ប្រភពកំណើន​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ​២០១១ និង​២០១២

សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ជា​មធ្យម​ប្រមាណ ៨% នៅ​ក្នុង​រយៈពេល ១០ឆ្នាំ ចុង​ក្រោយ​នេះ ប៉ុន្តែ ក្នុង​ឆ្នាំ ២០១២ ធនាគារ​ពិភពលោក បាន​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​អាច​មាន​ប្រមាណ​តែ ៦.៦%​ ទេ។

0:00 / 0:00

អ្នក​វិភាគ​សេដ្ឋកិច្ច​មួយ​ចំនួន យល់​ឃើញ​ថា ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កើន​ឡើង​ខ្ពស់​ពីរ​ខ្ទង់ ការ​ជំរុញ​ឲ្យ​ប្រជាជន​កម្ពុជា​ចំណាយ​លើ​ការ​ប្រើប្រាស់ គឺ​ជា​រឿង​សំខាន់។

មាន​ស្ថាប័ន​ស្រាវជ្រាវ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល មួយ​ចំនួន​បាន​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ស្ទើរ​តែ​ស្រដៀង​គ្នា​ក្នុង​ឆ្នាំ ២០១១ និង ២០១២។ ការ​ព្យាករណ៍​ទាំង​នោះ ដោយ​សារ​តែ​វិស័យ​ស្នូល ដូច​ជា​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម មិន​ទទួល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ពី​វិបត្តិ​សេដ្ឋកិច្ច​ខាង​ក្រៅ ដូច​ជា​ពី​សហគមន៍​អឺរ៉ុប​ជា​ដើម។ វិស័យ​សំខាន់​របស់​កម្ពុជា​ទាំង​នោះ ដូច​ជា​វិស័យ​កសិកម្ម​មាន​ការ​កើន​ឡើង​ជាង ៣% និង​វិស័យ​នាំ​ចេញ​សំលៀក​បំពាក់ គឺ​កើន​ឡើង ៣២% និង​ចំនួន​រោងចក្រ​ក៏​បាន​កើន​ឡើង​ដែរ​នៅ​ក្នុង​ឆ្នាំ ២០១១ និង​វិស័យ​ផ្សេងៗ​ទៀត​ក៏​កើន​ឡើង​ដែរ។

ទោះ​ជា​យ៉ាង​ណា ក៏​ដោយ​សារ​បរិមាណ​តម្រូវ​ការ​ខាង​ក្រៅ​ទំនង​ជា​នៅ​មាន​លក្ខណៈ​ទន់​ខ្សោយ ដូច្នេះ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន​ចាំ​បាច់​ត្រូវ​ពឹង​ផ្អែក​តិច​តួច​លើ​ការ​នាំ​ចេញ និង​ពឹង​ផ្អែក​ឲ្យ​បាន​ច្រើន លើ​បរិមាណ​តម្រូវ​ការ​ក្នុង​ស្រុក ដើម្បី​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់។

របាយការណ៍​សេដ្ឋកិច្ច អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក របស់​ធនាគារ​ពិភពលោក «ការ​ចាប់​យក​ប្រភព​កំណើន​ថ្មី» បាន​និយាយ​ថា កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ទាំង​នោះ​នៅ​តែ​មាន​ភាព​រឹង​មាំ​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​តំបន់ អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក​ទាំង​នោះ។ ក្នុង​របាយការណ៍​ដដែល​បាន​បន្ត​ថា បើ​ទោះ​បី​ជា​មាន​កំណើន​យឺត ក្រោយ​ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ក៏​ដោយ ក៏​តំបន់​ទាំង​នេះ​ចាំ​បាច់​ត្រូវ​តែ​កាត់​បន្ថយ​នូវ​ភាព​ពឹង​ផ្អែក​របស់​ខ្លួន លើ​ការ​នាំ​ចេញ និង​ស្វែង​រក​នូវ​ប្រភព​នៃ​កំណើន​ថ្មី។

សេដ្ឋវិទូ​របស់​ធនាគារ​ពិភព​លោក និង​ជា​ប្រធាន​អ្នក​និពន្ធ​របាយការណ៍​នេះ លោក ប្រ៊ីស​ ឃ្វីលីន (Bryce Quillin) មាន​ប្រសាសន៍​ថា ប្រទេស​មួយ​ចំនួន​នឹង​ចាំ​បាច់​ត្រូវ​តែ​ជំរុញ​បង្កើន​ការ​ប្រើប្រាស់​ក្នុង​គ្រួសារ។ លោក បន្ត​ថា ជា​មួយ​នឹង​វិស័យ​ហិរញ្ញវត្ថុ​ដែល​កំពុង​ប្រែប្រួល​ដោយ​សារ​តែ​វិបត្តិ​ហិរញ្ញវត្ថុ​នេះ គឺ​ត្រូវ​រក​វិធី​ថ្មី​ជា​ច្រើន​ដើម្បី​ធ្វើ​ហិរញ្ញប្បទាន​ឲ្យ​កាន់​តែ​ច្រើន ដោយ​រដ្ឋាភិបាល​ត្រូវ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្កើន​គម្រោង​ហេដ្ឋារចនាសម្ពន្ធ។

អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា លោក ជា ហួត មាន​ប្រសាសន៍​ថា ការ​ជំរុញ​ការ​ចំណាយ ឬ​ហៅ​ថា​ការ​ចំណាយ​របស់​វិស័យ​ឯកជន (Private Consumption) គឺ​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា។ លោក ជា ហួត បន្ថែម​ថា ប្រទេស​កម្ពុជា​អាច​អនុវត្តន៍​គោល​នយោបាយ​នេះ​បាន ប៉ុន្តែ​ការ​ចំណាយ​នោះ ត្រូវ​សមាមាត្រ​នឹង​ចំណូល​ដែល​ពួក​គេ​រក​បាន​ដែរ ដោយ​លោក បញ្ជាក់​ថា ការ​ចំណាយ​លើ​វិស័យ​ឯកជន​នេះ​តំណាង​ឲ្យ ៨៥% នៃ​ផលិតផល​ដុល​សរុប ឬ​ជី.ឌី.ភី (GDP) ហើយ​ការ​ចំណាយ​នេះ​បាន​កើន​ឡើង​ប្រមាណ ១៣% ក្នុង​ឆ្នាំ ២០១១។

របាយការណ៍​អភិវឌ្ឍ​សកល​ឆ្នាំ ២០១១ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រជាជន​ដែល​រក​ចំណូល​បាន ២ដុល្លារ ក្នុង​មួយ​ថ្ងៃ មាន​ប្រមាណ​ជាង ៧លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។