ថ្នាក់​ដឹកនាំ គ.ជ.ប ជ្រើសតាំង​ឡើង​វិញ ៩ រូប ចូល​កាន់​តំណែង​ក្នុង​​អាណត្តិ​ថ្មី

សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ថ្មី ចំនួន ៩ រូប ដែល​ជ្រើសតាំង​ដោយ​រដ្ឋសភា​ជាតិ បាន​ប្រកាស​ចូល​កាន់​តំណែង​ក្នុង​អាណត្តិ​ថ្មី​របស់​ខ្លួន នៅ​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា។

ប្រធាន គ.ជ.ប អាណត្តិ​ថ្មី បាន​ប្ដេជ្ញា​ថា នឹង​បន្ត​ពង្រឹង​ការ​អនុវត្ត​ការងារ គ.ជ.ប ឲ្យ​បាន​ប្រសើរ​ជាង​មុន និង​ដើម្បី​បង្កើន​ជំនឿ​ទុក​ចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ។

សមាសភាព​ថ្មី​របស់ គ.ជ.ប ដែល​មាន​សមាជិក ២ រូប ជា​អតីត​ចៅក្រម បាន​ចាប់​ផ្តើម​បំពេញ​ការងារ​ក្នុង​អាណត្តិ​ថ្មី​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា​នេះ​ត​ទៅ សម្រាប់​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ ២០១៣ ខាង​មុខ។

លោក អ៊ឹម សួស្ដី ប្រធាន គ.ជ.ប ចាស់ ហើយ​ត្រូវ​ជាប់​ជា​ប្រធាន គ.ជ.ប ក្នុង​អាណត្តិ​ថ្មី​ម្ដង​ទៀត ថ្លែង​នៅ​ក្នុង​ពីធី​ប្រកាស​ចូល​កាន់​តំណែង​ថ្មី ដោយ​សន្យា​ថា លោក​នឹង​បន្ត​ដឹក​នាំ គ.ជ.ប និង​ពង្រឹង​ការងារ គ.ជ.ប បន្ថែម​ទៀត សម្រាប់​ដំណើរ​ការ​នៅ​ពេល​ខាង​មុខ។ លោក​បញ្ជាក់​ថា ចំណុច ៤ ដែល​លោក​នឹង​ពង្រឹង​បន្ថែម ជា​អាទិ៍​មាន ពង្រឹង​ឯករាជ​ភាព​របស់ គ.ជ.ប ភាព​ឥត​លំអៀង ការ​ពង្រឹង​នូវ​ភាព​ពេញលេញ​របស់​ខ្លួន និង​ការ​ធ្វើ​ឲ្យ​មាន​តម្លាភាព។

លោក អ៊ឹម សួស្ដី៖ «គឺ​ពង្រឹង​ថែម​ទៀត នូវ​ឯកភាព។ យើង​មាន​បទ​បញ្ជា និង​នីតិវិធី ដែល​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់ ហើយ​ទន្ទឹម​នឹង​នោះ គឺ​យើង​មាន​ការ​ឯករាជ្យ​ទាំង​រចនាសម្ព័ន្ធ​នឹង​ការ​ចាត់​តាំង។ទី​២ គឺ​ការ​ឥត​លំអៀង គឺ​ភាព​ឥត​លំអៀង។ បាន​សេចក្ដី​ថា រាល់​ការ​សម្រេច គឺ​មិន​ត្រូវ​ឲ្យ​ផ្អៀង​ទៅ​ខាង​ណា​មួយ។ ការងារ​ទី​៣ ដែល​ត្រូវ​ពង្រឹង​បន្ថែម​ដែរ​នោះ គឺ​ការ​ពង្រឹង​នូវ​ភាព​ពេញលេញ​នូវ​ក្នុង​ទស្សនៈ ដែល​ត្រូវ​ធ្វើ​សេចក្ដី​សម្រេច​លើ​វិធានការ និង​គោលការណ៍​ផ្សេងៗ ត្រូវ​អនុវត្តន៍​ឲ្យ​ទៀង​ត្រង់ ច្បាស់លាស់ និង​មាន​សុគត​ភាព។ ចំណុច​ទី​៤ ដែល​ត្រូវ​ពង្រឹង​បន្ថែម​ទៀត​នោះ ការ​ធ្វើ​ឲ្យ​មាន​តម្លាភាព តម្លាភាព​ឲ្យ​បើក​ទូលាយ​ស្មោះត្រង់ បើក​ចំហ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ»។

សមាសភាព​ចំនួន ៩ រូប ដែល​រដ្ឋសភា​បាន​ជ្រើសតាំង​កាល​ពី​ដើម​ខែ​តុលា សម្រាប់ គ.ជ.ប អាណត្តិ​ថ្មី នឹង​ត្រូវ​ព្រះ​មហាក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ចេញ​ព្រះរាជ​ក្រឹត្យ​តែងតាំង​នោះ រួម​មាន លោក អ៊ឹម សួស្ដី ជា​ប្រធាន អ្នកស្រី ស៊ីន ជុំបូ ជា​អនុប្រធាន លោក ហាវ៉ាណ ស៊ីវិល័យ លោក មាន សាទិ លោក ឯម សូផាត លោក សោម ច័ន្ទឌីណា លោក ម៉ៅ សុភារិទ្ធ លោក ស៊ីន ឌឹម និង​លោក សោ សុភរី ជា​សមាជិក។ សម្រាប់​អាណត្តិ​ថ្មី​នេះ នឹង​មាន​រយៈ​ពេល ៥ ឆ្នាំ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា យល់​ឃើញ​ថា ការ​សច្ចា​ប្រណិធាន​របស់​ប្រធាន គ.ជ.ប ថ្មី ជា​ការ​ប្ដេជ្ញា​ចិត្ត​លើក​ដំបូង។ ប៉ុន្តែ​បញ្ហា​សំខាន់ គឺ​ស្ថិត​នៅ​លើ​ការ​អនុវត្ត​ជាក់​ស្ដែង​របស់​គ.ជ.ប ហើយ​សាធារណៈ​មតិ និង​តាម​ដាន​មើល​ថា តើ គ.ជ.ប នឹង​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់ គ.ជ.ប រឺ​ក៏​អត់?

លោក​បណ្ឌិត ហង្ស ពុទ្ធា៖ «បញ្ហា​សំខាន់ គឺ​មិន​ចង់​ឲ្យ​អនុវត្ត​ឲ្យ​លើស​ទេ គឺ​ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ទៅ​តាម​នីតិវិធី​ជា​រឿង​ចាំបាច់ ហើយ​ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់ នឹង​សម្លឹង​ទៅ​លើ​ការងារ​របស់ គ.ជ.ប»។

ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប. តែង​តែ​ទទួល​រង​ការ​រិះគន់​ពី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា មិន​មាន​ឯករាជ​ភាព លម្អៀង​ទៅ​កាន់​គណបក្ស​កាន់​អំណាច។

គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ធ្លាប់​ទាមទារ​ស្នើសុំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​សមាសភាព ដឹកនាំ គ.ជ.ប ថ្មី ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​យុត្តិធម៌ នៅ​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ ២០១៣ ខាង​មុខ។ តែ​សំណើ​នោះ​មិន​ទទួល​ជោគ​ជ័យ​នោះ​ទេ។

ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សមាសភាព​សមាជិក គ.ជ.ប កាល​ពី​ពេល​កន្លង​មក ក៏​មាន​ការ​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា។

ទាំង​គណបក្ស​ប្រឆាំង ទាំង​លោក សុរិយា ស៊ូប៊ែឌី ចង់​ឲ្យ​សមាសភាព គ.ជ.ប ប្តូរ​ចេញ និង​ឲ្យ​មាន​សមាសភាព គ.ជ.ប ថ្មី ដែល​ចេញ​មក​ពី​ចៅក្រម​ចូល​និវត្តន៍​មាន​កិត្តិយស មេធាវី​ចូល​និវត្តន៍​មាន​កិត្តិយស សាស្ត្រាចារ្យ​ច្បាប់​ជាន់​ខ្ពស់​ចូល​និវត្តន៍​មាន​កិត្តិយស ដើម្បី​ធានា​ការ​បោះឆ្នោត នៅ​កម្ពុជា មាន​សេរី និង​យុត្តិធម៌ ដែល​អាច​ទទួល​យក​បាន។ គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ថា ពួក​គេ​មិន​ចូលរួម​ប្រកួត​ការ​បោះឆ្នោត ឆ្នាំ ២០១៣ ឡើយ បើ​សមាសភាព គ.ជ.ប នៅ​តែ​មាន​អ្នក​ដឹក​នាំ​ជា​មនុស្ស​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។