អ្នក​សេដ្ឋកិច្ច​វិភាគ​មូលហេតុ​ដែល​នាំ​ឲ្យ​ទំនិញ​ឡើង​ថ្លៃ

ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា បាន​វិភាគ​ថា​មូលហេតុ​ដែល​នាំ​ឲ្យ​ទំនិញ​ឡើង​ថ្លៃ ដោយសារ​តម្រូវការ​កើនឡើង​ខ្ពស់​របស់​អ្នក​ប្រើប្រាស់ អត្រា​កំណើន​ប្រជាជន​យ៉ាង​ឆាប់​រហ័ស ការ​ថយចុះ​នៃ​ផលិតកម្ម​មិន​ទាន់​តម្រូវការ​ប្រើប្រាស់​ដ៏​ច្រើន​លើស​លប់ និង​ការ​បង្វែរ​ដី​កសិកម្ម​ទៅ​បម្រើ​ឲ្យ​វិស័យ​ថាមពល​នៅ​លើ​ពិភពលោក ។

0:00 / 0:00

លោក ចាន់ សុផល ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា​វិភាគ​ថា សម្រាប់​ប្រទេស​កម្ពុជា​ក៏​មិន​ខុស​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី​ដែរ ដោយសារ​ចរន្ត​នៃ​សាកល​ភាវូបនីយកម្ម​សេដ្ឋកិច្ច​បើក​ចំហរ ផលប៉ះពាល់​គឺ​មាន​ដូចគ្នា ។

លោក ចាន់ សុផល បាន​ឲ្យ​ដឹង​ថា ៖ «អ្នកណា​ក៏​ដោយ ត្រូវតែ​ចំណាយ​ប្រាក់​ច្រើន​ជាង​មុន ដើម្បី​ទិញ​ទំនិញ​បាន​ដូច​មុន អ៊ីចឹង​យើង​ថា​ចំណាយ​ត្រូវតែ​កើន​ឡើង ។ អ៊ីចឹង​វា​អាស្រ័យ​លើ​ចំណូល ចំពោះ​អ្នក​ដែល​មាន​ចំណូល​ច្រើន គាត់​មិន​ប៉ះពាល់​ធំ​ដុំ​ទេ ប៉ុន្តែ​អ្នក​ដែល​មាន​ចំណូល​តិច ហើយ​ចំណូល​ហ្នឹង​មិន​កើន​ឡើង​ទៀត គាត់​នឹង​ជួប​ការ​លំបាក​ខ្លាំង គាត់​អាច​តម្រូវ​បង្ខំ​ចិត្ត​កាត់បន្ថយ​ការ​ចំណាយ»

ប្រតិកម្ម​តប​ទៅ​នឹង​ការ​ទប់ស្កាត់​អតិផរណា តាមរយៈ​ការ​កាត់បន្ថយ​ការ​ចំណាយ អ្នកនាង កែវ រង្សី ជា​ជន​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​កាល​ពី​ពេល​ថ្មីៗ​នេះ យល់​ថា​កាត់​បន្ថយ​ការ​ចំណាយ​មិនមែន​ជា​ជម្រើស​ដ៏​ល្អ​នោះ​ទេ​ពេល​នេះ ។

អ្នកនាង កែវ រង្សី បាន​បញ្ជាក់​ថា ៖ «អាច​រក​បន្ថែម ដើម្បី​ចំណាយ​របស់​យើង​រាល់​ថ្ងៃ​ហ្នឹង បើ​សិន​យើង​ត្រូវ​កាត់បន្ថយ​អ៊ីចឹង គឺ​វា​មិន​អាច​កាត់​បាន ដូច​ថា​បាយ​មួយ​ថ្ងៃ យើង​ញ៉ាំ​បី​ពេល បើសិន​ជា​កាត់បន្ថយ​ត្រឹម​ពីរ​ពេល​អី​អ៊ីចឹង យើង​មាន​សុខភាព​ណា​សម្រាប់​ទៅ​ធ្វើការ​រក​លុយ​មក​ចិញ្ចឹម​ជីវិត»

លោក ចាន់ សុផល ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​កម្ពុជា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា មធ្យោបាយ​ដែល​ល្អ​បំផុត​នា​ពេល​នេះ​គឺ​មាន​តែ​ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ទេ ដែល​អាច​ធ្វើ​ឲ្យ​តម្លៃ​សេវាកម្ម​ផ្សេង​ទៀត​ចុះ​តម្លៃ​តាម​ដែរ ។

លោក ចាន់ សុផល បាន​មាន​ប្រសាសន៍​ថា ៖ «អតិផរណា​នេះ​យើង​ពិបាក​នឹង​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ណាស់ ក៏ប៉ុន្តែ​វិធានការ​ភ្លាមៗ​ដែល​រាជរដ្ឋាភិបាល​បាន​ចាត់​ដូច​ជា ហាម​មិន​ឲ្យ​នាំ​ស្រូវ​ចេញ​អីចឹង វា​មាន​ប្រសិទ្ធភាព​ដែរ​ក្នុង​រយៈពេល​ខ្លី​ហ្នឹង​មិន​ឲ្យ​ទំនិញ​ហ្នឹង​ឡើង​ទៅ​ទៀត ឬ​ក៏​វិធានការ​ក្រៅ​ពី​នេះ​ភ្លាមៗហ្នឹង គឺ​មាន​រាជរដ្ឋាភិបាល​ប្រហែល​ជា​អាច​បន្ថយ​ពន្ធ​ប្រេង​សាំង»

ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទា​របស់​សង្គមស៊ីវិល លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម បញ្ជាក់​ពី​កង្វល់​របស់​រដ្ឋាភិបាល​ថា ៖ «ថ្លៃ​សាំង​ដូច​ជា​មិន​អាច​ចុះ​បាន​ទេ ដោយ​រាជរដ្ឋាភិបាល​មាន​វិធានការ​យក​លុយ​របស់​រដ្ឋ បម្រុង​យក​ទៅ​ទប់​វិញ រាជរដ្ឋាភិបាល​ក៏​ដូច​ជា រដ្ឋសភា​កំពុង​តែ​ពិនិត្យ​សា​ឡើងវិញ ថា​តើ​មូលហេតុ​នៃ​ការ​ឡើង​ថ្លៃ​ហ្នឹង យើង​អាច​រក​មធ្យោបាយ​ដើម្បី​បញ្ចុះ​ថ្លៃ​វិញ ឲ្យ​អ្នក​ប្រើប្រាស់​បាន កុំ​ឲ្យ​ទទួល​រង​គ្រោះ​ខ្លាំង​ពេក ។ ហើយ​ដោយសារ​លុយកាក់​របស់​យើង​ក្នុង​ការ​ចាយវាយ​មិន​គ្រប់គ្រាន់ អ៊ីចឹង​ទេ​យើង​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ក៏​ដូច​ជា​រក​មធ្យោបាយ​ដើម្បី​បញ្ចុះ​តម្លៃ​ទំនិញ​នៅ​ទីផ្សារ»

ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​បាន​ប៉ុងប៉ង​និង​ទប់ស្កាត់​អតិផរណា​ជូន​ប្រជាពលរដ្ឋ តែ​សម្រាប់​លោក ចាន់ សុផល បែរ​ជា​ធ្វើការ​ទស្សន៍ទាយ​ថា​ក្រាហ្វិក​នៃ​អតិផរណា​នេះ​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​ទប់​ស្កាត់​ណាស់ ព្រោះ​តម្រូវការ​ផលិតកម្ម​នៅ​លើ​ពិភពលោក​នៅ​មាន​កម្រិត​ខ្ពស់​នៅឡើយ ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​អាច​ធ្វើ​បាន គឺ​ត្រូវ​ខិតខំ​រក​ចំណូល​បន្ថែម​ទើប​អាច​ទប់ទល់​បាន ៕