ទន្ទឹមពេលនេះដែរ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានជំរុញឲ្យអ្នកដែលមិនទាន់ទៅចុះឈ្មោះបោះឆ្នោត សូមប្រញាប់ប្រញាល់ ទៅចុះឈ្មោះបោះ ឆ្នោត តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១១ សុំឲ្យប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ នៅប្រទេសកម្ពុជា ទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗ គ្នា ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១២ ខាងមុខ។
ការអំពាវនាវនេះ នៅគ្រាដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងតែដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះការបោះឆ្នោត ចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១១។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីចែកសញ្ញាប័ត្រ ដល់និស្សិតជាង ៤.០០០ នាក់ នៅឯមជ្ឈមណ្ឌលកោះពេជ្រថា អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ត្រូវតែទៅចុះឈ្មោះបោះឆ្នោត។ ចំណែកឯអ្នកដែលបានចុះឈ្មោះរួចហើយ ត្រូវតែទៅត្រួតពិនិត្យមើលបញ្ជីឈ្មោះ។
លោកបន្តដូច្នេះ៖ «ព្រះសង្ឃណាចង់បោះឆ្នោត គឺទៅចុះឈ្មោះបោះឆ្នោត។ ព្រះសង្ឃក៏ពលរដ្ឋដែរ។ អីចឹងទេ បានអំពាវនាវជាទូទៅ ទោះបីគាំទ្របក្សនយោបាយណាក៏ដោយ ត្រូវតែទៅចុះឈ្មោះ និងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗ គ្នា។ ហើយពេលបោះឆ្នោត ចង់ប្រើសិទ្ធិបោះឆ្នោតឲ្យបក្សណា អាហ្នឹងគឺជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ ចង់បោះឲ្យនរណា គឺបោះឲ្យអ្នកហ្នឹងទៅ»។
លោក ទេព នីថា ជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ លោកមានប្រសាសន៍ថា ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល គឺមានការជំរុញយ៉ាងខ្លាំងមួយដល់ដំណើរការចុះឈ្មោះបោះឆ្នោតឲ្យបានល្អប្រសើរ។
លោក ទេព នីថា៖ «អាចថាវារលូនដែរ។ ប៉ុន្តែ មានបញ្ហាខ្លះរអាក់រអួល ដោយសារគ្រោះធម្មជាតិ ហើយដោយសារបញ្ហាបច្ចេកទេសមួយចំនួន។ តែជាទូទៅ ត្រូវបានដោះស្រាយល្អ។ ពីរបីថ្ងៃនេះ មាននៅខេត្តព្រះសីហនុ មាននៅស្ទឹងត្រែង និងខេត្តសៀមរាប។ តែទោះយ៉ាងណា គ្រាន់តែយើងផ្លាស់ប្ដូរកម្មវិធីពីកន្លែងទឹកលិច ទៅកន្លែងគោកវិញ ហើយយើងធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋជាក្រោយ។ វាខុសផែនការរបស់យើងតែដំណើរការនៅតែដដែល»។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី គឺអ្នកស្រី មូ សុខហួរ មានប្រសាសន៍ថា អ្នកស្រីបានដើរទៅរំលឹកប្រជាពលរដ្ឋ និងយុវជននានា នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យចេញទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះ។ ប៉ុន្តែ អាជ្ញាធរមូលដ្ឋានបានហាមឃាត់។
អ្នកស្រីបន្តថា «បងប្រុសម្នាក់ គាត់ទៅដល់ទីកន្លែងចុះឈ្មោះការបោះឆ្នោតហើយ គ្មានបានចុះឈ្មោះ ហើយគាត់ទៅផ្ទះវិញ។ ហើយម៉ោងប្រហែលជា ១០ កន្លះទេ គឺសុំឲ្យគាត់មកនៅរសៀលវិញ។ គាត់បាននិយាយថា ខ្ញុំជាអ្នករកទទួលទាន។ ខ្ញុំអត់មានពេលវេលាឯណា មកពីរបីដងទេ។ ខ្ញុំធុញនឹងការចុះឈ្មោះបោះឆ្នោតនេះ»។
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១១ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា ចំនួនជាង ៤ សែន ៧ ម៉ឺន ៦ ពាន់នាក់ ត្រូវចុះឈ្មោះបោះឆ្នោត នៅឆ្នាំ ២០១១ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១២។
លោក ទេព នីថា មានប្រសាសន៍បញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត ចាប់តាំងពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ១០ ខែកញ្ញាថ្មីៗ នេះ គឺមានចំនួន ១ សែន ៤ ម៉ឺន ៦ ពាន់ ៧ រយនាក់ហើយ៕
