លោក រ៉ុង ឈុន ស្នើ​ឲ្យ​ក្រសួង​អង្កេត​ករណី​ពុករលួយ​នៅ​ឧត្តរមានជ័យ

សមាគម​គ្រូបង្រៀន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ស៊ើប​អង្កេត​​​​ពី​ភាព​មិន​ប្រក្រតី​នៃ​សកម្មភាព​ទិញ-​លក់​ឈ្មោះ​​​​​គ្រូ​បង្រៀន និង​សកម្មភាព​កិបកេង​ប្រាក់​ខែ​គ្រូ​បង្រៀន​ដែល​បោះបង់​ការងារ​កំពុង​កើត​មាន​ក្នុង​​​មន្ទីរ​អប់រំ​ខេត្ត​​​​រឧត្តមានជ័យ។
ដោយ ដែន អយុធ្យា
2012-02-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រ៉ុង ឈុន ៣០៥
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន
RFA/Ayuthyea

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ផ្ញើ​លិខិត​១​ច្បាប់​ជូន​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ ស្នើ​ជួយ​​ស៊ើប​អង្កេត​ករណី​ពុករលួយ​ដែល​ក្រុម​គ្រូ​បង្រៀន​បាន​ចោទ​ប្រកាន់​ទៅ​លើ​​ប្រធាន​ការិយាល័យ​រដ្ឋបាល​មន្ទីរ​អប់រំ​ខេត្ត​ឧត្តរមានជ័យ។

កិច្ច​អន្តរាគមន៍​នេះ​កើត​មាន​បន្ទាប់​ពី​សមាគម​គ្រូ​បង្រៀន​បាន​ទទួល​សារ​អេឡិចត្រូនិក​ពី​គ្រូបង្រៀន​នៅ​ខេត្ត​ឧត្តរមានជ័យ ស្នើ​ឲ្យ​ជួយ​មាន​វិធានការ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១២។

ខ្លឹមសារ​លិខិត​បាន​ឲ្យ​ដឹង​ថា ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​អប់រំ​ខេត្ត​ឧត្តរមានជ័យ ​បាន​លាក់​ឈ្មោះ​គ្រូ​បង្រៀន​​​​ដែល​បោះបង់​ការងារ​មួយ​ចំនួន​ទុក​បើក​ប្រាក់​ខែ​យក​ខ្លួន​ឯង និង​មាន​គ្រូ​បង្រៀន ២​នាក់​ទៀត ដែល​​បាន​លុប​​​​​​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ ត្រូវ​មន្ត្រី​អប់រំ​នោះ​យក​លក់​ទៅ​ឲ្យ​​​​បុគ្គល​ផ្សេង។

​លិខិត​បាន​បង្ហាញ​ថា លោក កែវ វន្ថា ដែល​ត្រូវ​បាន​លុប​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ត្រូវ​បាន​ប្រធាន​រដ្ឋបាល​មន្ទីរ​អប់រំ​ខេត្ត​ឧត្តរមានជ័យ លក់​ទៅ​ឲ្យ​បុរស​ម្នាក់​ឈ្មោះ រ៉េន ក្នុង​តម្លៃ ១​ពាន់​ដុល្លារ និង​លោក ឈួន ទីន ត្រូវ​លក់​ទៅ​ឲ្យ​លោក ថង សុផល ក្នុង​តម្លៃ ៤០០​ដុល្លារ។

ទាក់ទិន​បញ្ហា​នេះ លោក រ៉ុង ឈុន បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​​ក្រសួង​អប់រំ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​តាម​​​ផ្លូវ​ច្បាប់៖ «ទង្វើ​នេះ​វា​ធ្ងន់ធ្ងរ ហើយ​យើង​ចាត់​ទុក​ជា​អំពើ​ពុករលួយ។ ហើយ​បើ​ក្រសួង​អប់រំ​គ្មាន​យន្តការ​បោស​សំអាត​ជុំវិញ​មន្ត្រី​ខិលខូច​នោះ​ទេ វា​ប៉ះពាល់​ដល់​ដំណើរ​ការ​អប់រំ ហើយ​ធ្វើ​ឲ្យ​គ្រូ​បង្រៀន​ខក​ចិត្ត ដោយសារ​តែ​គាត់​មើល​ឃើញ​បំណាំ​អ្នក​ដឹកនាំ​ដែល​មិន​ល្អ ចេះ​តែ​កេង​ប្រវ័ញ្ច​ពុករលួយ។ វា​ជា​ផ្នែក​មួយ​ប៉ះពាល់​ដល់​ដំណើរ​ការ​បង្រៀន និង​អប់រំ​នៅ​កម្ពុជា»

គ្រូ​បង្រៀន​ខេត្ត​ឧត្តរមានជ័យ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក៏​ចង់​ឃើញ​​​មន្ត្រី​ក្រសួង​អប់រំ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ពី​ភាព​មិន​ប្រក្រតី​កើត​មាន​នៅ​ក្នុង​ស្ថាប័ន​មន្ទីរ​អប់រំ​ខេត្ត​ឧត្តរមានជ័យ ឲ្យ​បាន​ឆាប់។

ទោះ​យ៉ាង​ណា លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​ជុំវិញ​សំណើ​របស់​លោក រ៉ុង ឈុន នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក អ៊ឹង បូរ៉ាត់ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ថា លោក​នឹង​កោះ​ហៅ​ប្រធាន​រដ្ឋបាល​របស់​ខ្លួន​មក​សួរ​នាំ​រក​ការ​ពិត និង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។

លោក អ៊ឹង បូរ៉ាត់ បន្ថែម៖ «បើ​ដឹង បើ​រក​ឃើញ​លក់​ឈ្មោះ ខ្ញុំ​លប់​វិញ​អត់​ឲ្យ​មាន​លក់​ទេ ហើយ​ហៅ​ប្រធាន​រដ្ឋបាល​ការិយាល័យ​រដ្ឋបាល​មក​សួរ​នាំ។ ប៉ុន្តែ​មិន​ទាន់​ដឹង​ទេ មិន​ដឹង​យ៉ាង​ម៉េច ចាំ​ខ្ញុំ​តាម​ដាន​សិន»

លិខិត​សមាគម​គ្រូ​បង្រៀន​បាន​ឲ្យ​ដឹង​ថា លោក កែវ វន្ថា អតីត​គ្រូ​បង្រៀន​នៅ​សាលា​ទទឹង​ថ្ងៃ ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ ត្រូវ​បាន​នាយក​សាលា​នេះ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បំរើ​ការងារ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០០៩។ ប៉ុន្តែ​ឈ្មោះ​នេះ​ត្រូវ​បាន​ប្រធាន​រដ្ឋបាល​មន្ទីរ​អប់រំ ខេត្ត​ឧត្តរមានជ័យ លក់​ទៅ​ឲ្យ​ឈ្មោះ រ៉េន ក្នុង​តម្លៃ ១​ពាន់​ដុល្លារ និង​ឈ្មោះ ឈួន ទីន អតីត​គ្រូបង្រៀន​នៅ​សា​លា​ច្រោក ស្រុក​ត្រពាំងប្រាសាទ ត្រូវ​លក់​​ទៅ​ឲ្យ​ឈ្មោះ ថង សុផល ក្នុង​តម្លៃ ៤០០​ដុល្លារ​អាមេរិក។

ភាព​មិន​ប្រក្រតី​ទាំង​នេះ សមាគម​គ្រូបង្រៀន​ទទូច​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ ចុះ​ពិនិត្យ និង​ស៊ើប​អង្កេត​ចំពោះ​ករណី​អំពើ​ពុករលួយ​ក្នុង​មន្ទីរ​អប់រំ ខេត្ត​ឧត្តរមានជ័យ ឲ្យ​បាន​ឆាប់៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

អំពើពុករលួយនៅក្នុងប្រព័ន្ឋអប់រំជាបញ្ហាត្រូវដោះស្រាយមុនគេ ព្រោះវាបង្ករអោយជៀសឥទ្ធិពលដល់សិស្សកំពុងសិក្សាយ៉ាងខ្លាំង ហើយពេលដែលពួកគចេញទៅបំរើការងារនៅស្ថានប័ន្ថណាមួយ គំរូដ៏អាក្រក់នេះនៅឌិតជាប់តាមខ្លួនរហូត ។ តើរដ្ឋាភិបាលមានសមត្ថភាពដោះស្រាយបញ្ហានេះដែររឺទេ?

Feb 29, 2012 12:38 AM

អ្នក​អាន​អនាមិក

Corruption is equal to cancer when it's is spreading it's hard to cure even by the professional doctors at the well equiped modern hospitals. The entire Cambodia's government systems were affected by cancer and Hun Sen is considered a malpractice, without license physician at the poor equiped clinic.

Feb 28, 2012 08:18 PM

អ្នក​អាន​អនាមិក

Ministry of Education cannot do anything about this unless there is a order from the prime minister. It is practice in Cambodia.

Feb 28, 2012 10:07 AM