រឹមប្រហែល២៧ភាគរយនៅឆ្នាំ២០០៩។
ការអះអាងនេះត្រូវបានមន្ត្រីបក្សប្រឆាំងដែលជាទូទៅតែងតែរិះគន់រដ្ឋាភិបាលនោះ បានទទួលស្គាល់អំពីកំណើនសេដ្ឋកិច្ចកម្ពុជាលើកនេះ តែនៅតែរិះគន់ថា ប្រាក់ចំណូលទាំងនោះ មិនបានធ្លាក់ដល់ដៃប្រជាជនកម្ពុជាក្រីក្រទេ។ ប្រាក់ចំណូលទាំងនោះធ្លាក់ទៅក្នុងហោប៉ៅមន្ត្រី និងមនុស្សមួយចំនួនតូចតែប៉ុណ្ណោះ។
នៅក្នុងផែនការបង្កើនប្រាក់ចំណូលថវិកាជាតិឆ្នាំ២០១០នេះ រដ្ឋាភិបាលកម្ពុជា បានផ្ដោតលើវិស័យមួយទៀត គឺវិស័យកសិកម្ម ដោយគ្រោងនាំអង្ករចេញលក់ទៅក្រៅប្រទេស ឲ្យបានចំនួន៣លានតោន ដែលផែនការនេះត្រូវបានអ្នកវិភាគសេដ្ឋកិច្ចខ្មែររំពឹងថានឹង អាចផ្ដល់ការងារ និងប្រាក់ចំណូលបន្ថែមដល់ពលរដ្ឋខ្មែរនៅតាមជនបទ និងអាចកាត់បន្ថយភាពក្រីក្របានថែមមួយកម្រិតទៀត នៅពេលប៉ុន្មានឆ្នាំខាងមុខនេះ៕
