លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា គ.ជ.បបានធ្វើវិសោធនកម្មអំពីលក្ខណៈសម្គាល់នៃទម្រង់បញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ប្រើប្រាស់នៅពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងពេលប្រតិបត្តិការបោះឆ្នោត។
ក្នុងលិខិតរបស់គ.ជ.បដែលចេញផ្សាយកាលពីថ្ងៃទី៦ កក្កដា បានបង្ហាញថា ទម្រង់បញ្ជីបោះឆ្នោតផ្លូវការតាមការិយាល័យបោះឆ្នោតនីមួយៗ ដែលបានផលិតកន្លងមក ត្រូវចាត់ទុកជានិរាករណ៍ចាប់ពីពេលធ្វើវិសោធនកម្មនេះតទៅ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (Comfrel) លោក គល់ បញ្ញា បានឲ្យដឹងថា ការធ្វើវិសោធនកម្មនេះ វាមិនមានអ្វីធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធបោះឆ្នោតនៅកម្ពុជាទេ ប៉ុន្តែបញ្ហាដែលសំខាន់នោះ លោក គល់ បញ្ញា បានបញ្ជាក់ដូច្នេះ ៖ «យើងរកឃើញមានបញ្ហាច្រើនដែលត្រូវធ្វើកំណែទម្រង់។ បញ្ជីបោះឆ្នោត មួយ រឿងប្រើប្រាស់ធនធានរដ្ឋ ពីរ ឃើញថា វាមានការរំលោភផ្លូវច្បាប់ ហើយនិងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមិនស្មើភាពគ្នា ដូចថា គណបក្សកាន់អំណាចប្រើច្រើនអ៊ីចឹងទៅ គណបក្សមិនកាន់អំណាចមានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតិចតួច។ ការប្រើប្រាស់ថវិកានៅក្នុងពេលឃោសនាបោះឆ្នោត មិនមានតម្លាភាព យើងមិនដឹងថា ការចាយវាយក្នុងការឃោសនាបោះឆ្នោតហ្នឹងមានទំហំប៉ុណ្ណា!»។
ក្នុងលិខិតរបស់គ.ជ.បដដែល បានឲ្យដឹងអំពីការធ្វើវិសោធនកម្មទម្រង់បញ្ជីការបោះឆ្នោតផ្លូវការ សម្រាប់ប្រើប្រាស់នៅពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដូចជាក្នុងមួយសន្លឹកនៃបញ្ជីបោះឆ្នោតផ្លូវការតាមការិយាល័យបោះឆ្នោតនីមួយៗ ត្រូវមានឈ្មោះអ្នកបោះឆ្នោតយ៉ាងច្រើន ៣៥នាក់ ដែលរៀបតាមលំដាប់អក្ខរក្រមខ្មែរ។ នៅចុងទំព័រខាងក្រោមនៃបញ្ជីបោះឆ្នោតផ្លូវការតាមការិយាល័យបោះឆ្នោតនីមួយៗ ត្រូវដាក់លេខទំព័រ និងនៅចុងក្រោយទំព័រនៃបញ្ជីបោះឆ្នោតតាមការិយាល័យនីមួយៗ ត្រូវមានបញ្ជាក់ចំនួនអ្នកបោះឆ្នោតសរុប មានហត្ថលេខារបស់ប្រធានគ.ជ.ប មានបោះត្រាគ.ជ.ប និងចុះកាលបរិច្ឆេទ ហើយនិងមានចំណុចកែប្រែជាច្រើនផ្សេងទៀត៕
