កម្ពុជា​គ្រោង​ដំឡើង​ថ្លៃ​អគ្គិសនី​ដើម្បី​សង​បំណុល​វៀតណាម

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​បញ្ជាក់​ជា​ថ្មី​ថា ទីក្រុង​ភ្នំពេញ និង​ខេត្ត​ដទៃ​ទៀត មិន​អាច​គេច​ផុត​ពី​ការ​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​បាន​ឡើយ លើក​លែង​តែ​ខេត្ត​បាត់ដំបង មួយ ដែល​មិន​ប៉ះពាល់ គឺ​ដោយ​សារ​ខេត្ត​នេះ​បាន​ទិញ​ចរន្ត​អគ្គិសនី​ពី​ប្រទេស​ថៃ។

0:00 / 0:00

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក អ៊ិត ប្រាង បាន​មាន​ប្រសាសន៍​ថា ក្រសួង​នេះ​បាន​អនុញ្ញាតិ​ឲ្យ​អគ្គិសនី​កម្ពុជា (EDC) ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ទៀត នា​ពេល​ឆាប់ៗ​នេះ ដើម្បី​ប្រមូល​ថវិកា​សង​បំណុល​ចំនួន ៦​លាន​ដុល្លារ​អាមេរិក ដែល​អគ្គិសនី​កម្ពុជា បាន​ជំពាក់​វៀតណាម កន្លង​មក។

ភាគី​វៀតណាម បាន​ផ្ញើ​លិខិត​មក​ទាម​ទារ​ប្រាក់​បំណុល​នោះ តាំង​ពី​ខែ​មករា ឆ្នាំ​២០១២ កន្លង​មក​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​សង​នៅ​ឡើយ។

បំណុល​ដែល​វៀតណាម កំពុង​ទាម​ទារ​នោះ គឺ​ដោយ​សារ​តែ​អគ្គិសនី​កម្ពុជា បាន​ទិញ​ចរន្ត​អគ្គិសនី​ពី​ប្រទេស​វៀតណាម ដើម្បី​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​នៅ​កម្ពុជា ដែល​ខ្វះ​ខាត​អគ្គិសនី។

តម្លៃ​ថ្មី​នៃ​ចរន្ត​អគ្គិសនី​នោះ មន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជា​មុន​ទេ រីឯ​ថ្ងៃ​ចាប់​ផ្ដើម​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​នោះ ក៏​មិន​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ ដោយ​សារ​តែ​មន្ត្រី​រូប​នោះ​បាន​ចាត់​ទុក​ថា ស្ថិត​នៅ​ជា​ការ​សម្ងាត់​នៅ​ឡើយ។

តម្លៃ​ចរន្ត​អគ្គិសនី​នៅ​ទីក្រុង​ភ្នំពេញ បច្ចុប្បន្ន មាន​តម្លៃ​ខុស​គ្នា​តិច ឬ​ច្រើន ទៅ​តាម​ចំនួន​ប្រើ​ប្រាស់​អគ្គិសនី ក្នុង​នោះ​មាន​តម្លៃ ៣៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង តម្លៃ ៥៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង និង​តម្លៃ ៧៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។ នៅ​តាម​ខេត្ត​ដទៃ គឺ​មាន​តម្លៃ​ចាប់​ពី ១.២០០​រៀល ឡើង​ទៅ ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក អ៊ិត ប្រាង បាន​មាន​ប្រសាសន៍​បញ្ជាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​ទី​៩ របស់​រដ្ឋាភិបាល​នៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១២ ថា គ្មាន​ថ្ងៃ​ដែល​អគ្គិសនី​កម្ពុជា អាច​បញ្ចុះ​ថ្លៃ​ចរន្ត​អគ្គិសនី​បាន​ឡើយ នៅ​ថ្ងៃ​អនាគត៖ «វៀតណាម គេ​ឡើង ៣០% ហើយ​យើង​ទិញ​ពី​វៀតណាម ១៣០ ឥឡូវ​ឡើង​ដល់ ១៧០។ អីចឹង នឹង​ឡើង​ហើយ គ្មាន​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​នឹង​ភ្លើង​ចុះ អត់​សង្ឃឹម​ទេ ពីព្រោះ​និន្នាការ​នេះ ជា​និន្នាការ​សាកល ឡើង​ទាំង​អស់​គ្នា។ នៅ​កម្ពុជា​នេះ ប្រព័ន្ធ​របស់​កម្ពុជា​នៅ​សល់​ប្រើ​ប្រេង​ហ្នឹង វា​ពាក់​កណ្ដាល។ ខំ​ធ្វើ​វារីអគ្គិសនី​មួយ ថា​បាន​ថោក​បន្តិច ក៏​ប៉ុន្តែ​បូក​ទៅ​គឺ​ទប់​មិន​ឲ្យ​ឡើង​ថ្លៃ​ខ្លាំង​ពេក​ប៉ុណ្ណឹង។ ប៉ុន្តែ​ចាប់​ផ្ដើម​ឡើង​ហើយ ថៃ​ឡើង​ប្រហែល​ជា​ជាង ១០% ប៉ុន្តែ​វៀតណាម ឡើង ៣០%»

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន បាន​មាន​ប្រសាសន៍​រិះគន់​ថា ចរន្ត​អគ្គិសនី​នៅ​ភ្នំពេញ ដាច់​ញឹកញាប់ និង​បន្ត​ឡើង​ថ្លៃ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​ប្រើ​ប្រាស់​ចរន្ត​អគ្គិសនី ជួប​ការ​លំបាក៖ «បើ​និយាយ​ទាំង​អស់​ហ្នឹង សុទ្ធ​តែ​ឡើង​ថ្លៃ​បាន​ទាំង​អស់ ប៉ុន្តែ​ស្រូវ​របស់​ខ្ញុំ​លក់​វិញ វា​មិន​ឡើង​សោះ។ ស្រូវ​របស់​ខ្ញុំ​នេះ លក់​ទៅ​វិញ​មាន​តែ​ចុះ​ថ្លៃ»

ទាក់​ទង​នឹង​បញ្ហា​ថ្លៃ​ចរន្ត​អគ្គិសនី​នេះ​ដែរ ប្រធាន​ក្រុមហ៊ុន ឡូរ៉ង់ (Loran) នាំ​ចេញ​អង្ករ លោក​ឧកញ៉ា លឹម ប៊ុនហេង បាន​មាន​ប្រសាសន៍​ថា តម្លៃ​ចរន្ត​អគ្គិសនី​នៅ​កម្ពុជា គឺ​ថ្លៃ​ជាង​ប្រទេស​ថៃ និង​វៀតណាម ធ្វើ​ឲ្យ​ការ​សម្ងួត​ស្រូវ និង​កែច្នៃ​អង្ករ ចំណាយ​ថវិកា​ច្រើន៖ «ខ្ញុំ​ប្រើ​សព្វ​ថ្ងៃ​នេះ បើ​ក្រោម ៨​ម៉ឺន​គីឡូវ៉ាត់​ម៉ោង ក្រុមហ៊ុន​ខ្ញុំ​ហ្នឹង ក្រោម ៨​ម៉ឺន​គីឡូវ៉ាត់​ម៉ោង នៅ​ក្នុង​តម្លៃ ៨៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់។ បើ​ខ្ញុំ​បាន​ប្រើ​ដល់ ៨​ម៉ឺន​គីឡូវ៉ាត់​ម៉ោង មក​នៅ ៧៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់។ កាល​ដែល​ខ្ញុំ​បាន​សុំ គឺ​សុំ​តម្លៃ ៦០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ ប៉ុន្តែ​ក្រសួង​ថា អត់​បាន»

ប្រទេស​កម្ពុជា បច្ចុប្បន្ន ត្រូវ​ការ​ទិញ​ចរន្ត​អគ្គិសនី ចំនួន ៤៥% ពី​ប្រទេស​ថៃ (Thailand) វៀតណាម (Vietnam) និង​ឡាវ (Lao) ដើម្បី​ផ្គត់ផ្គង់​ការ​ប្រើ​ប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក។

ប្រទេស​កម្ពុជា​តែង​តែ​ខ្វះខាត​ចរន្ត​អគ្គិសនី​យ៉ាង​ខ្លាំង នៅ​រដូវ​ប្រាំង ប៉ុន្តែ​មិន​សូវ​ខ្វះខាត​ច្រើន​ទេ នៅ​រដូវ​វស្សា ដោយ​សារ​តែ​រោងចក្រ​វារីអគ្គិសនី ដែល​ដើរ​ដោយ​កម្លាំង​ទឹក អាច​ដំណើរ​ការ​ផលិត​ថាមពល​អគ្គិសនី​ប្រើ​ប្រាស់​បាន​ជា​បណ្ដើរៗ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។