ក្បួនរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ី គឺជាក្បួនធំប្រហាក់ប្រហែលគ្នា ដោយធ្វើដំណើរទៅតាមទិសបញ្ច្រាសគ្នានៅតាមដងវិថីដោយមានអ្នកគាំទ្រជាច្រើនពាន់នាក់ ។
គណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមដោយពិធីជួបជុំធំមួយ នៅទីស្នាក់ការបក្សដែលមានមន្ត្រីកំពូលទាំងបីរបស់បក្សចូលរួមគឺលោក ជា ស៊ីម លោក ហ៊ុន សែន និង លោក ហេង សំរិន ។
មេដឹកនាំគណបក្សប្រជាជនលោក ជា ស៊ីម បានថ្លែងសុន្ទរកថាអំពីកំណើតរបស់បក្សនេះ អំពីស្មារតីថ្ងៃ៧ មករា និងលើកឡើងអំពីគុណបំណាច់នៃការដឹកនាំប្រទេសដើម្បីទាមទារការគាំទ្រ ៖ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្ដេចទាំងបីនៅតែជាប្រមុខដឹកនាំកំពូលរបស់ជាតិ ហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែជានាយករដ្ឋមន្ត្រីដដែល» ។
ក្បួនរបស់គណបក្សប្រឆាំងវិញ ដែលក្រុមអ្នកគាំទ្រមានសម្លៀកបំពាក់អាវស មួកស សញ្ញាភ្លើងទៀន បានធ្វើដំណើរចេញពីទីស្នាក់ការបក្សនៅតំបន់ប៊ូឌីញ ទៅតាមផ្សារនិងចុងក្រោយ ហែព័ទ្ធពីទំនប់ទួលគោក មកតាមមហាវិថីព្រះមុនីវង្ស វិញ ។
សុន្ទរកថារបស់លោក សម រង្ស៊ី ស្តីពីការបង្កើតការងារឲ្យពលរដ្ឋ ការបញ្ចុះថ្លៃទំនិញ និងការព្យាបាលជំងឺដោយមិនបាច់បង់ប្រាក់ ត្រូវបានផ្សាយតាមឧគ្ឃោសនស័ព្ទហូរហែតាមផ្លូវ ។
ក្រុមអ្នកគាំទ្រគណបក្សសមរង្ស៊ី បានបង្ហាញនូវសន្ទុះចិត្តនិងស្នាមញញឹមហ៊ោកញ្ជ្រៀវថា ការមកគាំទ្រគឺដោយសារជឿទៅលើនយោបាយទាំងនេះ ៖ «ប្រទេសខ្មែរយើងមានភាពក្រីក្រច្រើន ដូច្នេះហើយ យើងបោះឆ្នោតឲ្យគណបក្សសមរង្ស៊ី ដើម្បីឲ្យគណបក្សសមរង្ស៊ី ជួយឲ្យប្រទេសក្រក្លាយជាមានវិញបាន» ។
ក្បួនរបស់គណបក្ស នរោត្តម រណឫទិ្ធ មានគ្នាប្រហែល ២០០០នាក់ ភាគច្រើនជាយុវជនក្មេងៗ ។ ពួកគេជួបជុំគ្នានៅមុខរដ្ឋសភា ដោយស្តាប់សារពីមេបក្សរបស់ខ្លួនដោយស្ងាត់ស្ងៀមតាមរយៈទូរស័ព្ទហើយ យូៗម្តង គេឮសំឡេងជ័យឃោសថា «បរាជ័យថ្ងៃ៧មករា» នៅពេលដែលក្រុមនេះ ជួបជាមួយក្បួនរបស់គណបក្សប្រជាជន ។
ក្បួនធំៗបង្គួរពីរទៀត គឺក្បួនដង្ហែរបស់គណបក្សសិទ្ធិមនុស្ស និងគណបក្ស ហ៊្វុនស៊ិនប៉ិច ដែលបានធ្វើដំណើរចែកខិត្តប័ណ្ណ ភាគច្រើននៅតាមផ្សារ ចំណែក គណបក្សផ្សេងៗទៀតមិនឃើញមានឡើយក្នុងការឃោសនាក្នុងក្រុង នាថ្ងៃនេះ ។
អ្នកចូលរួមនៃការដង្ហែគណបក្សខ្លះ ដូចជា គណបក្សប្រជាជន ដែលយើងបានសម្ភាស បាននិយាយថាត្រូវបានគេកេណ្ឌដោយផ្តល់ប្រាក់ចំនួន ១ម៉ឺនរៀល ក្នុងមួយថ្ងៃ ប៉ុន្តែ គណបក្សខ្លះទៀត មិនមានអ្វីឲ្យទេ គឺមកដោយស្ម័គ្រចិត្ត ៕
